មកដឹង​កំណត់ត្រា​គួរ​ឲ្យចាប់អារម្មណ៍ ៥ ក្រោយ​ Man Utd ស៊ុត ៥គ្រាប់យប់មិញ

  • 2020-07-05 07:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបិសាចក្រហម Manchester United បានបំបាក់ Bournemouth ៥-២ ក្នុងសប្ដាហ៍ទី ៣២ នៃ​លីគ​កំពូល​អង់គ្លេសយប់មិញនេះ។ ៥គ្រាប់​របស់​ក្រុម​លោក Ole Gunnar Solskjaer ស៊ុត​បញ្ចូលទី​ដោយខ្សែប្រយុទ្ធ​ វ័យ ១៨ឆ្នាំ Mason Greenwood (២គ្រាប់), Marcus Rashford, Anthony Martial និង Bruno Fernandes។

ខាងក្រោមនេះ ជាស្ថិតិគួរ​ឲ្យចាប់អារម្មណ៍ ៥ ដែលកើតឡើង​ក្រោយ​ការ​ប្រកួតនេះ៖

  • នេះជាលើកដំបូង​ដែល​ United អាច​ស៊ុត​បាន ៥គ្រាប់​ក្នុង​១ប្រកួត​នៅ Premier League គិត​ចាប់តាំង​ពី​ឈ្នះ Cardiff ៥-១ កាលពីខែធ្នូ ឆ្នាំ២០១៨ មក។

  • ជ័យជម្នះនេះ បាន​បង្កើន​កំណត់ត្រា​មិន​ចាញ់​សោះ​របស់បិសាចក្រហម ដល់ ១៦ប្រកួត​ជាប់គ្នា គិត​ចាប់តាំង​ពី​ថ្ងៃទី២២ ខែមករាមក។

  • Martial និង Rashford បានស៊ុត​បញ្ចូលទី ២០គ្រាប់​ដូចគ្នា​ក្នុង​រដូវកាលនេះ រីឯ Greenwood ស៊ុត​បាន ១៥គ្រាប់ (សរុបទាំង ៣នាក់ ៥៥គ្រាប់) ច្រើន​លើស​ខ្សែប្រយុទ្ធ​ទាំង ៣ របស់ Liverpool (Mohamed Salah, Sadio Mane និង Roberto Firmino) ដែល​ស៊ុត​សរុប​ទាំង​៣នាក់ ៥១គ្រាប់។

  • នេះជាលើកដំបូង​ដែល Man Utd បានឈ្នះនៅ Premier League ៣ប្រកួត​ជាប់គ្នា ក្នុង​រដូវកាលនេះ។

  • Man Utd នៅតែមិនអាចស៊ុត​បាន ៦គ្រាប់​ក្នុង​១ប្រកួត គិត​ចាប់តាំងពីឆ្នាំ ២០១១ មក។ កំណត់ត្រា​នេះ ស្ទើតែត្រូវបានបញ្ចប់ទៅហើយ ប៉ុន្តែបាល់១គ្រាប់​ទៀតរបស់ Rashford ជា​បាល់ offside ខណៈ​អ្នកចាំទីរបស់ Bournemouth បានសង្រ្គោះ​បាល់​ពីការស៊ុត​របស់ Pogba និង Bruno។

Greenwoood អបអរ​ក្រោយ​ស៊ុត​បញ្ចូលទី

សូមបញ្ជាក់ថា ៣ពិន្ទុ​បន្ថែម​នេះ ធ្វើ​ឲ្យ Man Utd ឈរ​នៅ​លេខ ៥ ដដែល ប៉ុន្តែ​បន្ត​ដេញ​ប្រកៀក​តំបន់ Top 4 ដោយចាញ់ក្រុមលេខ៤ Chelsea តែ ២ពិន្ទុ និងចាញ់ក្រុមលេខ ៣ Leicester តែ ៣ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ក្រុមទាំង ៣ នៅសល់ ៦​ប្រកួត​ដូចគ្នា៕

ទស្សនា​វីដេអូហាយឡាយ​នៃការាប្រកួត ខាងក្រោម៖

(រូបភាពពី page Facebook "Manchester United" , វីដេអូពី Channel YouTube "Manchester United")