ជើងខ្លាំង ទម្លាយថ្ងៃប្រកាសចេញ iPhone 12

  • 2020-08-13 01:41:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​ Apple បាន​បញ្ជាក់​ថា​ការ​បញ្ចេញ​លក់ iPhone ជំនាន់​ថ្មី​នា​ឆ្នាំ ២០២០ នេះ នឹង​ចេញ​លក់​យឺត​ជាង​ឆ្នាំ​​មុនៗ​ប្រមាណ ២ ទៅ ៣ សប្ដាហ៍។ ពេល​នេះ​ Jon Prosser បាន​​ទម្លាយ​ចេញ​ថ្ងៃ​ប្រកាស​ចេញ ​ថ្ងៃ​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ និង​ថ្ងៃ​បញ្ចេញ​លក់​នៃ iPhone ជំនាន់​ថ្មី រួម​ទាំង​ផលិតផល Apple ថ្មីៗ​ដទៃ​ទៀត​ផង​ដែរ។

Jon Prosser បាន​ឲ្យ​ដឹង​ថា​​កម្មវិធី​ប្រកាស​ចេញ iPhone ​ជំនាន់​ថ្មី​នា​ឆ្នាំ​នេះ​អាច​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ទី ៤២ ដែល​ទំនង​ជា​នៅ​ថ្ងៃ​ទី ១២ ខែ​តុលា។ បន្ទាប់​មក​ Apple នឹង​បើក​ទទួល​ការ​កុម្ម៉ង់​សម្រាប់ iPhone ប្រភេទ​ធម្មតា នា​ថ្ងៃ​ទី ១២ ខែ​តុលា និង​បញ្ចេញ​លក់​នា​ថ្ងៃ​ទី ១៩ ខែ​តុលា។

ចំណែក iPhone ប្រភេទ Pro វិញ នឹង​បើក​​ទទួល​ការ​កុម្ម៉ង់ ជា​មួយ​នឹង​ការ​បញ្ចេញ​លក់​នា​ខែ​វិច្ឆិកា ប៉ុន្តែ​មិន​ទាន់​មាន​ថ្ងៃ​ខែ​ច្បាស់​លាស់​នៅ​ឡើយ​ទេ។ ​យ៉ាងណាក្ដី​ Jon Prosser ​បាន​បញ្ជាក់​ថា​កាល​បរិច្ឆេទ​អាច​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​សារ​ភាព​មិន​ច្បាស់​ជុំវិញ​ជំងឺ​កូវីដ​១៩។

បុរស​រូប​នេះ​ក៏​បាន​និយាយ​អំពី Apple Watch និង iPad ថ្មី​ផង​ដែរ ដោយ​ផលិតផល​ទាំង​ពីរ​នឹង​បង្ហាញ​ខ្លួន​តាម​រយៈ​សារព័ត៌មាន​លើ​វិបសាយ​របស់ Apple ដែល​ចេញ​នៅ​ថ្ងៃ​ទី ៧ ខែ​កញ្ញា អំឡុង​សប្ដាហ៍​ទី ៣៧។​

គួរ​ដឹង​ថា​ Jon Prosser ​ជា​អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ច្បាស់ៗ​ម្នាក់​ ដូច​ជា​ធ្លាប់​ទម្លាយ​ថ្ងៃ​ប្រកាស​ចេញ iPhone SE ជំនាន់​ថ្មី, ​​ការ​បញ្ចេញ​លក់ iMac ថ្មី​​​​ដែល​មិន​មាន​ប្ដូរ​រូបរាង និង​ការ​ពន្យារ​ពេល​របស់ iPhone ជំនាន់​ថ្មី​ជា​​ដើម៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម