ប្រយ័ត្នស៊យធំ! ប៉ុន្មាន​ចំណុច​នេះ​គិត​ដិតដល់​​ដើម្បី​សុវត្ថិភាព​ពេល​ធ្វើ​ដំណើរ

  • 2020-08-18 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដល់ថ្ងៃឈប់​សម្រាក ​ប្រិយមិត្ត​មួយ​ចំនួន​​អាច​មាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ឬ​ក៏​ទៅ​លេង​ស្រុក​កំណើត​ក៏​មិន​ដឹង។ អីចឹង​ដើម្បី​សុវត្ថិភាព និង​ជា​ការ​យល់​ដឹង​បន្ថែម​​ Sabay សូម​ធ្វើ​ការ​ចែក​រំលែក​បទ​ពិសោធន៍​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ការ​ពិនិត្យ​យាន​យន្ត​មុន​ចេញ​ដំណើរ  ដើម្បី​នាំ​សេចក្តី​សុខ​ និង​បញ្ចៀស​បញ្ហា​ផ្សេងៗ​​នឹក​ស្មាន​មិន​ដល់។

អីចឹង​ត្រូវ​មាន​ការ​យល់​ដឹង​យ៉ាង​ណា​ខ្លះ?

@ សម្រាប់​អ្នក​ប្រើប្រាស់​ម៉ូតូ

អ្នក​បើកបរ​ម៉ូតូ​ស្ទើរ​តែ​ទាំង​អស់ មិន​បាន​យក​ចិត្ត​ទុកដាក់​ពិនិត្យ​ម៉ូតូ​មុន​ពេល​ចេញ​ដំណើរ​ដើរ​លេង ឬ​ទៅ​​ផ្លូវ​ឆ្ងាយ​នោះ​ទេ ដែល​នេះ​អាច​ឲ្យ​ពួកគេ​មាន​បញ្ហា​រអាក់រអួល​ពេល​ធ្វើ​ដំណើរ។ ខាង​ក្រោម​នេះ ជា​បច្ចេកទេស​ពិនិត្យ​ម៉ូតូ​ងាយៗ៖

  • សំបក​កង់៖ ពិនិត្យ​មើល​សំបក​កង់​ម៉ូតូ​ថា​តើ វា​សឹក​ក្រឡា​ខ្លាំង ឬ​យ៉ាងណា ព្រោះ​បើ​សំបក​សឹក​គ្មាន​ក្រឡា ការ​បើកបរ​អាច​ប្រឈម​នឹង​រអិល​ដួល ហើយ​ងាយ​នឹង​បែក​កង់។ ក្រៅ​ពី​សំបក​កង់ អ្នក​គប្បី​ផ្លាស់​ពោះវៀន​កង់​ថ្មី បើ​ពោះវៀន​ចាស់​មាន​ស្នាម​ប៉ះ​រួច​ម្ដង ឬ​ពីរ បី​ហើយ​នោះ។

  • សម្ពាធ​ខ្យល់៖ ច្របាច់ ​មើល​កង់​ម៉ូតូ​មុខ​ក្រោយ ថា​តើ​វា​ធូរ ឬ​តឹង​ពេក។ បើ​ធូរ ទៅ​ឲ្យ​ជាង​ផ្លុំ​បន្ថែម​ តែ​បើ​តឹង​ពេក ត្រូវ​បន្ធូរ​បន្តិច ព្រោះ​អាច​នឹង​ក្ដៅ​ប៉ោង​ផ្ទុះ​បែក ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ។

  • ហ្វ្រាំង៖ ហ្វ្រាំង​សំខាន់​បំផុត ពេល​ធ្វើ​ដំណើរ។ ពិនិត្យ​មើល​ហ្វ្រាំង​មុខ​ក្រោយ ថា​តើ​វា​ស៊ី​ឬ​អត់។ បើ​មិន​ទេ ប្រញាប់​ដាក់​ឲ្យ​ជាង​ចាត់​ការ!

  • ច្រវាក់៖ ច្រវាក់ និង​ហ្វ្រាំង​សុទ្ធ​តែ​សំខាន់ ព្រោះ​ប៉ះពាល់​ដល់​អាយុ​ជីវិត។ បើ​ច្រវាក់​ធូរ ត្រូវ​ឲ្យ​ជាង​រឹត​ល្មម ហើយ​ត្រូវ​តែ​ពិនិត្យ​ថា មុខ​តំណ​ច្រវាក់​មាន​បញ្ហា​អត់។ បើ​ច្រវាក់​ដាច់ ពេល​បើកបរ ម៉ូតូ​នឹង​ដួល​បោក​ខ្លួន​ឯង​តែ​ម្ដង ហើយ​អ្នក​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត បើ​បើកបរ​លឿន​គួរ​សម​នោះ។

  • ប្រេង​ម៉ាស៊ីន៖ បើក​គម្រប ​ប្រេង​ម៉ាស៊ីន មើល​ថា​តើ​វា​ខ្មៅ​ខ្លាំង ឬ​ខះ។ បើ​ខ្មៅ​ខ្លាំង ឬ​ខះ អ្នក​ត្រូវ​ផ្លាស់​ប្រេង​ម៉ាស៊ីន​ថ្មី ដើម្បី​ការពារ​កុំ​ឲ្យ​ម៉ាស៊ីន​ក្ដៅ​ខ្លាំង។ ជាទូទៅ មុន​ពេល​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ គេ​ត្រូវ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ​តែ​ម្ដង។

  • ប្រព័ន្ធ​ភ្លើង៖ ពិនិត្យ​ភ្លើង​ហ្វ្រាំង (ពេល​ចាប់​ហ្វ្រាំង) ភ្លើង​ស៊ីញ៉ូ​ឆ្វេង​ស្ដាំ ភ្លើង​ចង្កៀង​មុខ និង​ស៊ីផ្លេ។

  • សាំង៖ ពិនិត្យ​អ្វីៗ​ទាំងអស់ តែ​ភ្លេច​មើល​សាំង គឺ​វរ​ហើយ!

@ សម្រាប់​អ្នកប្រើប្រាស់​រថយន្ត

លោក អួន ថាំរ៉ុង ប្រធាន​ផ្នែក​បច្ចេកទេស​វិស្វកម្ម នៅ​ក្រ​សួង​ការពារ​ជាតិ និង​នាយកដ្ឋាន​វិស្វកម្ម បាន​ចែក​រំលែក​បទ​ពិសោធន៍​នេះ​ថា មុន​ពេល​ចេញ​ដំណើរ​រថយន្ត អ្នក​បើក​បរ​គួរ​ពិនិត្យ​បច្ចេកទេស​មួយ​ចំនួន​ឲ្យ​បាន​ច្បាស់លាស់​ជាមុន​សិន ដើម្បី​ជៀស​វាង​ការ​ខូច​រថយន្ត​នៅ​ពាក់​កណ្ដាល​ផ្លូវ។ បច្ចេកទេស​ទាំង​នេះ អ្នក​បើក​បរ​ពិនិត្យ​ដោយ​ខ្លួន​ឯង​បាន ដោយ​មិន​ចាំ​បាច់​ហៅ​ជាង​មក​ពិនិត្យ​ឲ្យ​នោះ​ទេ។

1. ត្រួត​ពិនិត្យ​ប្រេង​ម៉ាស៊ីន៖ កត្តា ​ចម្បង​គឺ​ពិនិត្យ​ប្រេង​ម៉ាស៊ីន​។ ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់ តើ​រថយន្ត​ដែល​នឹង​ចេញ​ដំណើរ​ជាមួយ​យើង​នេះ មាន​ប្រេង​ម៉ាស៊ីន​គ្រប់​គ្រាន់​តែ​ឬ​ទេ? បើ​សិន​ជា​ដល់​កំណត់​ត្រូវ​ប្ដូរ អ្នក​បើក​បរ​គួរ​តែ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ថ្មី។

2. ពិនិត្យ​ធុង​ទឹក​ឡាន៖ បើសិន​ជា​ឡាន​ខ្វះ​ទឹក វា​អាច​បង្ក​ការ​ខូច​ខាត​ផ្សេងៗ ឬ​ក៏​អាច​ធ្វើ​ឲ្យ​ឡោក​ម៉ាស៊ីន​ឡាន​ផង​ដែរ។ ពិនិត្យ​មើល​ធុង​ទឹក ប្រសិន​បើ​ខ្វះ​ទឹក​ យើង​ត្រូវ​ចាក់​បន្ថែម។ ប៉ុន្តែ​កុំ​បើក​គម្រប​ធុង​ទឹក ពេល​ដែល​ម៉ាស៊ីន​រថយន្ត​​កំពុង​តែ​មាន​កម្ដៅ​ខ្លាំង។

3. ប្រេង​ហ្វ្រាំង៖ ដូចដែល​យើង​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ រដូវ​ចូល​ឆ្នាំ​គឺ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​ដង​វិថី​ច្រើន​ណាស់ បើ​សិន​ជា​ហ្វ្រាំង​ឡាន​មិន​សូវ​ស៊ី គ្រោះ​ថ្នាក់​អាច​កើត​មាន​ឡើង​គ្រប់​ពេល។​ ហ្រ្វាំង​ឡាន ជា​ចំណុច​ដែល​អ្នក​បើក​បរ​ត្រូវ​ប្រយ័ត្ន​បំផុត និង​ឆែក​មើល​ប្រេង​របស់​វា​បាន​គ្រប់​ជ្រុងជ្រោយ។

4. បូម​ចង្កូត៖ ដើម្បីសម្រួល​ការ​បើក​បរ​ឲ្យ​កាន់​តែ​រលូន អ្នក​បើក​បរ​ត្រូវ​ច្បាស់​ថា ចង្កូត​រថយន្ត​ខ្លួន​ដែល​​កំពុង​តែ​កាន់​នោះ គួរ​តែ​ធូរ​ស្រួល​ ងាយ​បង្វិល។ ដូច្នេះ​ដើម្បី​បង្វិល​ចង្កូត​ឲ្យ​បាន​ស្រួល យើង​ត្រូវ​ពិនិត្យ​បូម​ចង្កូត​ដែល​ជា​ផ្នែក​មួយ​​ជួយ​ឲ្យ​រថយន្ត​រត់​ឲ្យ​ ត្រង់​ផ្លូវ​​​បាន។

5. ពិនិត្យ​មើល​កង់ឡាន បន្ទាប់​មក​ពិនិត្យ​មើល​ភ្លើង​រថយន្ត៖ ដើរ ជុំ​វិញ​កង់​ឡាន ឆែកឆេរ​មើល​កង់ឡាន​ ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​មាន​កង់ឡាន​ណា​មួយ​ធូរ​ ឬ​ក៏​បែក​ដែរ​ ឬ​អត់។ ការងារ​បន្ទាប់​ពី​នេះ អ្នក​បើកបរ​ត្រូវ​ធ្វើ​ Test ទៅ​លើ​ប្រព័ន្ធ​ភ្លើង​រថយន្ត​ ដោយ​ពិនិត្យ​ទៅ​លើ​ភ្លើង​មុខ​ក្រោយ ភ្លើង​​ស៊ីញ៉ូ​ឆ្វេង​ស្តាំ ភ្លើង​ហ្វា និង​ភ្លើង​កូត​​ជា​ដើម។

ខាង​លើ​នេះ​គ្រាន់​តែ​ជា​ការ​ពិនិត្យ​ បច្ចេកទេស​មួយ​ចំនួន​ ដែល​អ្នក​បើក​បរ​ថ្មីថ្មោង​គួរ​តែ​ស្វែង​យល់​ប៉ុណ្ណោះ។ បន្ទាប់​ពី​ឆែក​ឆេរ​តាម​​បច្ចេកទេស​​ខាង​លើ​នេះ អ្នក​បើក​បរ​គួរ​តែ​បញ្ឆេះ​ម៉ាស៊ីន​ឡាន ឲ្យ​បាន ២ ទៅ ៣ នាទី​មុន​នឹង​ចេញ​ដំណើរ ដើម្បី​ដាស់​ម៉ាស៊ីន​ឲ្យ​រលូន។ ក្នុង​រយៈ​ពេល​ ២ ទៅ ៣ នាទី​នេះ សម្រាប់​អ្នក​បើកបរ​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ គេ​ក៏​អាច​ស្ដាប់​​ដំណើរ​ការ​នៃ​ម៉ាស៊ីន​រថយន្ត​ ដើម្បី​រក​ពិនិត្យ​បច្ចេកទេស​ផ្សេងៗ​ផង​ដែរ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម