ក្រុមហ៊ុន EZECOM ចុះ MOU ជាមួយសាកលវិទ្យាល័យ AUPP ដើម្បីលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាល

  • 2020-08-04 10:36:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃច័ន្ទ ទី០៣ សីហា ឆ្នាំ២០២០ ក្រុមហ៊ុនសេវាអ៊ិនធឺណិតលំដាប់ខ្ពស់ EZECOM បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ (MOU) ជាមួយមជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំ និងអភិវឌ្ឍវិជ្ជាជីវៈ (CLPD) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

EZECOM ជាក្រុមហ៊ុនមួយដែលតែងតែផ្តល់សារសំខាន់លើការអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន តាមរយៈការបណ្តុះបណ្តាលជាប្រចាំទាំងក្នុង និងក្រៅកន្លែងការងារ។ ការចុះអនុស្សរណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យ AUPP ថ្ងៃនេះ នឹងជួយក្រុមហ៊ុន EZECOM ពង្រឹងការបណ្តុះបណ្តាលបុគ្គលិករបស់ខ្លួនអោយកាន់តែល្អប្រសើរបន្ថែមទៀត ដោយប្រើប្រាស់វគ្គសិក្សា និងដំណោះស្រាយអភិវឌ្ឍធនធាន​មនុស្សរបស់មជ្ឈមណ្ឌល CLPD ។

នាឱកាសពិធីចុះហត្ថលេខានោះ លោកស្រី Lee Yuni អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា៖ “ការចុះអនុស្សរណៈនៃការយោគយល់ថ្ងៃនេះ នឹងបើកអោយមានឱកាសសហការកាន់តែជិតស្និទ្ធរវាងក្រុមហ៊ុន EZECOM និងមជ្ឈមណ្ឌល CLPD ក្នុងកិច្ចការអប់រំ បណ្តុះបណ្តាល​បុគ្គលិក និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ។ មជ្ឈមណ្ឌល CLPD ជាមជ្ឈមណ្ឌលអប់រំស្តង់ដារអន្តរជាតិ​មួយ ហើយខ្ញុំពិតជារីករាយចំពោះកិច្ចសហការនេះ។”

លោកស្រីបានបន្ថែមទៀតថា “សេវាកម្មអ៊ិនធឺណិតប្រកបដោយគុណភាព និងការការពារខ្ពស់ ពិតជាមានសារសំខាន់ណាស់សម្រាប់គ្រឹះស្ថានអប់រំឈានមុខ ដូចជាសាកលវិទ្យាល័យ AUPP ។ ជាមួយសេវាអ៊ិនធឺណិតល្បឿនលឿនរបស់ EZECOM សាកលវិទ្យាល័យអាចពង្រីកសក្តានុពលរបស់ខ្លួន និងផ្តល់កម្មវិធីសិក្សាទៅអោយដល់មនុស្សកាន់តែច្រើននៅក្រៅថ្នាក់រៀន តាមរយៈប្រព័ន្ធអ៊ិនធឺណិត។”

លោកបណ្ឌិត Alan Wark នាយកប្រតិបត្តិមជ្ឈមណ្ឌល CLPD ក៏បា​នសម្តែងក្តីសោមនស្សរីករាយដូចគ្នា ចំពោះកិច្ចសហការនេះ។ លោកបានមានប្រសាសន៍ថា៖ “ភាពជាដៃគូរវាងសាកលវិទ្យាល័យ AUPP និងក្រុមហ៊ុន EZECOM គឺជាឱកាសសម្រាប់ភាគីទាំងសងខាងទទួលបានអត្ថប្រយោជន៍​ទៅវិញទៅមក និងជួយអោយ​ក្រុមហ៊ុនដ៏អស្ចារ្យនេះ ពង្រឹងឯកទេសរបស់ខ្លួនអោយកាន់តែរឹងមាំបន្ថែមទៀត។ នៅពេលអនាគត មជ្ឈមណ្ឌល CLPD និងសាកលវិទ្យាល័យ AUPP រំពឹងថានឹងរៀបចំគំនិតផ្តួចផ្តើមសម្រាប់​ការបណ្តុះបណ្តាល និងការអភិវឌ្ឍបច្ចេកវិទ្យាជាច្រើន ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន EZECOM។”

គួរបញ្ជាក់ផងដែរថា តាមរយៈអនុស្សរណៈនៃការយោគយល់នេះ មានវេទិកាជាច្រើនដែលភាគីទាំងសងខាង​អាចសហការគ្នា ដូចជាការបណ្តុះបណ្តាល ឱកាសអាហារូបករណ៍ ការធ្វើកម្មសិក្សា និងសកម្មភាពពាក់ព័ន្ធដទៃទៀត ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិកក្រុមហ៊ុន EZECOM ក៏ដូចជាសិស្ស-និស្សិតនៃសាកលវិទ្យាល័យ AUPP ។ បន្ថែមពីនេះទៀត ការសហការនេះក៏ផ្តល់ជូនការបញ្ចុះតំលៃពិសេស ២០% សម្រាប់បុគ្គលិកក្រុមហ៊ុន EZECOM និងបុត្រធីតារបស់ពួកគេ នៅពេលចុះឈ្មោះចូលរៀនវគ្គសិក្សាណាមួយនៅសាកលវិទ្យាល័យ AUPP ។

អំពីសាកលវិទ្យាល័យ AUPP និងមជ្ឈមណ្ឌល CLPD

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សញ្ញាប័ត្រមានការទទួលស្គាល់នៅសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំ និងអភិវឌ្ឍវិជ្ជាជីវៈ (CLPD) គឺជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងប្រឹក្សាយោបល់សម្រាប់ក្រុមហ៊ុន ដែលមានផ្តល់វគ្គសិក្សា​ និងដំណោះស្រាយធនធានមនុស្សគុណភាពខ្ពស់ ជាលក្ខណៈក្រុមហ៊ុន និងសម្រាប់​បុគ្គល។

អំពីក្រុមហ៊ុន EZECOM

បង្កើតឡើងក្នុងឆ្នាំ២០០៧ ក្រុមហ៊ុន EZECOM បានពង្រឹងសេវាកម្មរបស់ខ្លួន និងក្លាយជាក្រុមហ៊ុនសេវាអ៊ិនធឺណិត​លំដាប់ខ្ពស់នៅកម្ពុជា។ ក្នុងឆ្នាំ២០១១ ក្រុមហ៊ុន EZECOM បានក្លាយជាក្រុមហ៊ុនអ៊ិនធឺណិតដំបូងគេនៅកម្ពុជាដែលទទួលបានវិញ្ញាបនប័ត្រពីស្ថាប័នវាយតម្លៃគុណភាពអាយអេសអូ (ISO) ហើយក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនបាន​ជាប់ការវាយតម្លៃគុណភាពជាថ្មីម្តងទៀត សម្រាប់កម្រិតស្តង់ដារថ្មី ISO 9001:2015​ ព្រោះក្រុមហ៊ុនមានការគ្រប់គ្រងគុណភាពយ៉ាងរឹងមាំ បូកផ្សំជាមួយសេវាកម្មដ៏លេចធ្លោ។ ក្រុមហ៊ុន EZECOM តែងបានចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ និងបានឧបត្ថម្ភគម្រោង កម្មវិធី និងព្រឹត្តិការណ៍ជាច្រើនជាប្រចាំ ព្រមទាំងមានដៃគូសហការ​ជាច្រើននៅក្នុងវិស័យផ្សេងៗ ដូចជា វិស័យបច្ចេកវិទ្យា អប់រំ និងបរិស្ថាន។

សម្រាប់ការសាកសួរពីសំណាក់មិត្តអ្នកសារព័ត៌មាន៖

  • កញ្ញា សរ ហេឡេន មន្រ្តីផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន EZECOM ទូរស័ព្ទ៖ 095 983 818

  • អ៊ីមែល៖ sor.helen@ezecomcorp.com

  • កញ្ញា ស្រីម៉ុំ មន្ត្រីផ្នែកទំនាក់ទំនង មជ្ឈមណ្ឌលសម្រាប់ភាពជាអ្នកដឹកនាំ និងអភិវឌ្ឍវិជ្ជាជីវៈ (CLPD)

  • ទូរស័ព្ទ៖ 070 379 008

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម
អត្ថបទថ្មី