​​មក​ស្គាល់លោក Bielsa ​គ្រូ​បង្វឹក Leeds United ​​សូម្បី Pep ,Zidane ​ក៏​ធ្លាប់​សុំ​រៀន​តាម​

  • 2020-07-21 07:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Leeds United ​បាន​គ្រង​ជើង​ឯក Championship ​ហើយ​រដូវ​កាល​ក្រោយ ​ពួកគេ​នឹង​មាន​វត្តមាន​នៅ Premier League ​វិញ ​ក្រោយ​បាត់​មុខ​១៦​ឆ្នាំ​មក​នេះ​។

​គ្រប់​គ្នា​សុទ្ធ​តែ​មើល​ឃើញ​ថា​ក្រុម​ជើង​ចាស់​មួយ​នេះ ​ពិត​ជា​លេង​បាន​ល្អ​មែនទែន​រដូវ​កាល​នេះ ​ហើយ​អ្នក​ដែល​ទទួល​បាន​ការ​កោត​សរសើរ​ជាង​គេ​នោះ​គឺ​លោក ​Marcelo Bielsa ​តែ​ម្ដង។ ​គ្រូ​បង្វឹក​រូប​នេះ ​បាន​ចូល​ដឹក​នាំ​ក្រុម Leeds United ​នៅ​ឆ្នាំ​២០១៨ ​ហើយ​រដូវ​កាល​មុន ​លោក​ក៏​សឹង​តែ​ជួយ​ក្រុម​មួយ​នេះ ​បាន​ឡើង​មក​លេង Premier League ​ទៅ​ហើយ​ដែរ។ ​

​តើ​លោក Marcelo Bielsa ​វ័យ​៦៥​ឆ្នាំ​នេះ ​មាន​ប្រវត្តិ​យ៉ាងណា​ដែរ ទើប​បាន​ជា​អាច​ដឹក​នាំ​ក្រុម Leeds United ​ដែល​ធ្លាប់​ជា​ឆ្មា ​ហើយ​អាច​ក្លាយ​ទៅ​ជា​ខ្លា​វិញ​បាន​នោះ? ​សូម​បញ្ជាក់​ថា Bielsa ​នេះ ​ជា​ជនជាតិ​អាហ្សង់ទីន​និង​ធ្លាប់​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ ​និង​ក្លឹប​ធំ​ៗ​ច្រើន។ ​ដោយ​សូម្បី​តែ​អ្នក​ចាត់ការ​ល្បី​ៗ​បច្ចុប្បន្ន​នេះ ​ក៏​ធ្លាប់​បាន​សុំ​លោក ដើម្បី​រៀន​សូត្រ​ផង​ដែរ។

​លោក Pep ​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខ្លាំង​លើ​លោក ​និង​កំពុង​ដឹក​នាំ​ក្រុម Man City ​បាន​និយាយ​ថា​៖ “Bielsa ​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ​ច្រើន​ណាស់។ គាត់​ជា​មនុស្ស​កម្រ​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់​នៅ​លើ​លោក​នេះ ព្រោះ​គាត់​តែងតែ​មាន​អ្វី​ពិសេស​ជា​និច្ច​ក្នុង​ការ​លេង​បាល់ទាត់។ ខ្ញុំ​បាន​រៀន​ក្បួន​ពី​គាត់​យ៉ាង​ច្រើន។ គាត់​ជា​មនុស្ស​ពិសេស ​មនុស្ស​អស្ចារ្យ ​ពិត​ជា​ពិសេស​ខ្លាំង​ណាស់”។

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បច្ចុប្បន្ន​ក៏​ធ្លាប់​បាន​សុំ​រៀន​សូត្រ​ពី​លោក Bielsa ​នេះ​ដែរ។ ​ពោល​គឺ​នៅ​ឆ្នាំ​២០១៤ ​គ្រា​ដែល​លោក Bielsa ​នៅ​ដឹក​នាំ​ក្រុម ​Marseille ។ ​នៅ​គ្រា​នោះ លោក​ Bielsa ​បាន​ពន្យល់ ​និង​ប្រាប់​ពី​វិធីសាស្ត្រ​ជា​ច្រើន​ក្នុង​ការ​ដឹក​នាំ​ក្រុម​ដល់ Zidane ​។

​លោក Simeone ​អ្នក​ចាត់ការ​ក្រុម Atletico Madrid ​ក៏​ធ្លាប់​ជា​សិស្ស​របស់​លោក​ Bielsa ​ដែរ។ ​អ្នក​ចាត់ការ​ដែល​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​បំផុត​នៅ​អេស្ប៉ាញ​រូប​នេះ ​បញ្ជាក់​ថា​លោក Bielsa ​នេះ​ហើយ ដែល​ជា​បុគ្គល​បង្ហាត់បង្រៀន​ខ្លួន​ច្រើន​ជាង​គេ ​ហើយ​ក៏​ជា​មនុស្ស​ពិសេស​ម្នាក់​ក្នុង​វិស័យ​បាល់ទាត់​ផង​ដែរ៕

ប្រភព៖ BBC   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី