ល្អខ្លាំងណាស់! កម្ពុជាកំពុងសុំដាក់ គុនល្បុក្កតោ ចូលជាបេតិកភណ្ឌអរូបីពិភពលោក
- 2020-07-21 07:39:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អខ្លាំងណាស់! កម្ពុជាកំពុងសុំដាក់ គុនល្បុក្កតោ ចូលជាបេតិកភណ្ឌអរូបីពិភពលោក
ចន្លោះមិនឃើញ
អនុប្រធានសហព័ន្ធកីឡាល្បុក្កតោ ថាឥឡូវសហព័ន្ធក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងដំណើរការដាក់ឯកសារផ្សេងៗតាមលំដាប់លំដោយដើម្បីសុំដាក់បញ្ចូលគុនល្បុក្កតោរបស់ខ្មែរទៅក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ នៅអង្គការយូនីស្កូ ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធល្បុក្កតោ បានឲ្យដឹងថា ក្នុងឆ្នាំនេះកម្ពុជាបានដាក់ឯកសារ និងកែតម្រូវជាបន្តបន្ទាប់ហើយទៅអង្គការយូនីស្កូ ស្ដីអំពីការសុំដាក់បញ្ចូលក្បាច់គុនល្បក្កតោ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិ។ ការកែលំអលើកចុងក្រោយនេះគណៈកម្មការជាតិអូឡាំពិក ជាមួយសហព័ន្ធផ្ទាល់ និងក្រសួងវប្បធម៌បានធ្វើឲ្យរឹតតែមានគុណតម្លៃនៃឯកសារ ឬឲ្យមានភាពវិជ្ជមាន មានន័យថាដាក់ទៅឲ្យជាប់ក្នុងការស្នើសុំនោះ។
អ្នកជំនាញខាងកីឡាខាងលើនេះបន្តប្រាប់ទៀតថា ជំហានបន្ទាប់ទៀតនេះនៅមានកិច្ចការធំដែលត្រូវធ្វើទៀត គឺកម្ពុជាត្រូវចាំអ៊ុតលទ្ធផលនៅខែ៩ ឆ្នាំ២០២០ មានកម្រិតពិន្ទុដល់កម្រិតណា និងមានភាពវិជ្ជមានដល់ការប្រកាសលទ្ធផលចុងក្រោយនៅខែ១១ ចុងឆ្នាំនេះដែរ ឬទេ។ មួយវិញទៀតនឹងត្រៀមស្នើសុំរៀបចំធ្វើពិធីផ្សេងៗប្រសិនជាជាប់ និងការឆ្លើយតបណាមួយនៅដែលមិនជាប់ផងដែរ។
បញ្ជាក់ដែរថា អង្គការយូនីស្ដូ នឹងផ្ដល់ដំណឹងជូនកម្ពុជា វគ្គដំបូងនៅ ខែ៩ ឆ្នាំ២០២០ ហើយប្រកាសលទ្ធផលចុងក្រោយជាប់ ឬមិនជាប់ នៅខែ១១ ចុងឆ្នាំនេះបន្តទៀត។ ការលើកឡើងរបស់ឯកឧត្ដម វ៉ាត់ ចំរើន ទាំងនេះធ្វើឡើងក្នុងថ្ងៃប្រជុំបូកសរុបការងារ និងលើកទិសដៅថ្មីឆ្នាំ២០២០ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២០ នេះនៅឯទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក(NOCC)៕