លើក​នេះ! យឹម តាស្រង់ សម្រេច​កែ​បទ តន់ ច័ន្ទសីម៉ា ហើយ​ទាញ​តារា​ថៃ​ចូល!

  • 2020-07-07 02:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក យឹម តា​ស្រង់ ដែល​ជា​នាយក​ចាត់​ការ​ទូទៅ​ផលិតកម្ម Galaxy Navatra បាន​សម្រេច​ចិត្ត​ធ្វើ​រឿង​ថ្មី និង​ប្លែក​មួយ ដោយ​បាន​កែ​បទ​ចម្រៀង​បទ​ចម្រៀង​ដ៏​ល្បី​របស់ តន់ ច័ន្ទសីម៉ា មួយ​បទ​ហើយ​ទាញ​តារា​ចម្រៀង​ល្បី​ម្នាក់​របស់​ថៃ​ចូល គឺ​លោក ខាំផែង។

នៅ​ក្នុង​ផែន​ការ​នេះ ទើប​ប៉ុន្មាន​ថ្ងៃ​កន្លង​មក គេ​ឃើញ​តារា​ថៃ ស៊ែក ឈុមផែ ម្ចាស់​បទ "ខាំផែង” បាន​លេច​មុខ​ក្នុង​ប្រទេស​កម្ពុជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ជាមួយ​ក្រុម​ការងារ​របស់​ផលិតកម្ម​ខ្មែរ​ខាង​លើ។ តាម​ការ​បញ្ចេញ​ឲ្យ​ដឹង​ថ្នាក់​ដឹកនាំ​ផលិតកម្ម​លោក យឹម តាស្រង់ បញ្ជាក់​ថា លោក​បាន​សម្រេច​នាំ​យក​តារា​ថៃ​ខាង​លើ មក​ច្រៀង​រួម​គ្នា​ក្នុង​បទ​ចម្រៀង​មួយ​បទ​ដែល​ដើម​ឡើយ គឺ​ជា​បទ​របស់ តន់ ច័ន្ទសីម៉ា ច្រៀង​តែ​ឯង។

បទ​នោះ​មាន​ចំណង​ជើង​ថា "ចូល​ដណ្ដឹង​អូន​ទៅ!”។ នេះ​គឺ​ជា​ការងារ​ដំបូង​បំផុត​របស់ Galaxy ក្នុង​ការ​នាំ​យក​តារា​ចម្រៀង​ល្បី​ថៃ​មក​ចូល​រួម​ជាមួយ​តារា​ចម្រៀង​ក្នុង​ផលិតកម្ម។ តា​ស្រង់ ប្រាប់​ថា បទ​នេះ សីម៉ា បាន​បង្ហើរ​សំនៀង​ធ្វើ​ឲ្យ​ល្បី​ខ្លាំង​រួច​មក​ហើយ​នៅ​ក្នុង​ស្រុក ចាប់​តាំង​ពី​​ចេញ​នៅ​លើ​យូធូប​មក។ ដោយ​សារ​ចង់​ផ្ដល់​រសជាតិ​ប្លែក​ដល់​ប្រិយមិត្ត​របស់ Galaxy និង​ផ្ដល់​បទ​ពិសោធន៍​ថ្មី​ដល់ សីម៉ា ផង ទើប​លោក​សម្រេច​កែ​បទ​នេះ ទៅ​ជា​បទ​ច្រៀង​ឆ្លង​ឆ្លើយ​វិញ ដោយ​ឲ្យ សីម៉ា ច្រៀង​ឆ្លងឆ្លើយ​ជាមួយ​តារា​ថៃ ខាំផែង។

បទ​នេះ​ដំណើរ​ការ​ផលិត​ទៅ​យ៉ាង​រលូន ខណៈ​ក្រុម​ការងារ​ទាំង​អស់​ក៏​រីករាយ​ជាមួយ​បទ​ថ្មី​នេះ។ យឹម តាស្រង់ បញ្ជាក់​ថា តារា​ថៃ​ក៏​រីករាយ​ចំពោះ​កិច្ចការ​នេះ ពោល​គឺ​ភាគី​ទាំង​សងខាង ពេញ​ចិត្ត​ទាំង​ព្រម។ ក្រោយ​ពី​បាន​បញ្ចប់​ការ​ថត​តែ​ប៉ុន្មាន​ថ្ងៃ បទ "ចូល​ដណ្ដឹង​អូន​ទៅ" របស់ សីម៉ា និង ខាំផែង គ្រោង​នឹង​ចេញ​ចែក​ជូន​ប្រិយមិត្ត​បាន​ទស្សនា និង​ស្ដាប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra ថ្លែង​ថា បន្ទាប់​ពី​បទ "ចូល​ដណ្ដឹង​អូន​ទៅ" នេះ​បាន​ចេញ​ផ្សាយ​ហើយ ​ប្រិយមិត្ត ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​តារា​ចម្រៀង​ទាំង​ពីរ នឹង​ពេញ​ចិត្ត ហើយ​គាំទ្រ​ខ្លាំង​ដូច​បទ​ដំបូង​ដែល​ច្រៀង​ដោយ តន់ ច័ន្ទសីម៉ា តែ​ម្នាក់​ឯង​ដូច្នេះ​ដែរ៕

អត្ថបទ៖ ទារិកា