រកស៊ីផលិតឡេបថបបាន ៣៥ឆ្នាំ ឥឡូវក្រុមហ៊ុនជប៉ុន Toshiba ប្រកាសដកខ្លួន

  • 2020-08-10 08:31:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​ Gizmodo ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Toshiba បាន​លក់​នូវ​ភាគ​ហ៊ុន​ ១៩,៩% ដែល​សេសសល់​​មាន​ក្នុង​​ម៉ាក​យីហោ​ផលិត​ឡេបថប​ Dynabook ទៅ​ឲ្យ​ក្រុមហ៊ុន Sharp ដោយ​ស្ងាត់ៗ ដែល​នេះ​គឺ​ជា​ការ​ដើរ​ចេញ​ពី​អាជីវកម្ម​ផលិត​ឡេបថប​ជា​ផ្លូវ​ការ​របស់ Toshiba។

គួរ​ដឹង​ថា​ Toshiba ធ្លាប់​ជា​ជើង​ខ្លាំង​មួយ​លើ​ទីផ្សារ​ផលិត​ឡេបថប ដោយ​កាល​ពី​ឆ្នាំ ១៩៨៥ ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​ផលិតផល​ T1100 ដែល​គេ​ចាត់​ទុក​ថា​ជា​ឡេបថប​ពេញ​លេញ​ដំបូង​គេ​ក្នុង​លោក​ ហើយ​វា​បាន​ក្លាយ​ជា​គំរូ​មួយ​សម្រាប់​​ការ​ផលិត​ឡេបថប​របស់​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ផង​ដែរ។ Toshiba មាន​កេរ្ត៍ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​ទស្សវត្ស​ឆ្នាំ ១៩៩០ និង​ឆ្នាំ ២០០០ ជា​មួយ​​ឡេបថប​ម៉ូដែល Satellite, Portégé និង Qosmio។

​គួរ​ដឹង​ថា​កាល​ពី​ ២ឆ្នាំ​មុន Toshiba បាន​លក់​ភាគហ៊ុន​អាជីវកម្ម​ផលិត​ឡេបថប​របស់​ខ្លួន​ចំនួន ៨០,១% ដល់​ក្រុមហ៊ុន Sharp សម្រាប់​ទឹក​ប្រាក់​ចំនួន ៣៦​លាន​ដុល្លារ ដែល​ពេល​នោះ Sharp បាន​ប្ដូរ​ឈ្មោះ​អាជីវកម្ម​ផលិត​ឡេបថប​របស់ Toshiba ទៅ​ជា Dynabook វិញ។ Sharp ទទួល​បាន​សិទ្ធ​​ទិញ​ភាគហ៊ុន​ដែល​នៅ​សេសសល់​កាល​ពី​ខែ​មិថុនា ហើយ​ Toshiba ទើប​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​លក់​នេះ​នា​ថ្ងៃ​ទី៤ ខែ​សីហា ពេល​ការ​លក់​បាន​បញ្ចប់៕​​​

ប្រភព៖ The Verge | engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម