មកដឹងតម្លៃឡាន Corolla SUV ទើបចេញលក់នៅថៃ

  • 2020-07-10 08:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ Toyota បាន​ប្រកាស​ចេញ​រថយន្ត​ Toyota Corolla Cross ជា​រថយន្ត SUV ខ្នាត​តូច​ថ្មី​ ដែល​​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​ថៃ​មុន​គេ ជា​មួយ​តម្លៃ​មាន​ចន្លោះ​ពី​ប្រមាណ ៣១ ៨០០ដុល្លារ ទៅ ៣៨ ៥០០​ដុល្លារ។

ចំពោះ​ទំហំ​របស់ Toyota Corolla Cross គឺ​ស្ថិត​នៅ​ចន្លោះ​នៃ​រថយន្ត C-HR និង RAV4 ដោយ​វា​មាន​ប្រវែង​ ៤៤៦០​ម.ម ទទឹង ១៨២៥ម.ម និង​មាន​កម្ពស់​ ១៦២០​ម.ម។ ចំណែក​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​គឺ​ដូច​គ្នា​នឹង​រថយន្ត C-HR ដែល​មាន​ប្រវែង ២៦៤០ម.ម។

សម្រាប់​ទីផ្សារ​ប្រទេស​ថៃ រថយន្ត Corolla Cross គឺ​ស្ថិត​នៅ​លំដាប់​ថ្នាក់​ជា​មួយ​រថយន្ត​ Honda HR-V, Mazda CX-30 និង Nissan Kicks ជា​ដើម។

រថយន្ត​នេះ​មាន​លក់​នៅ​ថៃ ដោយ​មាន​ជម្រើស​ពីរ​ប្រភេទ​ ដែល​ទី​មួយ​គឺជម្រើស​ម៉ាស៊ីន ១,៨លីត្រ កម្លាំង ១៤០សេះ ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ។ ទីពីរ​គឺ​ជម្រើស​ម៉ាស៊ីន​ Hybrid ដែល​គួប​ផ្សំ​ដោយ​ម៉ាស៊ីន​សាំង​ចំណុះ ១,៨លីត្រ កម្លាំង ៩៨សេះ ជា​មួយ​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​ផលិត​កម្លាំង​បាន ៧២សេះ​បន្ថែម​ទៀត។ ម៉ាស៊ីន​ Hybrid នេះ​មាន​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​ត្រឹម ៤,២៩លីត្រ ក្នុង ១០០គ.ម។

សម្រាប់ Option វិញ​គឺ​មាន​បួន​ប្រភេទ ដែល​មាន 1.8 Sport តម្លៃ​ប្រមាណ ៣១ ៨០០​ដុល្លារ, ទី​ពីរ Hybrid Smart មាន​តម្លៃ​ប្រមាណ ៣២ ៧០០​ដុល្លារ, ទី​បី Hybrid Premium មាន​តម្លៃ​ប្រមាណ ៣៥ ០០០​ដុល្លារ និង Hybrid Premium Safety ដែល​មាន​តម្លៃ​ប្រមាណ ៣៨ ៥០០​ដុល្លារ៕​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង