ជនជាតិអាមេរិកជាមន្រ្តីទូតជាន់ខ្ពស់ ឆ្លងកូវីដ១៩ នៅព្រឹកនេះ

  • 2020-08-04 01:12:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា បុរសជនជាតិអាមេរិកកាំង ជាមន្រ្តីការទូតជាន់ខ្ពស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាន់វីសាប្រភេទ A មានអាស័យដ្ឋាននៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។ គាត់បានធ្វើដំណើរពីសហរដ្ឋអាមេរិក បន្ដជើងហោះហរនៅប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ដែលលទ្ធផលវិភាគវត្ថុសំណាកលើកទី៣ ថ្ងៃទី១៥នៃការធ្វើចត្តាឡីស័ករបស់គាត់ រាយការណ៍ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានវីរសកូវីដ១៩ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានប្រាប់ថា អ្នកជំងឺបានដាក់នៅក្នុងបន្ទប់មួយដាច់ដោយឡែក នៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីធ្វើការព្យាបាលដោយក្រុមគ្រូពេទ្យអាមេរិក នៃស្ថានទូតនេះ។

ទន្ទឹមនឹងការរកឃើញវិជ្ជមានកូវីដ១៩ ក្រសួងសុខាភិបាលប្រកាសនៅព្រឹកថ្ងៃដដែលថា អ្នកជំងឺកូវីដ១៩ចំនួន៣នាក់ បានព្យាបាលជាសះស្បើយផងដែរ។ ក្នុងចំណោមអ្នកទាំងបី គឺពីរនាក់ជាជនជាតិខ្មែរ និង១នាក់ទៀតជាជនជាតិអាមេរិក៕

ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ២៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ២០០នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៣៩នាក់។

សូមអានសេចក្ដីប្រកាសទាំងស្រុងខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា