Saka បញ្ចប់​ចម្ងល់​រឿង​អនាគត​ស្រពិចស្រពិល​នៅ​ក្លឹប​កាំភ្លើងធំ

  • 2020-07-02 08:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​អនាគត​ស្រពិចស្រពិល​​របស់ Bukayo Saka និង Pierre-Emerick Aubameyang នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​ចុះផ្សាយ​ជា​ហូរហែ​នៅ​លើបណ្ដាញទំព័រ​សារព័ត៌មាន។ ប៉ុន្តែ​មន្ទិលសង្ស័យ​ទាំង​ប៉ុន្មានសម្រាប់ Saka ត្រូវ​បាន​បញ្ជាក់​ច្បាស់​ ក្រោយ​រូប​គេ​បន្ត​កុងត្រា​ជាមួយ​ក្លឹប​រហូត​ដល់​ឆ្នាំ​២០២៤។

តាម​ការ​ចុះ​ផ្សាយ​របស់ Goal កីឡាករ Saka បាន​ធំធាត់​​ជាមួយ​ Arsenal តាំង​ពី​គេ​អាយុ​៧​ឆ្នាំ​ ហើយ​ក្លឹប​បាន​​​​ចំណាយ​ពេល​វេលា និង​ថវិកា​​ជា​​ច្រើន​ ដើម្បី​អភិវឌ្ឍ​គេ​ឱ្យ​ក្លាយ​ជា​កីឡាករ​ដូច​សព្វ​ថ្ងៃ។ គេ​មាន​ឈាមជ័រ​របស់​ក្លឹប ដូច្នេះបើ​យុវជន​អង់គ្លេស​វ័យ​១៨​ចាក​ចេញមែននោះ គ្រូ​បង្វឹក​ដែល​ខំ​បង្រៀន និង​អ្នក​គាំទ្រ​តែង​ឃើញ​ការ​លូតលាស់​របស់​គេ​ច្បាស់​ជា​ខូច​ចិត្ត។ ​

​ក្រោយ​ចប់​ការ​ប្រកួត​​ឈ្នះ ៤-០ លើ Norwich City កាល​ពី​​​យប់​មិញ លោក Arteta គ្រូ​បង្វឹក​​របស់​ក្លឹប​បាន​និយាយ​ថា ៖«គាត់​នៅ​តាំង​ពី​យុវជន គាត់​ទទួល​បាន​ការ​គោរព​តាមរយៈ​ការ​ខិតខំ និង​ទំនួល​ខុសត្រូវ ហើយ​អ្នក​ហើយ​ថា គាត់​បាន​អភិវឌ្ឍ​ក្លាយ​ជា​កីឡាករ​ម្នាក់​»។

ឈ្នះ​លើ Norwich City ៤-០ Saka មិន​ត្រូវ​បាន​ Arteta យក​មក​ប្រើ​ទេ​កាល​ពី​យប់​មិញ បន្ទាប់​ពី​​រូប​គេ​បង្ហាញ​ខ្លួន​បាន​៣៣​ប្រកួត គ្រប់​កម្មវិធី​ប្រកួត​របស់ Arsenal ក្នុង​រដូវកាល​នេះ​។ គេ​រក​បាន​៣​គ្រាប់ និង​បញ្ជូន​បាល់​បាន​១១​លើក​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី ដែល​ជា​តួ​លេខ​​ល្អ គ្មាន​យុវជន​ណា​អាច​ធ្វើ​បាន​ទេ ក្រៅ​ពី​កីឡាករ Cesc Fabrega ចាប់​តាំង​ពី​​រដូវ​កាល ២០០៦-២០០៧​មក។

ចំណែក​​អនាគត​ខ្សែ​ប្រយុទ្ធ Aubameyang ដែល​រក​បាន​ពីរ​គ្រាប់​យប់​មិញ នៅ​រ៉េ​ដូច​ចុង​ស្រល់​នៅ​ឡើយ ប៉ុន្តែ​យ៉ាងណា Arteta នៅ​តែ​គិត​វិជ្ជមាន​ថា ជម្រើស​ជាតិ​ហ្គាបុង នឹង​បន្ត​នៅ​ក្រុម​កាំភ្លើង​ធំ​ទៀត ក្រោយ​គេ​ក្លាយ​ជា​កីឡាករ Arsenal ​រក​គ្រាប់​បាន ​​៥០​គ្រាប់​លឿន​បំផុត​នៅ Premier League៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម