តារា​សម្ដែង​ជួរមុខ​ដ៏ស្រស់សង្ហា សេង មង្គល ប្រាប់​ពី​កីឡាដែល​​ខ្លួន​ចូល​ចិត្ត​ខ្លាំងបំផុត

  • 2020-08-11 05:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាង​សម្ដែង​ជួរ​មុខ​ដ៏​ស្រស់​សង្ហា​របស់​កម្ពុជា​ សេង មង្គល បាន​ឱ្យ​ដឹង​ថា​បាល់ទាត់​ជា​កីឡា​ដែល​លោក​ចូល​ចិត្ត​ខ្លាំង​បំផុត​ បើ​ធៀប​នឹង​កីឡា​ឯ​ទៀត ដ្បិត​វា​ធ្វើ​ឱ្យ​លោក​មាន​រាងកាយ​រឹងមាំ ឡូយសង្ហា និង​មាន​សុខភាព​ល្អ។

តារា​សម្ដែង​ក្ដាប់​បាន​តំណែង​តួឯក​គ្រប់​រឿង​ភាគ បាន​បញ្ជាក់​បែប​នេះ៖«...បាល់​ទាត់​ហ្នឹង​គឺ​ស្រលាញ់​តាំង​ពី​ក្មេង​មក​ហ្មង។ តាំង​ពី​ក្មេង​ហ្នឹង​យើង​អត់​ដឹង​ថា​ទាត់​​ទៅ​ វា​ដើម្បី​​អី​គេ​កាល​ជំនាន់​ហ្នឹង តាំង​ពី​រៀន​ថ្នាក់​ទី​៣​មក។ ដល់​ពេល​យើង​កាន់​តែ​ធំ​ដឹង​ក្ដី​ទៅ មាន​អារម្មណ៍​ថា​ ទាត់​ទៅ​វា​ជួយ​ដល់​សុខភាព​របស់​យើង​ដែរ ជួយ​ដល់​​​កាយសម្បទា​របស់​យើង​ដែរ»។

តារា​​ប្រុស​មាន​ដើមកំណើត​ មក​មក​ពី​ខេត្ត​ពោធិ៍សាត់ មាន​ក្រុម​បាល់ទាត់លេង​បាយបានដើម្បី​សុខភាព​មួយ​ចំនួន​ដែរ​ ដូចជា​ក្រុម 12 Happy Football Team ជា​ដើម​ ហើយលោកថែមទាំងបានក្លាយជាអ្នករកគ្រាប់បាល់ បានច្រើនជាងគេបំផុតឱ្យ​ក្រុម​មួយ​នេះ​​។

ចាំ​បាន​ថា​ក្នុង​ការ​ប្រកួត​មិត្តភាព​សប្បុរសធម៌​ជួយ​​​មន្ទីរពេទ្យ​គន្ធបុប្ផា ទល់ក្រុម​បាល់ទាត់​តារា​ថៃ កាល​ពី​​ខែ​សីហា ឆ្នាំ​២០១៩ ខ្សែ​ប្រយុទ្ធមុតស្រួច​ សេង មង្គល បាន​​ស៊ុត​ចូល​ពីរ​គ្រាប់ និង​ Assist មួយ​គ្រាប់ ជួយ​ឱ្យក្រុម​តារាបាល់ទាត់​​កម្ពុជា​ឈ្នះ​ថៃ ៥ ទល់ ៤ ហើយ​លោក​ក៏​ទទួល​បាន​ពាន​កីឡាករ​ឆ្នើមដែរ។

លោក សេង មង្គល លេងនៅក្រុម 12 Happy Football Team
លោក សេង មង្គល ឈ្នះពានកីឡាករឆ្នើមពេលលេងជាមួយក្រុមតារាបាល់ទាត់ថៃ

ក្រៅ​ពី​បាល់​ទាត់​តួឯក​ក្នុង​​រឿង «ផ្ទះ​វិញ្ញាណ» ចេះ​លេង​បាល់​ទះ ខណៈ​សមត្ថភាព​លើ​ប្រភេទ​កីឡានេះមិន​ចាញ់​គ្នា​ឡើយ គ្រាន់​តែ​លោក​មិន​សូវ​ជា​បាន​លេង និង​កីឡា​មួយ​​នោះគឺ​ជីម (បន្ទាប់​ពី​បាល់​ទាត់)។

ពិធីករ​កម្មវិធី Freshie Boy & Girl ជំនាន់ទី​១៩ ពន្យល់​បន្ថែម ៖«បាល់ទាត់​ [ខ្ញុំ] ចូល​ចិត្ត​ខ្លាំង​ហ្មង! ហើយ​ក្រៅ​ពី​បាល់​ទាត់​បើ​​​ទំនេរ​ទៀត​ខ្ញុំ​ទៅ​ជីម។ ហេតុ​អី​បាន​ខ្ញុំ​ទៅ​ជីម ព្រោះ​អី អឺ...​ដើម្បី​ឱ្យ​​​កាយសម្បទា​របស់​យើង​រឹងមាំ ហើយ​ការ​លេង​កីឡា​ដូច​គ្នា។ ការ​លេង​កីឡា​ទាត់​ទង​បាល់​ទាត់​ហ្នឹង​គឺ​​​វា​ចំណេញ ដល់​ពេល​យើង​ទៅ​ជីម​ហ្នឹង គឺ​​យើង​អត់​​ចាំ​បាច់​ទៅ​ហាត់​យក​​កំភួន​ជើង ភ្លៅ ឬ​គូទ​ទេ យើង​ចំណេញ​ត្រង់​អី? នៅ​ពេល​ដែល​យើង​ទៅ​លេង​ យើង​រត់​ទៅ​គឺ​វា​ឡើង​កំភួន​ជើង​ វា​ឡើង​ភ្លៅ និង​គូទ​ឯង​ហ្មង​ អ៊ីចឹង​ដល់​ពេល​យើង​ទៅ​ជីម គ្រាន់​តែ​ហាត់​ពី​ចង្កេះ​ឡើង​លើគឺ​អូខេ​ហើយ អ៊ីចឹង​បាន​ខ្ញុំ​ចូល​ចិត្ត​កីឡា​ពីរ​ហ្នឹង​»៕ ​​

អត្ថបទ៖ អ៊ុំ សុភក្តិ