ក្ដៅ​ហើយ! មាន សូនីតា ដាក់​ឱសានវាទ​ឲ្យ​ Page អនាមិក​យក​នាង​ប្រើ​សរសេរ​អាសអាភាសត្រឹម​ថ្ងៃ​នេះ​ប៉ុណ្ណោះ

  • 2020-07-23 02:51:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី មាន សូនីតា បាន​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ​នេះ ឲ្យ​ក្រុម​ធ្វើ​ទំព័រ​ហ្វេសប៊ុក​អនាមិក​មួយ​ក្រុម ដែល​បាន និង​កំពុង​ធ្វើ​ឲ្យ​នាង​ជួប​បញ្ហា​ឈឺ​ក្បាល​ខ្លាំង​នៅ​១-២ថ្ងៃ​មក​នេះ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​ទទួល​យក​លក្ខខណ្ឌ​របស់​នាង​ប៉ុន្មាន​ចំណុច​ដើម្បី​បញ្ចប់​បញ្ហា​ដែល​កើត​ឡើង។

ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ទំព័រ​ហ្វេសប៊ុក​អនាមិក​ជា​ច្រើន​បាន យក​​រូប​របស់​តារា​ស្រី មាន សូនីតា ទៅ​ប្រើ​ប្រាស់​ជាមួយ​ពាក្យ​ពេចន៍​អាសអាភាស។ ប្រការ​នេះ បាន​ធ្វើ​ឲ្យ​រាជិនី​ក្រមា​ឆេះដុំ​ខ្លាំង​ដោយសារ​តែ​ទង្វើ​នេះ នាង​យល់​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់ កេរ្តិ៍​ឈ្មោះ និង​កិត្តិយស​របស់​នាង​ខ្លាំង។ ម្សិលមិញ​នេះ សូនីតា បាន​កៀរគរ​ប្រិយមិត្ត​ជាច្រើន មក​ចូល​រួម Report ទាំង​នោះ​ចោល។

ប៉ុន្តែ​សកម្មភាព​នេះ មិន​ទាន់​មាន​ប្រសិទ្ធភាព​ទាន់​ចិត្ត​ភ្លាម​ៗ​នោះ​ទេ ខណៈ​តារា​ស្រី បញ្ជាក់​ថា នាង​បាន​រក​ឃើញ​ទំព័រ​ហ្វេសប៊ុក​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​មក​លើ​រូប​នាង​ជា​ច្រើន​ទៀត។ "ខ្ញុំ​ដឹង​ថា ពួក​គេ​ជា​នរណា ធ្វើ​ដើម្បី​អី គឺ​គេ​ជា​អ្នក​ធ្វើ​ផេក​លក់ ហើយ​គេ​ធ្វើ​បែប​នេះ​ដើម្បី​បាន Like ច្រើន​ហើយ​គេ​ប្ដូរ​ឈ្មោះ​ផេក​រួច​លក់ ខ្ញុំ​ដឹង ប៉ុន្តែ​បង​ប្អូន​មិន​គួរ​តែ​ដើម្បី​ប្រយោជន៍​ខ្លួន​ប៉ុណ្ណឹង មក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស កេរ្តិ៍​ឈ្មោះ​គេ ដែល​គេ​ខំ​សន្សំ​រាប់​សិប​ឆ្នាំ​មក​នោះ​ទេ"។

នៅ​វីដេអូ Live កាល​ពី​យប់​មិញ មាន សូនីតា បាន​ទុក​ឱសានវាទ​ត្រឹម​ថ្ងៃ​នេះ​ប៉ុណ្ណោះ ឲ្យ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​អនាមិក​ទាំង​អស់​ដែល​យក​រូបភាព​នាង​ទៅ​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត នៅ​ក្នុង​ផ្លូវ​អាសអាភាស​​នោះ ត្រូវ​បញ្ឈប់​សកម្មភាព​ភ្លាម​ៗ ក្នុង​នោះ នាង​តម្រូវ​ឲ្យ​ពួក​គេ​ត្រូវ​អនុលោម​តាម​លក្ខខណ្ឌ​ដូច​ជា ទី​១ ត្រូវ​លុប​រូបភាព​របស់​នាង​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខ្លួន​ឯង​ទាំង​អស់ និង​ទី២ ចូល​ខ្លួន​មក​ដោះស្រាយ​ជាមួយ​នាង​ដោយ​ផ្ទាល់ ហើយ​ធ្វើ​ការ​សុំ​ទោស​នាង​ជា​សាធារណៈ។

តារា​ស្រី​លើក​ឡើង​ថា "និយាយ​ទៅ គឺ​មាន​មនុស្ស​ច្រើន​គ្នា​ណាស់ ដែល​គាំទ្រ​ឲ្យ​ខ្ញុំ​ប្ដឹង ហើយ​ខ្ញុំ​នឹង​ប្ដឹង...ខ្ញុំ​និយាយ...ខ្ញុំ​ហ៊ាន​ធ្វើ...ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​មាន​ភស្តុតាង​នៅ​ក្នុង​ដៃ​អស់​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ចង់...គឺ​គ្រាន់​តែ​អ្នក​ធ្វើ​ហ្នឹង ដឹង​ខ្លួន​ថា និង​ទទួល​ស្គាល់​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​...ហើយ​ចូល​មក​ដោះស្រាយ​ជាមួយ​ខ្ញុំ ហើយ​សុំ​ទោស​ខ្ញុំ​ជាង​សាធារណៈ ព្រោះ​គាត់​បាន​យក​រូប​ខ្ញុំ​ទៅ​កាត់​ត​បង្ហោះ​សាធារណៈ អីចឹង​គាត់​ត្រូវ​សុំ​ទោស​ខ្ញុំ​ជា​សាធារណៈ..​ខឹង​ឡើង​ញ័រ​មាត់​ហើយ និយាយ​អី​លែង​ចង់​ចេញ​ហើយ ខឹង​ពេក...”។

ជា​ជំហាន​ដំបូង សូនីតា បញ្ជាក់​ថា នាង​ចង់​ឲ្យ​ម្ចាស់​ទង្វើ ចូល​ខ្លួន​មក​ទទួល​ខុស​ត្រូវ​ដោះស្រាយ​ជាមួយ​នាង ព្រោះ​អ្វី​ដែល​កើត​ឡើង វា​ប៉ះពាល់​ដល់​នាង​ខ្លាំង បើ​ពុំ​នោះ​ទេ នាង​នឹង​បន្ត​ទៅ​ជំហាន​ដែល​នាង​មិន​ចង់​ធ្វើ ពោល​គឺ​នឹង​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​ប្រព័ន្ធ​ច្បាប់​ជួយ​ធ្វើ​ការ​ឲ្យ​នាង​នៅ​រឿង​នេះ ហើយ​ម្ចាស់​ទង្វើ​អសីលធម៌​មាន​ពេល​ត្រឹម​ថ្ងៃ​នេះ​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី