លោក ត្រាំ សម្រេចចិត្តម្ដងនេះ អាចធ្វើឲ្យចំនួនលក់ iPhone ធ្លាក់ចុះ

  • 2020-08-10 09:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​បញ្ជា​ប្រតិបត្តិ​របស់​លោក ដូណាល់ ត្រាំ ដែល​ហាម​ឃាត់​ក្រុមហ៊ុន​អាមេរិក មិន​ឲ្យ​មាន​ទំនាក់ទំនង​អាជីវកម្ម​ជា​មួយ​ក្រុមហ៊ុន WeChat ​របស់​ចិន អាច​ផ្ដល់​ផល​ប៉ះពាល់​ខ្លាំង​ដល់​ចំនួន​លក់ iPhone។ នេះ​បើ​តាម​ការ​វិភាគ​លោក​អ្នក​វិភាគ Ming-Chi Kuo។

ប្រសិន​បើ​បទ​បញ្ជា​ត្រូវ​បាន​អនុវត្តន៍​ពេញ​លេញ គេ​អាច​ឃើញ​ថា WeChat នឹង​ត្រូវ​ដក​ចេញ​ពី App Store របស់ Apple នៅ​ទូទាំង​ពិភពលោក។ WeChat គឺ​ជា​កម្មវិធី​​ផ្ញើ​សារ​សំខាន់​មួយ​​នៅ​ទីផ្សារ​ប្រទេស​ចិន ហើយ​ប្រសិន​បើ​វា​លែង​មាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS នោះ​ចំនួន​លក់ iPhone អាច​ធ្លាក់​ចុះ​រហូត​ដល់ ៣០%។ ​

គួរ​ដឹង​ថា​ WeChat មិន​មែន​ត្រឹម​ជា​សេវាកម្ម​ផ្ញើ​សារ​ប៉ុណ្ណោះ​ទេ​សម្រាប់​អ្នក​ប្រើ​ប្រាស់​នៅ​ប្រទេស​ចិន ដោយ​វា​មាន​រួម​បញ្ចូល​ការ​ទូទាត់​សាច់​ប្រាក់ ​បណ្ដាញ​ទំនាក់ទំនង​សង្គម ព័ត៌មាន ​ការ​ទិញ​ទំនិញ​អនឡាញ​ជា​ដើម។

តាម​ការ​បញ្ជាក់​ក្នុង​បទ​បញ្ជា​ប្រតិបត្តិ គឺ​បាន​ហាម​ឃាត់​លើ​ការ​មាន​ទំនាក់ទំនង​អាជីវកម្ម​ទាំង​អស់​រវាង​ក្រុមហ៊ុន​អាមេរិក និង WeChat។ នេះ​មាន​ន័យ​ថា​ Apple អាច​នឹង​លុប​កម្មវិធី WeChat ចេញ​ពី App Store ក្នុង​ពេល​ ៤៥​ថ្ងៃ។ យ៉ាងណាក្ដី អ្នក​ជំនាញ​ជា​ច្រើន​រំពឹង​ថា​រដ្ឋបាល​លោក​ត្រាំ អាច​នឹង​បន្ថយ​បទ​បញ្ជា​មុន​ពេល​កំណត់។

ចំណែក​ឯ​ប្រព័ន្ធ​ប្រតិបត្តិការ Android វិញ ទោះ​បី​ជា​កម្ម WeChat លែង​មាន​លើ Play Store ក៏​អ្នក​ប្រើ​ប្រាស់​អាច​ដំឡើង​ប្រើ​ប្រាស់​បាន​តាម​រយៈ File APK ​មិន​ដូច​​ជា​​នៅ​លើ​ប្រព័ន្ធ​​ប្រតិបត្តិការ iOS ដែល​រឹតត្បិត​ការ​ដំឡើង​កម្មវិធី​ពី​ប្រភព​ក្រៅ​នោះ​ទេ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង