ហ៊ុន​ ចន្ទរាជ្យ៖​ ជួយ​គាំទ្រ​ផង ​ខ្ញុំ​បង្កើត​កម្មវិធី​ឲ្យ​ក្មេងៗ​ប្រកួត​ដើម្បី​សន្សំ​បទ​ពិសោធ​ទៅ​ថ្ងៃ​មុខ​

  • 2020-07-29 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្លឹប​ប្រដាល់​ Cambodian Top Team​ សូម​ឲ្យ​អ្នក​និយម​គុន​ខ្មែរ​ជួយ​គាំទ្រ​កម្មវិធី​របស់​លោក​ផង​ ដែល​នឹង​រៀបចំ​ឲ្យ​ក្មេងៗ​បាន​ប្រកួត​ចាប់​ពី​ទម្ងន់ ​២០​ ដល់​ ៤០​គីឡូក្រាម​ ដើម្បី​សន្សំ​យក​បទ​ពិសោធ​ទៅ​ថ្ងៃ​អនាគត។​

រូបភាពផ្ដល់ជូន

លោក​ ហ៊ុន​ ចន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ កម្មវិធី​ដែល​លោក​នឹង​រៀបចំ​សម្រាប់​ដាក់​ក្មេងៗ​ឲ្យ​ឡើង​ប្រកួត​នេះ​មាន​ឈ្មោះ​ថា​ **«កុមារ​គុន​ខ្មែរ»**​ នឹង​ធ្វើ​ឡើង​រៀងរាល់​២សប្ដាហ៍​ម្ដង​នៅ​ថ្ងៃ​សៅរ៍​ចាប់​ពី​ម៉ោង​១១ព្រឹក​តទៅ។​

ម្ចាស់​ក្លឹប​ Cambodian Top Team​ ប្រាប់មូលហេតុ​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រកួត​នេះ​ឡើង​ គឺ​ចង់​ឲ្យ​ក្មេងៗ​ដែល​មាន​ទម្ងន់​ចាប់​ពី​ ២០​គីឡូក្រាម​នេះ​បាន​ឡើង​ប្រកួត​ដូច​គេ​ដូច​ឯង​ និង​ជា​ការ​ជួយ​ពង្រឹង​សមត្ថភាព​ បង្កើន​បទ​ពិសោធ​លើ​សង្វៀន​ ជា​គ្រឹះ​ និង​ជា​ដើមទុន​ដល់​ពួកគេ​ឈាន​ទៅ​រក​ភាព​ខ្លាំងក្លា​ក៏​ដូច​ជា​ជោគជ័យ​នៅ​ពេល​ខាង​មុខ។​

រូបភាពផ្ដល់ជូន

គ្រូ​ប្រដាល់​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ចំពោះ​ការ​ចំណាយ​ផ្សេង​លើ​ការ​រៀបចំ​ផ្សេងៗ​នោះ ​គឺ​ជា​ថវិកា​របស់​លោក​ផ្ទាល់​តែ​ម្ដង។​ ដូច្នេះ​ហើយ​លោក​ក៏​សូម​ឲ្យ​អ្នក​និយម​តាមដាន​ប្រដាល់​គុន​ខ្មែរ​ទាំង​អស់​ជួយ​គាំទ្រ​កម្មវិធី​នេះ​ផង​ ឬ​ជួយ​ឧបត្ថម្ភ​តាម​លទ្ធភាព​ជាក់ស្ដែង​ផង​ដែរ​ដើម្បី​ឲ្យ​កម្មវិធី​នេះ​ដំណើរ​ការ​បាន​ជួយ​ក្មេងៗ។​

រូបភាពផ្ដល់ជូន

សម្រាប់​កម្មវិធី​ប្រដាល់​ «កុមារ​គុន​ខ្មែរ»​ នឹង​បើក​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី៨​ ខែ​សីហា​ ឆ្នាំ​២០២០​ នៅ​ក្លឹប​ Cambodian Top Team​ ចាប់​ពី​ម៉ោង​ ១១ព្រឹក​តទៅ ។​ ការ​ប្រកួត​នេះ​មាន​ចន្លោះ​ពី​ ៥-៦គូ ។​ ប្រសិន​បណ្ដា​ក្លឹប​នានា​នៅ​កម្ពុជា​ចង់​ឲ្យ​សិស្ស​របស់​ខ្លួន​បាន​ប្រកួត​អាច​ទំនាក់ទំនង​មក​លោក​ ហ៊ុន​ ចន្ទរាជ្យ​ ឬ​តាម​ផេក​ Cambodian Top Team ៕​

អត្ថបទ៖ នួន ស៊ីណា​