អភិបាលស្រុកបន្ទាយស្រីសាក«ជិះកង់កម្សាន្តនៅក្នុងឧទ្យានអង្គរ»កំពុងល្បីនៅក្នុងខេត្តសៀមរាប

  • 2020-07-13 04:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយះហ្វេសប៊ុកផេករបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹមហ្វីណង់ កាលពីម្សឹលមិញបានសរសេររៀបរាប់ថា បានសាក «ជិះកង់កម្សាន្តនៅក្នុងឧទ្យានអង្គរ» ហើយរឺនៅ?៖ ទម្លាប់ថ្មីកំពុងល្បីនៅក្នុងខេត្តសៀមរាប ដែលភ្ញៀវទេសចរទាំងអស់គួរតែមកដកស្រង់យកបទពិសោធន៍យ៉ាងហោចណាស់អោយបានម្តង។

លោកបន្ថែមថា ទីបំផុតខ្ញុំបានសាកនឹងគេហើយ ទាំងសៅរ៍ទាំងអាទិត្យតែម្តង ដោយថ្ងៃនេះបានចូលរួមជាមួយឯកឧត្តមអភិបាលខេត្ត ទៀ សីហា ដែលតែងតែជំរុញ និងចូលរួមដោយផ្ទាល់ក្នុងសកម្មភាពជិះកង់ក្នុងខេត្ដនាពេលកន្លងមក។ ពិតជាសប្បាយប្លែកអារម្មណ៍ដូចគេល្បីមែន! តែកុំទាន់ជឿខ្ញុំអី មកសាកមើលខ្លួនឯងសិន ចាំដាក់ពិន្ទុអោយតាមក្រោយ។

ជារៀងរាល់ថ្ងៃ ខ្លះចាប់ផ្តើមតាំងពីព្រឹកព្រលឹមមុនព្រះអាទិត្យរះ ហើយខ្លះទៀតជ្រើសយកពេលល្ងាចមុនពេលថ្ងៃរៀបលិច គេតែងតែឃើញមានអ្នកសៀមរាបរាប់រយនាក់ នាំគ្នាជិះកង់កម្សាន្តទៅកាន់តំបន់នានានៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងតំបន់ឧទ្យានអង្គរនេះតែម្តង ព្រោះវាស្អាត ត្រជាក់ ខ្យល់អាកាសបរិសុទ្ធ និងតាមផ្លូវអមទៅដោយដើមឈើធំៗ ព្រមទាំងផ្តល់ជម្រើសកន្លែងសម្រាប់ជិះបត់បែន ឆ្លងកាត់ និងឈប់កម្សាន្តតាមផ្លូវរាប់មិនអស់។

មានថ្ងៃពិសេសខ្លះ ដូចជាថ្ងៃចុងសប្តាហ៍ រឺថ្ងៃឈប់សម្រាកសំខាន់ៗ ចំនួននេះអាចកើនឡើងដល់ខ្ទង់ពាន់នាក់ទៀតផង បង្កើតបានជាទិដ្ឋភាពដ៏កម្រមួយដែលយើងមិនធ្លាប់បានឃើញពីមុនមកនៅក្នុងខេត្តសៀមរាប ដែលក្នុងនោះគេក៏សង្កេតឃើញមានវត្តមានអ្នកទេសចរមកពីតំបន់ផ្សេងៗនៅក្នុងប្រទេស ចាប់ផ្តើមដាក់កង់មកជិះលេងនៅខេត្តសៀមរាបជាក្រុមៗ រឺជាលក្ខណៈគ្រួសារ ច្រើនទៅៗផងដែរ។

លោកបានបញ្ជាក់បន្ថែមទៀតថា គិតៗទៅ ពេលខ្លះគួរអរគុណកូវីដដែរ ត្រង់ថាវាមិនគ្រាន់តែបានធ្វើអោយប្រជាពលរដ្ឋយើងអោយតម្លៃលើភាពមានអនាម័យ និងថែរក្សាសុខភាពរឹតតែខ្ពស់ជាងមុននោះទេ តែថែមទាំងបានជម្រុញអោយការជិះកង់នៅក្នុងខេត្តមានការផុលផុសយ៉ាងខ្លាំង បង្កើតនូវផលិតផលទេសចរណ៍ថ្មីមួយដ៏គួរអោយទាក់ទាញ និងពោរពេញទៅដោយសក្តានុពល។

ចេះតែលួចគិតលេងៗថា បើថ្ងៃណាមួយមានផ្លូវជិះកង់តភ្ជាប់ទៅដល់ប្រាសាទបន្ទាយស្រី ដូចគិតចង់សាកល្បងជិះកង់ទៅធ្វើការម្តង! កាលពីថ្ងៃសៅរ៍ ស្រុកបន្ទាយស្រីមានកិត្តិយសទទួលបដិសណ្ឋារកិច្ច ឯកឧត្តម បណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុន ជិះកង់មកពិសារនំបញ្ចុកនៅក្នុងភូមិព្រះដាក់ផងដែរ។

ប្រភព៖ អភិបាលស្រុកបន្ទាយស្រី លោក ឃឹមហ្វីណង់