Zidane ​ថា​អត់​ដូរ​សោះ ​រឿង​ថា​ឱ្យ​អាជ្ញាកណ្ដាល​កាន់ជើង Real Madrid ​

  • 2020-07-06 04:32:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម ​Athletic Club ​ក្នុង​លទ្ធផល ១-០ ​កាល​ពី​ម្សិលមិញ​មក ​មាន​ការ​រិះគន់​ជា​ច្រើន​ថា​អាជ្ញាកណ្ដាល​កាន់​ជើង​ក្រុម Real Madrid ​នៅ​រដូវ​កាល​នេះ​។

​ការ​អះអាង​ថា​អាជ្ញាកណ្ដាល​កាន់​ជើង​នេះ ​គឺ​កើត​ឡើង​ក្រោយ​ពី​ក្រុម Real Madrid ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ​២​ប្រកួត​ជាប់​គ្នា​តែ​ម្ដង​នៅ​ចុង​ម៉ោង ​ហើយ​ក៏​ជា​បាល់​នាំ​ឱ្យ​ពួកគេ​ទទួល​បាន​ជ័យជម្នះ ទាំង​ពីរ​ប្រកួត​នោះ​ដែរ។ ​ការ​រិះគន់​បែប​នេះ​ហើយ បាន​ធ្វើ​ឱ្យ​លោក Zidane ​អ្នក​ចាត់ការ​ក្រុម​អធិរាជ​ស ​និយាយ​ថា​លោក​ហត់​នឿយ​ចំពោះ​ការ​ឮ​ដំណឹង​បែប​នេះ​ណាស់ ព្រោះ​ឱ្យ​តែ​ក្រុម Real Madrid ​ឈ្នះ​គឺ​ចោទ​អាជ្ញាកណ្ដាល​កាន់​ជើង តែ​មិន​បាន​មើល​ការ​ខិតខំ​របស់​កីឡាករ​នោះ​ទេ។

​អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​ខាង​លើ​និយាយ​ទៀត​ថា​៖ “វា​មិន​ប្ដូរ​ទាល់​តែ​សោះ ប៉ុន្តែ​ក្រុម​កីឡាករ​គួរ​តែ​ទទួល​បាន​​ការ​គោរព​​។ គ្មាន​នរណា​ម្នាក់​នឹង​អាច​យក​គំនិត​របស់​យើង​ពី​គោលដៅ​យើង​បាន​ឡើយ។ ខ្ញុំ​កំពុង​តែ​ហត់​នឿយ​ខ្លាំង ចំពោះ​ការ​ឮ​រឿង​ថា​យើង​ឈ្នះ​ដោយសារ​អាជ្ញាកណ្ដាល”។

​សូម​បញ្ជាក់​ថា​ក្រុម Real Madrid ​កំពុង​នាំ​មុខ​ក្រុម FC Barcelona ​ដល់​ទៅ​៤​ពិន្ទុ ​ហើយ​ការ​ប្រកួត​នៅ​សល់​តែ​៤​ប្រកួត​ទៀត​ប៉ុណ្ណោះ។ ​៤​ប្រកួត​នោះ​ដែរ ​ក្រុម​របស់​លោក Zidane ​ត្រូវ​ការ​តែ​៨​ពិន្ទុ​ប៉ុណ្ណោះ ​ដើម្បី​ក្លាយ​ជា​ជើង​ឯក La Liga ​នៅ​រដូវកាល​នេះ៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ