LG V60 ThinQ បានពិន្ទុតិចជាង iPhone SE មានកាមេរ៉ាមួយគ្រាប់

  • 2020-07-24 06:42:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DxOMark ដែល​ជា​ស្ថាប័ន​វាយ​តម្លៃ​កាមេរ៉ា​លើ​​ឧបករណ៍​អេឡិចត្រូនិក​ បាន​បង្ហាញ​លទ្ធផល​ពី​ការ​វាយ​តម្លៃ​កាមេរ៉ា​​លើ​ស្មាតហ្វូន LG V60 ThinQ ដែល​ក្រុមហ៊ុន LG បាន​ប្រកាស​ចេញ​កាល​ពី​ខែ​មីនា​កន្លង​ទៅ។

ប្រព័ន្ធ​កាមេរ៉ា​របស់ V60 ThinQ មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​មេ​ទំហំ ៦៤MP ដែល​មាន​ Aperture f/1.8 មាន​មុខងារ Phase-Detection Autofocus និង​ OIS។ មាន​កាមេរ៉ា​ពីរ​គ្រាប់​ទៀត​ដែល​កាមេរ៉ា Ultrawide ទំហំ ១៣MP មាន Aperture f/1.9 និង​កាមេរ៉ា​វាស់​ជម្រៅ​ ToF។

សម្រាប់​ការ​ថត​រូប​សន្លឹក​ ការ​​​ផលិត Exposure និង Dynamic Range មាន​គុណភាព​ល្អ ប៉ុន្តែ​​ខ្សោយ​ការ​ផលិត​ Contrast នៃ​ពណ៌​ក្នុង​ស្ថានភាព​មួយ​ចំនួន។ ក្នុង​ចំណោម​ស្មាតហ្វូន Flagship ចេញ​ឆ្នាំ ២០២០​នេះ V60 មាន​​គ្រាប់ Noise ច្រើន​ជាង​គេ សូម្បី​តែ​ពេល​ថត​នៅ​ពេល​ថ្ងៃ។ Autofocus ​​ចាប់​បាន​ត្រូវ ប៉ុន្តែ​មាន​ល្បឿន​យឺត​បើ​ធៀប​នឹង​ស្មាតហ្វូន​​ផ្សេង។

ចំពោះ​ការ​ថត​វីដេអូ​វិញ Exposure គឺ​ឲ្យ​បាន​ច្បាស់​ល្អ, ការ Autofocus ក៏​លឿន​​ ហើយ​ពណ៌​ឲ្យ​​ចេញ​មក​ក៏​ស្អាត​ល្អ​សម្រាប់​ការ​ថត​នៅ​កន្លែង​មាន​ពន្លឺ​គ្រប់គ្រាន់ និង​ថត​ Indoor។ សមត្ថភាព​រក្សា​លំនឹង​ល្អ​ដែរ ប៉ុន្តែ​ពេល​អូស​កាមេរ៉ា ឬ​ដើរ​បណ្ដើរ​ថត​បណ្ដើរ​មិន​ល្អ​នោះ​ទេ។

DxOMark បាន​ឲ្យ​ពិន្ទុ​លើ​ការ​ថត​រូប​ចំនួន ១០៣ពិន្ទុ ដល់​ស្មាតហ្វូន​នេះ និង​ការ​ថត​វីដេអូ​បាន ៩៣​ពិន្ទុ ដែល​ពិន្ទុ​សរុប​ជា​មធ្យម​គឺ ១០០​ពិន្ទុ។ ពិន្ទុ​នេះ​គឺ​តិច​ជាង​ស្មាតហ្វូន​មួយ​ចំនួន​ទៀត​ដែល​មាន​កាមេរ៉ា​ត្រឹម​មួយ​គ្រាប់​ ដូច​ជា​ iPhone SE ឆ្នាំ ២០២០, iPhone XR និង Pixel 3a ជា​ដើម៕​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង