បែកគ្នាមិនដឹងត្រឡប់វិញថ្ងៃណា!​ តារាចម្រៀង G-Devith ផ្ដល់កាដូយ៉ាងសម្បើមដល់​ ទេព បូព្រឹក្ស

  • 2020-07-20 08:14:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ងួន ចាន់​ដេវីត ហៅ G-Devith បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​មួយ​ក្នុង​ខួប​៤​ឆ្នាំ នៃ​ចំណង​ស្នេហា​របស់​លោក​ជាមួយ​នឹង​កញ្ញា ទេព បូព្រឹក្ស ផ្អើល​អស់​អ្នក​សិល្បៈ និង​អ្នកគាំទ្រ។ នោះ គឺ​ជា​កាដូ ឡាន​ម៉ាក ROLLS ROYCE ដែល​មាន​តម្លៃ​ក្បែរ​លាន​ដុល្លារ សម្រាប់​ជូន​ កញ្ញា ទេព បូព្រឹក្ស ហើយ​ឡាន​ប្រភេទ​នេះ​មាន​ឧកញ៉ា និងអ្នក​មាន​ទ្រព្យធននៅ​ស្រុកខ្មែរ​តិចតួច​ណាស់​ដែល​បាន​ជិះ​វា។

តាម​រយៈ​វីដេអូ​ឃ្លីប​ដែល​លោក ជី ដេវីត បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី១៩ ខែ​កក្កដា បង្ហាញ​ថា រូប​លោក​នឹង​ត្រូវ​ឃ្លាត​ឆ្ងាយពី​ក្រុម​ការងារ និង​គូរ​ស្នេហ៍​ គឺ​កញ្ញា ទេព បូព្រឹក្ស ដោយ​មិន​ដឹង​ថ្ងៃ​ត្រឡប់​មក​វិញ​ពិត​ប្រាកដឡើយ។ ដូច្នេះ​ហើយ​ទើប​លោក​ធ្វើ​រឿង​ដ៏ភ្ញាក់ផ្អើល​មួយនេះ​ជូន​គូរ​ស្នេហ៍ និង​ក្រុម​ការងារ ប៉ុន្តែ​ប្រភេទ​កាដូផ្សេង​គ្នា ដោយ​ទេព បូព្រឹក្ស ទទួល​បាន​ឡាន រីឯ​ក្រុម​ការងារ​ទទួល​បាន​ខ្សែកជាអនុស្សាវរីយ៍។

គិត​មក​ដល់​រសៀល​ថ្ងៃទី២០ ខែ​កក្កដា ឆ្នាំ​២០២០ នេះ Sabay មិន​ទាន់​អាច​ទាក់ទង លោក ងួន ចាន់​ដេវីត និង​កញ្ញា ទេព បូព្រឹក្ស ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​លម្អិត​ថា​តើ លោកដេវីត​ នឹង​បែក​ពី​បូព្រឹក្ស​មួយ​រយៈ​នោះ ​ទៅ​ណា? ក្នុង​គោលបំណង​អ្វី? ហើយ​ចេញ​ដំណើរ​នៅ​ពេល​ណា​នោះ​ទេ? ដោយ​លោក​គ្រាន់​តែ​បញ្ជាក់នៅក្នុងវីដេអូឃ្លីប​ថា ដំណើរ​បែក​គ្នា​នេះ​មិន​ដឹង​ថ្ងៃ​ត្រឡប់ឡើយ ទើប​លោក​ធ្វើ​ខួប​ចំណង​ស្នេហ៍សម្រាប់​ឆ្នាំ​២០២០ ​ឲ្យ​ហើយ។

នៅ​ក្នុង​វីដេអូ​ឡាយ​រយៈ​ពេល​ជាង​កន្លះ​ម៉ោង​លោក ជី ដេវីត និយាយ​ថា ការ​បង្ហាញ​កាដូរ​រថយន្ដ​ថ្មី ហើយ​មាន​តម្លៃ​ថ្លៃ​នេះ មិនមែន​ជា​ការ​សម្ញែង ឬ​អួត​បងប្អូន​ណាឡើយ ប៉ុន្តែ​វា​ជា​កម្លាំង​ញើស​ឈាម​របស់​លោក​ដែល​រូប​លោក និង​កញ្ញា ទេព បូព្រឹក្ស សម​នឹង​ទទួល​បាន។ លោក​បាន​និយាយ​ច្រើនពីជោគវាសនា និងឧបសគ្គនៅ​លើ​វិថី​សិល្បៈ​ដែល​អ្នក​ទាំង​ពីរ ព្រមទាំង​សមាជិក​ក្នុង​ក្រុម​ធ្លាប់​ជួបប្រទះ ទម្រាំ​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ។

ទោះជាយ៉ាងណា ទំនាក់ទំនង​ស្នេហា​របស់​តារា​ចម្រៀង​ពេញ​និយម​សម្រាប់​មិត្ត​យុវវ័យ លោក ជី ដេវីត និង​កញ្ញា ទេព បូព្រឹក្ស រយៈ​ពេល​៤​ឆ្នាំមក​នេះ វា​នៅ​តែ​ជា​មន្ទិល​សម្រាប់​អ្នកគាំទ្រ​នៅ​ឡើយ​ដោយ​អ្នក​ខ្លះ​គិត​ថា​ វាជា​ស្នេហា​ក្លែងក្លាយ ព្រោះ​អ្នក​ទាំង​ពី​មិន​ទាន់​បាន​កាន់ដៃ​គ្នា​ចូល​រោងការ​នៅ​ឡើយ។ ប៉ុន្ដែ​រវាង​ពួកគេ​ទាំង​ពីរ នៅ​តែ​ស្និទ្ធស្នាល និង​ផ្ដល់​ភាព​ផ្អែមល្ហែម​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​លើស​ពី​គូ​ស្វាមី​ភរិយា ទើបរៀបការហើយ​ថ្មីថ្មោង​ទៅ​ទៀត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ