ឈុន សុធារ័ត្ន៖ អនាគត ដាវីន នឹង​ក្លាយ​​ជា​​ស្នូល​​របស់​​បឹងកេត​និង​ជម្រើស​ជាតិ

  • 2020-07-07 04:00:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្វឹកឈុតយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​បឹង​កេត ឈុន សុធារ័ត្ន បាន​បញ្ជាក់​ប្រាប់​ Sabay នៅ​ព្រឹក​មិញនេះថា ​លោក​ទើប​ជ្រើសបាន​យុវជន​ម្នាក់ទៀតឈ្មោះ វ៉ាំង ដាវីន មក​ពី​ខេត្ត​កំពង់​ឆ្នាំង​​។ បើ​តាមសម្ដី​របស់​គ្រូបង្វឹក​រូប​នេះ ដាវីន មាន​សមត្ថភាពនិង​ទេពកោសល្យ ហើយ​លោក​រំពឹង​រូបគេ​នឹង​អភិវឌ្ឍខ្លួន​ ក្លាយ​ជា​កីឡាករ​ស្នូលមួយ​រូបរបស់​ក្លឹប និង​ជម្រើស​ជាតិ​កម្ពុជានាថ្ងៃ​អនាគត។

លោកគ្រូ ឈុន សុធារ័ត្ន

លោកគ្រូ ឈុន សុធារ័ត្ន បញ្ជាក់បែប​នេះ ៖«ថ្ងៃអនាគតខ្ញុំសង្ឃឹមថា គាត់ជាស្នូលមួយរបស់ក្រុមបឹងកេត និងជំរេីសជាតិផងដែរ ប៉ុន្តែ​ឥឡូវនេះគាត់ត្រូវការពេលវេលាច្រេីន ដើម្បី​យល់​ដឹង​ពីបាល់ទាត់សិន»។

អតីត​កីឡាករ​ជម្រើស​ជាតិ​កម្ពុជារូប​នេះ បាន​រៀបរាប់​​ថា អ្នកគ្រប់គ្នា​អាច​នឹង​ភ្ជាក់​ផ្អើល​ ចំពោះការ​លេង​របស់ វាំង ដាវីន ព្រោះគេ​ជា​យុវជន​មាន​ទេពកោសល្យ មាន​ភាព​ឆ្លាត​វ័យ លេង​ប្រកបដោយ​ទំនុក​ចិត្ត ជាពិសេស​គេអាច​ប្រើជើង​ឆ្វេងស្ដាំ​បាន​យ៉ាង​ល្អ។

ខ្សែបម្រើដែល​វិវឌ្ឍខ្លួនមក​ជា​គ្រូបង្វឹកដដែល​ ពន្យល់​ទៀត​ថា ៖«គាត់​ជា​យុវជន​ម្នាក់​ដែល​មានទេពកោសល្យ លេងដោយមានទំនុកចិត្តខ្ពស់ ខ្ញុំជឿជាក់ថាការបង្ហាញខ្លួនរបស់គាត់ នឹងអាចធ្វេីឱ្យពួកយេីងភ្ញាក់ផ្អេីល គាត់​មាន​ភាព​​វៃឆ្លាត...គាត់​អាច​ប្រើ​ជើង​ទាំងសងខាងបាន។ ចំពោះ​ល្បឿន​គឺគាត់​មាន​ល្បឿនលឿន ហើយ​អ្វី​ដែល​ខ្្ញុំ​គិតគឺ​ គាត់​អាច​មាន​អនាគត​ល្អ​ ចំពោះ​វិស័យ​បាល់​ទាត់យើង»។

យុវជន វ៉ាំង ដាវីន

គួរ​បញ្ជាក់ថា វ៉ាំង ដាវីន ជាអតីតសមាជិកក្រុមពន្លៃថោន​ និងជាសមាជិកក្រុម​ជេីងឯកបាល់ទាត់សិស្សវិទ្យាល័យទូទាំងខេត្តកំពង់ឆ្នាំង ហើយថ្មីៗ​នេះក្រោយធ្វើតេស្ត​សមត្ថភាពបាន​៤​ថ្ងៃ គេ​ត្រូវបាន​ក្លឹប​បាល់ទាត់​បឹងកេត​ ជ្រេីសរេីសឲ្យចូលរួមក្នុងក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំតែ​ម្ដង​៕ ​

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម