Hyundai បញ្ចេញព័ត៌មានលម្អិតអំពីឡាន Santa Fe ឆ្នាំ២០២១ ប្រភេទ Hybrid

  • 2020-07-02 02:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Hyundai Santa Fe ​ស៊េរី​ថ្មី​ត្រូវ​បាន​ក្រុមហ៊ុន​បង្ហាញ​​រូបរាង​ជា​ផ្លូវ​ការ​កាល​​ប្រមាណ ១​ខែ​មុន ដែល​ពេល​នោះ​ក្រុមហ៊ុន​មិន​បាន​ប្រាប់​ព័ត៌មាន​លម្អិត​ច្រើន​នោះ​ទេ។ ពេល​នេះ Hyundai បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ Santa Fe ថ្មី​សម្រាប់​ទីផ្សារ​អឺរ៉ុប​ ដែល​វា​ជា​រថយន្ត Hyundai ដំបូង​​នៅ​អឺរ៉ុប​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន Smartstream ថ្មី​របស់​ក្រុមហ៊ុន។

សម្រាប់​រថយន្ត Hyundai Santa Fe Hybrid មាន​គួប​ផ្សំ​ដោយ​ម៉ាស៊ីន Turbocharged ចំណុះ ១,៦លីត្រ ជា​មួយ​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​ផលិត​កម្លាំង​បាន ៥៩​សេះ។ ប្រភេទ Hybrid នេះ​មាន​ជម្រើស​បើកបរ​ប៉ុង​មួយ និង​ប៉ុង​ពីរ ដោយ​វា​អាច​ផលិត​កម្លាំង​បាន​​ខ្ពស់​បំផុត​ដល់ ២៣០សេះ។

នា​ឆ្នាំ​ក្រោយ​នឹង​មាន​បន្ថែម​ប្រភេទ Plug-in Hybrid ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន Turbocharged ដូច​គ្នា ប៉ុន្តែ​មាន​គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ដែល​មាន​កម្លាំង ៩០សេះ និង​អាគុយ​ចំណុះ ១៣,៨ kWh។ វា​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦​វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ ហើយ​​ប្រព័ន្ធ​នេះ​អាច​បង្កើត​កម្លាំង​បាន ២៦៥​សេះ។

ដោយ​ឡែក អតិថិជន​ដែល​មិន​ពេញ​ចិត្ត​នឹង​រថយន្ត Hybrid ក្រុមហ៊ុន​ក៏​មាន​ផ្ដល់​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត ២,២លីត្រ ដែល​អាច​ផលិត​កម្លាំង​បាន ២០២សេះ ហើយ​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨​វគ្គ ថ្មី ដែល​ក្រុមហ៊ុន​ទើប​ផលិត។

រថយន្ត Santa Fe ថ្មី នឹង​ចេញ​លក់​នៅ​អឺរ៉ុប​នា​ខែ​កញ្ញា​នេះ ចំណែក​សហរដ្ឋអាមេរិក​នឹង​មាន​លក់​នា​ចុង​ឆ្នាំ ២០២០ នេះ​ផង​ដែរ ដោយ​អាច​នឹង​មាន​លក្ខណៈ​សម្បត្តិ​ខុស​គ្នា៕​​​

ប្រភព៖ Motor1   ប្រែ​សម្រួល៖ សុខហេង