ដាវ នីម លើក​២​ចំណុច​ធ្វើ​ឱ្យ​គេ​ពិបាក​រក​គ្រាប់​បាល់ក្នុងរដូវកាលនេះ

  • 2020-07-08 03:32:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិរីវង់សុខសែនជ័យ ជួបក្រុមខ្លាំងៗមិនទទួលបាន​លទ្ធផល​ល្អ គឺជាឧបសគ្គធំ​ដែលខ្សែ​ប្រយុទ្ធ​ ដាវ នីម ចាត់ទុក​ជា​កត្តាចម្បងទីមួយ ធ្វើឱ្យគេពិបាកក្នុងការ​រកគ្រាប់​បាល់ នៃការ​ប្រកួត​ដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា នា​រដូវ​កាល​នេះ។

ដាវ នីម vs នគរបាលជាតិ (រូបភាពគិរីវង់សុខសែនជ័យ)

ចាប់តាំងពីលេង​ដើមរដូវកាល រហូត​ដល់​ថ្ងៃ​លីគត្រូវបាន​ពន្យារពេល ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្ត​តាកែវ ជួប​សុទ្ធ​តែ​ក្រុម​ខ្លាំងៗ​ដូច​ជា អាស៊ីអឺរ៉ុបយូណាយ​ធីត ព្រះខ័នរាជស្វាយរៀង អង្គថាយហ្គឺរ វិសាខា និងណាហ្គាវើលដ៍ ដោយ​ពួកគេ​មិន​ទាន់​ស្គាល់​ពាក្យ​​​ឈ្នះ​នៅ​ឡើយ ពោល​គឺបាន​ត្រឹមស្មើមួយប្រកួត​ប៉ុណ្ណោះ។ លុះកាល​ពី​ថ្មីៗ​នេះ ក្រុម​មាន់​គកបាន​ឈ្នះលើក្លឹប​នគរបាលជាតិ ក្នុង​លទ្ធផល ៣-១ ស៊ុតបញ្ចូលទីដោយ សុច រដ្ឋា កីឡាករ ដាវ នីម និង Duorado។

កីឡាករខ្មែរ-បរទេស លេង​មិន​សូវ​យល់ចិត្ត ស៊ីចង្វាក់គ្នា និងខ្វះសាមម្គីភាពលើទីលាន​ ជាឧបសគ្គទី២ សម្រាប់ខ្សែប្រយុទ្ធដាវនីម​។

ដាវ នីម ប្រាប់ថា ៖«ពេលចាប់​ផ្ដើម​ចូលលេងលីគក្លឹបខ្ញុំប៉ះក្រុមខ្លាំងៗ ហើយ​ទី​២កីឡាករ​ខ្មែរនិង​បរទេស​មិន​ទាន់​ស៊ីចង្វាក់​គ្នា ការសាមគ្គី​គ្នា​លើ​តារាងមិន​ទាន់​មាន និយាយរួមទៅកីឡាករខ្មែរនិងបរទេស មិន​ទាន់​យល់ចិត្ត​គ្នា»។

កីឡាករធ្លាប់ជាប់ជម្រើសជាតិ ដាវ នីម ទើបរកបាន​តែ​ពីរគ្រាប់​ប៉ុណ្ណោះក្នុង​រដូវកាល​ឆ្នាំ២០១៩-២០២០ ដោយបានស៊ុត​បញ្ចូល​ទី​លើ​ក្រុមព្រះខ័នរាជស្វាយរៀងមួយគ្រាប់ និងនគរបាលជាតិមួយគ្រាប់។ ចំណែក​រដូវកាល​មុន រូបគេ​ជាអ្នករកគ្រាប់​បានច្រើនបំផុតប្រចាំក្រុមមាន់គក (Top Scorer) គឺរហូត​ដល់ ​១៥​ គ្រាប់ឯណោះ៕

ដាវ នីម Vs ព្រះខ័នរាជស្វាយរៀង (រូបភាពគិរីវង់សុខសែនជ័យ)

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម