ឯកអគ្គរដ្ឋទូតឥណ្ឌា​ប្រចាំកម្ពុជា ផ្ញើសារ​អបអរ​ថ្ងៃឯករាជ្យជាតិ​ឥណ្ឌា

  • 2020-08-14 06:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី១៥ ខែសីហា ជាទិវា​បុណ្យ​ឯករាជ្យជាតិ​ឥណ្ឌា។ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​បុណ្យឯករាជ្យ​ជាតិ​ឥណ្ឌា លើកទី៧៤ ឆ្នាំ២០២០នេះ លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំព្រះរាជាណាចក្រ​កម្ពុជា បានផ្ញើសារ​ដ៏មានអត្ថន័យ​ ដែលមានខ្លឹមសារទាំងស្រុង​ ដូចខាងក្រោម៖

លោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា ប្រចាំព្រះរាជាណាចក្រ​កម្ពុជា

ខ្ញុំសូមគោរពជម្រាបសួរចំពោះប្រជាជនឥណ្ឌានិងមិត្តភក្តិរបស់ប្រទេសឥណ្ឌាទាំងអស់ នៅក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិឥណ្ឌាលើកទី៧៤។ថ្ងៃសៅរ៍គឺជាខួបនៃ ឯករាជ្យភាពរបស់ឥណ្ឌា ដែលជាពេលយើងអបអរ ចំពោះសមិទ្ធិផលយ៉ាងច្រើនដែលយើងទទួលបាន និងការខិតខំប្រឹងប្រែងជម្នះរាល់ បញ្ហា ប្រឈម ដើម្បីឆ្ពោះទៅរកអនាគតកាន់តែប្រសើរសម្រាប់គ្រប់កិច្ចសហប្រតិបត្តិការជា មួយ មិត្តភក្តិរបស់យើងនៅទូទាំងសកលលោក។

ពិភពលោកកំពុងឆ្លងកាត់បញ្ហាដែលមិនធ្លាប់កើតមានពីមុន បានធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនយ៉ាងខ្លាំង ហើយដើម្បីអាចយកជម្នះបញ្ហាទាំងនេះបានមានតែតាមរយៈកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូប៉ុណ្ណោះ។

ចំណងមិត្តភាព រវាងកម្ពុជា-ឥណ្ឌា មានលក្ខណៈជាប្រវត្តិសាស្ត្រនិងមានភាពរឹងមាំ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានជួយពង្រីកដល់វិស័យជាច្រើន ក្នុងនោះរួមមានទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ និងសាសនាផងដែរ។ ទំនាក់ទំនងជាប្រពៃណីរវាងឥណ្ឌានិងកម្ពុជា មានទាំងនៅក្នុងផ្នែកតន្ត្រី របាំ ស្ថាបត្យកម្ម ទៀផលផោលស្សនវិជ្ជា ភាសា សាសនា និងសូម្បីតែពាណិជ្ជកម្មនិងសេដ្ឋកិច្ច។

នៅក្នុងសម័យទំនើប ទំនាក់ទំនងមាននៅក្នុងវិស័យជាច្រើនទៀតដូចជា ជំនួយមនុស្សធម៌ ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ការកសាងសមត្ថភាព ការបណ្តុះបណ្តាល ពាណិជ្ជកម្ម និងការវិនិយោគ ជំនួយក្នុងគម្រោងអភិវឌ្ឍន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា សមត្ថភាពការពារជាតិ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចសហការនៅលើឆាកអន្តរជាតិ។

ទោះបីឆ្នាំនេះ បានចាប់ផ្តើមជាមួយនឹងបញ្ហាប្រឈមថ្មីនៃជំងឺរាតត្បាតកូវីដ១៩ក្តី ក៏កិច្ច សហប្រតិបត្តិការទ្វេភាគីរបស់យើងនៅតែមាន និងមិនថមថយចុះនោះទេ។ ជាការពិតណាស់ មានភាពរអាក់រអួលមួយចំនួននៅក្នុងខែមីនានិងខែមេសា ដែលត្រូវអោយកម្មវិធីហើយកាលវិភាគដែលបានគ្រោងទុកជាច្រើនរបស់យើងត្រូវបានពន្យារពេល។ ទោះជាយ៉ាងណាទាំងកម្ពុជានិងឥណ្ឌាបានជម្នះបញ្ហាប្រឈមថ្មីនេះនិងបានរកឃើញវិធីនៃកិច្ចសហប្រតិបត្តិការនៅក្នុងបរិយាកាសថ្មី។

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានសន្ទនាតាមទូរស័ព្ទជាមួយសម្តេចហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិភាក្សាអំពីការរីករាលដាលនៃវីរុសកូរ៉ូណា និងមធ្យោបាយនៃការចូលរួមក្រោមការផ្លាស់ប្តូរតាមកាលៈទេសៈ។

ប្រទេសទាំងពីរ មានពលរដ្ឋរបស់ខ្លួនជាប់នៅក្នុងទឹកដីរបស់ប្រទេសនីមួយៗដោយសារតែការរឹតបន្តឹងការធ្វើដំណើរដែលបានដាក់ចេញដោយប្រទេសនៅក្នុងតំបន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ទោះយ៉ាងណា រដ្ឋាភិបាលឥណ្ឌានិងព្រះរាជាណាចក្រកម្ពុជាបានជួយសម្រួលឲ្យមានជើងហោះហើរដើម្បីជម្លៀសពលរដ្ឋជាប់គាំងដោយផ្ទាល់ពីប្រទេសកម្ពុជានិងឥណ្ឌា។

នៅក្រោមបេសកកម្ម Vande Bharat ប្រទេសឥណ្ឌាបានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសកម្ពុជាតាមជើងហោះហើរចំនួនពីរ ដោយមួយជារបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិឥណ្ឌា Air India និងមួយទៀតជាយន្តហោះឯកជន។ ដូចគ្នានេះដែរប្រទេសកម្ពុជាក៏បានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសឥណ្ឌាតាមរយៈជើងហោះហើរ (charter flight) ហើយអ្នកនៅសល់បានត្រឡប់មកប្រទេសកម្ពុជាវិញតាមរយៈជើងហោះហើរពិសេស Air India ។

ជើងហោះហើរនេះក៏បានដឹកជនជាតិខ្មែរមួយចំនួនដែលជាប់គាំងនៅទីក្រុង Male ដែល ត្រូវបានជម្លៀសចេញតាមជើងហោះហើរពិសេសរបស់ Air India ចេញពីទីក្រុង Male មកកាន់ទីក្រុងញូវដេលី។ ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាសម្រាប់ការជួយដល់ដំណើរការជម្លៀសនេះ។ ខ្ញុំក៏សូមអរគុណនិងកោតសរសើរចំពោះក្រសួងសុខាភិបាលដែលបានពង្រីកកិច្ចសហប្រតិបត្តិការក្នុងការជម្លៀសប្រជាជនឥណ្ឌាដែលមានជំងឺធ្ងន់ធ្ងរ។

យើងក៏បានមើលឃើញផងដែរថា ការនាំចេញនិងនាំចូលទំនិញក្នុងកំឡុងពេលនេះមិនមានការរំខានច្រើនឡើយ ហើយឥណ្ឌាបានធានាថារាល់ការនាំចូលឱសថចាំបាច់ពីកម្ពុជានឹងមិនរងផលប៉ះពាល់។

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌាមានការកើនឡើងជាលំដាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៧ មាន ១៦៨,០២ លានដុល្លារអាមេរិក ដែលកើនឡើង ៣៥ ភាគរយ ក្នុងឆ្នាំ ២០១៨ រហូតដល់ ២២៧,២៣ លានដុល្លារអាមេរិកនិងកើនឡើង ១០,១៩ភាគរយ ក្នុងឆ្នាំ២០១៩ ដល់ ២៥០,៤១ លានដុល្លារ។ ដោយសារតែការថយចុះតម្រូវការនិងការរំខានដល់សេដ្ឋកិច្ច យើងគិតថាពាណិជ្ជកម្មនឹងធ្លាក់ចុះនៅក្នុងឆ្នាំនេះ ប៉ុន្តែយើងមានសុទិដ្ឋិនិយមថាស្ថានភាពនេះនឹងប្រសើរឡើងវិញនៅឆ្នាំក្រោយ។

យើងរីករាយដែលក្រសួងពាណិជ្ជកម្មកម្ពុជាបានព្រមព្រៀងជាមួយលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមការងារចម្រុះស្តីពីពាណិជ្ជកម្មទ្វេភាគី។ យើងក៏ពិចារណា អំពីបំណងប្រាថ្នារបស់កម្ពុជាក្នុងការចាប់ផ្តើមការចរចាទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជានិងឥណ្ឌា។

ទោះបីជំងឺរាតត្បាតនៅតែបន្តក្តី ក៏ឥណ្ឌាមិនបញ្ឈប់សូម្បីតែជាបណ្ដោះអាសន្នចំពោះការងារជួសជុលនិងអភិរក្សប្រាសាទតាព្រហ្ម។

យើងក៏បានបន្តគម្រោងសហប្រតិបត្តិការផ្សេងទៀតដូចជា ការបន្តធ្វើជាប្រធាន ក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងវប្បធម៍ (ICCR) និងទស្សនវិជ្ជានៅពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជ ការបង្រៀនយូហ្គា និងលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ និងគ្មានភាពតានតឹង ការចែកចាយថ្នាំពេទ្យ ម៉ាស់ និងសម្ភារសុខាភិបាលផ្សេងទៀតដើម្បីការពារជំងឺកូវីដ១៩។ យើងក៏បានបន្តការគាំទ្រនិងការផ្តល់ មូលនិធិដល់គម្រោង Quick Impact Projects ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន ។

ក្នុងឆ្នាំនេះយើងបានផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន១៥ ដែលកំពុងដំណើរការនៅតាមក្រោមមន្ទីរនិងក្រសួងផ្សេងៗនៃប្រទេសកម្ពុជា។

នៅក្រោមកម្មវិធីសហប្រតិបត្តិការបច្ចេកទេសនិងសេដ្ឋកិច្ចរបស់ឥណ្ឌា បន្ថែមពីលើវគ្គបណ្តុះបណ្តាលដែលត្រូវបានផ្តល់ជូនដៃគូផ្សេងទៀត យើងបានរៀបចំវគ្គបណ្តុះ បណ្តាលតាមតម្រូវការពិសេសសម្រាប់មន្រ្តី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង មន្ត្រីក្រសួងយុត្តិធម៌។

ការប្តេជ្ញាចិត្តរបស់យើងចំពោះកិច្ចសហប្រតិបត្តិការការពារជាតិ ជាពិសេសការដោះមីននិងប្រតិបត្តិការថែរក្សាសន្តិភាព គឺអាចមើលឃើញតាមរយៈការបណ្តុះបណ្តាលនិងកម្មវិធីកសាងសមត្ថភាពផ្សេងៗរបស់យើង ហើយកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយចំនួន១,៥ លានដុល្លារអាមេរិកសម្រាប់ជួយទិញ ឧបករណ៍ដោះមីននៅកម្ពុជា។ យើងធ្លាប់ប្រគល់សុនកហិតក្លិនផ្ទុះចំនួន១៥ក្បាល ហើយយើងក៏កំពុងពិចារណាលើការស្នើរសុំបន្ថែមទៀត។ ក្នុងដំណើរទស្សនកិច្ចសុច្ឆន្ទៈជាទៀងទាត់នាវាកងទ័ពជើងទឹកឥណ្ឌាចំនួនពីរគ្រឿងគឺនាវា Kiltan និង Sahyadri បានមកកាន់ប្រទេសកម្ពុជាកាលពីខែកញ្ញាឆ្នាំ២០១៩។

ប្រទេសឥណ្ឌាក៏ប្តេជ្ញាធ្វើឱ្យមានការតភ្ជាប់កាន់តែប្រសើជាមួយតំបន់អាស៊ាន។ កិច្ចប្រជុំកំពូលតាមអនឡាញ និងពិព័រណ៍ដែលរៀបចំឡើងដោយ CII ស្តីពី« Indo ASEAN Oceanic Business Meet and Expo» បានប្រមូលផ្តុំរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធដ៏ទៃទៀតមកពីឥណ្ឌា អាស៊ាន និងប្រទេសមកពីតំបន់អូសេអានី ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនិងដំណោះស្រាយដើម្បីកែលម្អរូបវន្ត ចំណេះដឹង និងការតភ្ជាប់ឌីជីថលនៅក្នុងតំបន់។

ឥណ្ឌាក៏មានកម្មវិធីសុខភាពនិងការកសាងសមត្ថភាពជាច្រើនទៀតស្ទើរតែជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់។ ប្រទេសកម្ពុជាបានចូលរួមនៅក្នុងវេទិកាទាំងនេះហើយខ្ញុំមានទំនុកចិត្តថាការចែករំលែកបទពិសោធន៍នៅលើវេទិកាទាំងនេះនឹងជួយគ្នាទៅវិញទៅមក រៀបចំយុទ្ធសាស្ត្រ ដើម្បីជម្នះឧបសគ្គបច្ចុប្បន្ននិងកសាងអនាគតដ៏ល្អប្រសើរសម្រាប់យើងទាំងអស់គ្នា។

ខ្ញុំជឿជាក់ថាប្រជាជនឥណ្ឌានិងកម្ពុជាមានអនាគតដ៏ភ្លឺស្វាង ហើយប្រទេសទាំងពីរមានសក្តានុពលដ៏ច្រើនសម្រាប់បង្កើនផលិតភាព។ ខ្ញុំសូមជូនពរ ឱ្យចំណងមិត្តភាពរវាងប្រទេសយើងទាំងពីរកាន់តែរឹងមាំ។ នៅទីបញ្ចប់ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕