អ្នកផលិតបទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» ទទួលស្គាល់កំហុស និងសន្យាសុំទោសជាសាធារណៈ

  • 2020-07-07 03:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់ផលិតកម្ម មរតកមេឌៀ (Morodok Media) និងអ្នកនិពន្ធបទចម្រៀង និងជាអ្នកចំរៀង បានធ្វើកិច្ចសន្យាចំនួន ៦ចំណុច ដោយក្នុងនោះបានសន្យានឹងសុំទោសជាសាធារណៈផងដែរ។ ការទទួលកំហុស និងធ្វើកិច្ចសន្យានេះ បន្ទាប់ពីអ្នកទាំងពីរបានចូលរួមកិច្ចប្រជុំមួយតាមការកោះហៅពី ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ នៃក្រសួងវប្បធម៌ និងគណៈកម្មការផ្សេងទៀត នៅក្រសួងវប្បធម៌ កាលពីថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ។

លោក សយ រតនា កើតនៅឆ្នាំ១៩៩២ មានទីលំនៅផ្ទះលេខ០០៣ ភូមិតាង៉កស្រែ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ជាអ្នកនិពន្ធទំនុកច្រៀង និងជាអ្នកចម្រៀង និងលោក ឈួន សុខលីម ម្ចាស់ផលិតកម្ម មរតកមេឌៀ (Moradok Media) ជាអ្នកគ្រប់គ្រង និងដឹកនាំផលិត «អ្នកព្រៃវែងអាក្រក់ត្រង់ណា» បានធ្វើកិច្ចសន្យាចំនួន៦ចំណុច ដូចខាងក្រោមនេះ៖

  • ១. បញ្ឈប់ការនិពន្ធ ឬ/និង ផលិតបទចម្រៀងដែលបង្កឲ្យមានការរើសអើងដល់សង្គមជាតិ ឬ/និង បង្កភាពញុះញង់នាំឲ្យមានផលប៉ះពាល់ដល់សេចក្ដីសុខ សុវត្ថិភាពសង្គម ឬ/និង ប៉ះពាល់ដល់ទំនៀមទម្លាប់ ប្រពៃណី សីលធម៌សង្គម និងកិត្យានុភាពជាតិ។

  • ២. លុបបទចម្រៀង «អ្នកព្រៃវែងអាក្រក់ត្រង់ណា» ចេញពី (Channel YouTube) ដែលមានឈ្មោះ Morodok Media ចេញពីបណ្ដាញ (YouTube) និងគ្រប់បណ្ដាញសង្គម ចាប់ពីពេលនេះតទៅ ហើយសន្យាសំណូមពរឲ្យគ្រប់បណ្ដាញសង្គមឈប់បន្ដផ្សព្វផ្សាយ និងចែកចាយ។

  • ៣. ធ្វើការសុំទោសប្រជាពលរដ្ឋ និងមហាជនជាសាធារណៈ ចំពោះកំហុសឆ្គងដែលខ្ញុំបាទបាទបានប្រព្រឹត្តិនាពេលកន្លងមក

  • ៤. បញ្ឈប់រាល់សកម្មភាពផលិតស្នាដៃភាពយន្ត ឬចម្រៀងកាយវិកា ដែលគ្មានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

  • ៥. យល់ព្រមធ្វការចុះបញ្ជីឈ្មោះផលិតកម្ម មរតកមេឌាឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ព្រមទាំងគោរពអនុវត្តតាមអនុក្រឹត្យស្ដីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត

  • ៦. សន្យាប្រើប្រាស់ ចំណេះ ជំនាញ ព្រមទាំងទេពកោសល្យ ដែលខ្ញុំបាទមាន មកចូលរួមក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណី ទំនៀមទំម្លាប់ លើកកម្ពស់សីលធម៌សង្គម និងកិត្យានុភាពជាតិ។

សូមអានកិច្ចសន្យាទាំងស្រុងនៅខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម