ស្វាគមន៌ វត្តមានសត្វទោចម្កុដ គូទី៣ លើទឹកដីអង្គរ សៀមរាប

  • 2020-07-02 07:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយការបន្សាំ អស់រយៈពេល១ឆ្នាំកន្លះ សត្វទោចម្កុដ គូរទី៣ ត្រូវបានអនុញ្ញាតិ អោយយកមកព្រលែង នៅក្នុងរមណីយដ្ឋាន អង្គរ អោយរស់នៅតាមបែបធម្មជាតិ នៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២០។

សត្វទោចម្កុដនេះ ត្រូវបានបន្សាំនៅក្នុងទ្រុងជាមុនសិន ដើម្បីអោយពួកវាស្រលាញ់គ្នា ពិនិត្រសុខភាពថាគ្មានជំងឺ អោយវាចេះសម្របខ្លួននឹងធម្មជាតិ អាកាសធាតុ បរិយាកាស ស្គាល់កន្លែង ខ្លាចមនុស្សតិចតួច មុននឹងព្រលែងពួកវា អោយរស់នៅតាមបែបធម្មជាតិ។ នេះបើតាមការបញ្ជាក់ របស់លោកមិច ម៉ាក នាយកសង្គ្រោះសត្វព្រៃនៃអង្កការសម្ព័ន្ធមិត្តសត្វព្រៃ។

លោកក៏បានបន្ថែមទៀតថា ការសម្រេចចិត្ត ក្នុងការជ្រើសរើសឧន្យានអង្គរ ដើម្បីព្រលែងសត្វទោច ព្រោះតែសត្វទោចម្កុដនេះ ជាសត្វស្លូតបូត ណាមួយព្រៃអង្គរ មានសុវត្ថិភាពល្អ ព្រៃស្អាត ធម្មជាតិល្អ និងមានអាហារគ្រប់គ្រាន់។

លក្ខណៈពិសេសរបស់សត្វទៅចម្កុដនេះគឺ ជាសត្វស្លូតបូត មិនបង្កទុក្ខទោសដល់អ្នកណាម្នាក់ឡើយ ជាសត្វប្រកាន់ដៃគូ ស្មោះត្រង់ រស់នៅជាលក្ខណៈគ្រួសារ មានគម្លាតពីក្រួសារ១ ទៅគ្រួសារ១ ប្រហែល១គីឡូម៉ែត្រកន្លះ អាយុ៦ឆ្នាំ គឺពេញវ័យ មានផ្ទៃពោះ៨ខែ មានកូនម្តង១។

គួរបញ្ចាក់ថា សត្វទោចម្កុដ ចំនួន៣គ្រួសារហើយ ដែលត្រូវបានព្រលែងក្នុងឧន្យានអង្គរ ហើយបញ្ជាក់ម្តងទៀតដែរថា ចំពោះសត្វទោចម្កុដនេះ យើងអាចព្រលែងបានត្រឹមតែ៤គ្រួសារតែប៉ុណ្ណោះ ដោយកន្លងមកក្រុមការងារ បានដាក់កាមេរ៉ាបង្កប់ នៅតាមទីតាំងមួយចំនួន ដើម្បីប្រាកដថា វត្តមានសត្វដែលបានព្រលែងទាំងអស់ គឺនៅមានវត្តមាន។

អាជ្ញាធរជាតិអប្សរា​ និងអង្គការសម្ពន្ធមិត្តសត្វ ព្រៃ រដ្ឋបាលព្រៃឈើ បានព្រលែងសត្វទោចម្កុដបានចំនួន៣ទីតាំងហើយ គឺនៅប្រាសាទតានៃ១គូ មានកូន៣ ខ្លោងទ្វារខ្មោច១គូ មានកូន២ និងគូទី៣ នៅខ្លោងទ្វារតាកាវ ហើយគ្រោងនឹងដាក់គូទី៤ គឺនៅបឹងសន្ធមា។ បន្ថែមពីនោះ ក៏មានព្រលែងសត្វឈ្លូស៤ ក្បាល ស្វាព្រហ្មណ៍១២ក្បាល សំពោចក្រអូប៥ក្បាល និងភេខ្លួនរលោង ៥ក្បាល បច្ចុប្បន្នភេបង្កើតបានកូន២ ហើយ៕

ប្រភព៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ   អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន