ខេម ប្រតិកម្ម​ខ្លាំង​ទាំង​កណ្ដាល​អាធ្រាត្រ ក្រោយ ថោន ចេញ​សេចក្ដី​ជូន​ដំណឹង​ថា ខ្លួន​បំពាន​កុងត្រា

  • 2020-08-25 02:49:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សំឡេង​ស្អក​លោក ប៉ុន សុណារិន ហៅ ខេម បង្ហាញ​ការ​អន់ចិត្ត​ខ្លាំង​ចំពោះ​អតីត​មេ​របស់​ខ្លួន​ដែល​ជា​ចាងហ្វាង​ផលិតកម្ម​ទីក្រុង​ភាពយន្ត(ថោន) ដោយ​នៅ​​យប់​មិញ​នេះ លោក​បាន​ចេញ​ប្រតិកម្ម​ខ្លាំង​ៗ​ ដោយ​ហ៊ាន​ទាំង​ហៅ​ខ្លួន​ឯង​ថា​ជា "ឆ្កែ​មួយ​ក្បាល" ថែម​ទៀត ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​សេចក្ដី​ជូន​ដំណឹង​របស់​ផលិតកម្ម​ដើម​កាល​ពី​រសៀល​ម្សិលមិញនោះ។

ប្រតិកម្ម​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ឆ្នាំង កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​ផលិតកម្ម ថោន បាន​ចេញ​សេចក្ដី​ជូនដំណឹង​ជា​សាធារណៈ​មួយ​ដោយ​ហៅ ខេម ឲ្យ​ចូល​ជួប​ដោះស្រាយ​រឿង​កិច្ច​សន្យា​ការងារ​ដែល​មិន​ទាន់​ដាច់​ស្រេច។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៤ សីហា ម្សិលមិញ ថោន បាន​លើក​ឡើង​ថា លោក ប៊ុន សុណារិន ហៅ ខេម នៅ​មាន​កុងត្រា​ការងារ​ជាមួយ​នឹង​ផលិតកម្ម​រហូត​ដល់​ខែ​ដំណាច់​ខែ​ធ្នូ ២០២០។ ប៉ុន្តែ​ក្នុង​ពេល​ដែល​កិច្ចសន្យា​នៅ​មាន​សុពលភាព​នៅ​ឡើយនេះ ស្រាប់​តែ​តារា​ចម្រៀង បាន​លេច​មុខ​ទៅ​ច្រៀង​នៅ​ផលិតកម្ម​ផ្សេង។ ដូច្នេះ​ហើយ ផលិតកម្ម​ស្នើ​សុំ​សាមី​ខ្លួន​ចូល​មក​ជួប​ពិភាក្សា និង​បក​ស្រាយ​ចំពោះ​រឿង​ដែល​កើត​ឡើង

ចំពោះ​បញ្ហា​នេះ តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ឆ្នាំង បាន​បញ្ជាក់​នៅ​ក្នុង​សារ​ដ៏​វែងអន្លាយ​របស់​ខ្លួន​មួយ​កាល​ពី​យប់​មិញ​ថា រូប​លោក​ពិត​ជា​ហួស​ចិត្ត​ណាស់ និង​ថា លោក​បាន​​ដាក់​លិខិត​លាឈប់​ដល់​អ្នក​គ្រប់គ្រង​ផលិតកម្ម​ថោនហើយ ហើយ​នៅ​មុន​នេះ លោក​ក៏​ធ្លាប់​បាន​សុំ​មើល​កុងត្រា​ការងារ​របស់លោកដែរ ដែល​ភាគីផលិតកម្ម​អះអាង​ថា​រូបលោកមិន​ទាន់​អនុវត្ដចប់។

ខេម អះអាង​ថា លោក​ច្បាស់​ក្នុង​ចិត្ដ​ថា​បាន​អនុវត្ត​ចប់​ហើយ​សម្រាប់​កិច្ចសន្យាការងារ​រវាង​គ្នា យ៉ាង​ណា ដើម្បី​ឲ្យ​ច្បាស់​លោក​បាន​ស្នើ​សុំ​ពិនិត្យ​មើល​កុងត្រា​​រវាង​គ្នា​ឡើង​វិញ ប៉ុន្តែ​លោក​មិន​ទទួល​បាន​ឱកាស​នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា ផលិតកម្ម​មាន​ចេតនា​គេចវេះ​ម្ដង​ហើយ​​ម្ដង​ទៀត មិន​ចង់លោក​អោយ​មើល។

ចំពោះ​បញ្ហា​នេះ លោក អ៊ិន រិទ្ធីចិត្រ អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ផលិតកម្ម​ថោន​ បាន​ឆ្លើយ​តប​ថា ផលិតកម្ម​មិន​មាន​ចេតនា​គេចវេះ​ឡើយ។ លោក​បាន​ពន្យល់​ថា កិច្ច​សន្យា​ការងារ​របស់​តារា​ចម្រៀង និង​ផលិតកម្ម​ ត្រូវ​បាន​​គ្រប់​គ្រង និង​រក្សា​ទុក​ដោយ​ថ្នាក់​ដឹកនាំ​កំពូល​របស់​ផលិតកម្ម។ ក្រោយ​ការ​ស្នើ​សុំ​របស់​តារា​ចម្រៀង ផលិតកម្ម​ក៏​បាន​អនុវត្ត​តាម​ការ​ស្នើ​សុំ ដោយ​បាន​បញ្ជូន​សំណើ​នេះ​ទៅ​កាន់​ថ្នាក់​ដឹកនាំ​ភ្លាម​ៗ។

ប៉ុន្តែ​ថ្នាក់​ដឹកនាំ​កំពូល ក៏​មាន​ការ​មមាញឹក​ក្នុង​កិច្ច​ការងារ​ផ្សេង​ៗ​ដែរ​នោះ ​ទម្រាំ​បាន​សើរើ​រក​បាន​កិច្ចសន្យា និង​បញ្ជូន​មក​ដល់​ផលិតកម្ម ទើប​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ។ លោក រិទ្ធីចិត្រ ថ្លែង​ថា៖

“មិន​មែន​មិន​ចង់​ឲ្យ​គាត់​មើល​ទេ តែ​កុងត្រា​នៅ​នឹង​មេ ហើយ​មេ​គាត់​រវល់ ទម្រាំ​គាត់​បាន​បញ្ជូន​មក​ដល់​ខ្ញុំ ហើយ​​ខ្ញុំ​ក៏​រវល់​ចេញ​ទៅ​ថត​នៅ​ខេត្ត​ទៀត ទើប​រឹត​តែ​យូរ​ទៀត ប៉ុន្តែ​ក្រោយ​ពី​ទទួល​បាន​កុងត្រា​នោះ ខ្ញុំ​បាន​ប្រាប់​គាត់​ដែរ ខ្ញុំ​ប្រាប់​ថា ខេម ឥឡូវ​មេ​គាត់​ផ្ញើ​កុងត្រា​មក​ហើយ អីចឹង​ចាំ​មក​មើល​មក...ថា​តើ​ជា​របស់ ខេម ឯង ឬ​យ៉ាង​ម៉េច ប៉ុន្តែ​ស្រាប់​តែ​គាត់​ចេញ​បទ​ចម្រៀង​នៅ​ផលិតកម្ម​គេ​ទៅ​ហើយ និយាយ​ទៅ គាត់​មក​សុំ​មើល​ភ្លាម ថ្ងៃ​បន្ទាប់​គាត់​បាន​ចេញទៅ​ច្រៀង​នៅ​ផលិតកម្ម​គេ​បាត់​ហើយ និយាយ​ទៅ គាត់​អត់​មាន​ទុក​ពេល​ដោះ​ស្រាយ​គ្នា​ឲ្យ​ចប់​សិន!”។

ដោយ​សំអាង​ថា​អ្វី​ៗ​នៅ​មិន​ទាន់​ដាច់​ស្រេច​ការងារ​រវាង​គ្នា ទើប​ផលិតកម្ម​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​រសៀល​ម្សិលមិញ ដោយ​ស្នើ​តារា​ចម្រៀង​ចូល​ខ្លួន​ទៅ​បក​ស្រាយ និង​ដោះស្រាយ​ការងារ​ជាមួយ​គ្នា។

គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ ថា​តើ​តារា​ចម្រៀង​ខេម នឹង​ចូល​ខ្លួន​ទៅ​បកស្រាយ​រឿង​កុងត្រា ជាមួយ​ម្ចាស់​ផលិតកម្ម​ថោន​នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០២០ នេះដែរ ឬ​យ៉ាង​ណា​ទេ ខណៈ​សាមី​ខ្លួន​នៅ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន។ យ៉ាងណាតាម​រយៈ​សំណេរ​វែង​អន្លាយ លោក ខេម បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នេះ​រូប​លោក​ជាប់​ទទួល​កម្មវិធី​របស់​គេ​ហើយ។

ចំណុ​ចនេះ សាមី​ខ្លួន​តារា​ចម្រៀង បាន​លើក​ឡើង​ថា ផលិតកម្មចាស់ ហាក់​មាន​ចេតនា​ធ្វើ​បាប​រូប​លោកដែល​ចេញ​សេចក្ដី​ជូន​ដំណឹង​ភ្លាម បង្គាប់ឲ្យ​ចូល​ខ្លួន​ភ្លាម​ត្រឹម​រយៈ​ពេល​១​ថ្ងៃ​នេះ។ ខេម ថ្លែង​ថា ​បើ​ទោះ​តាម​​ផ្លូវ​ច្បាប់ ឬ​តុលាការ ក៏​គេ​ទុក​ពេល​ច្រើន​ជាង​នេះ​ដែរ ពោល​គឺ​មិន​ចេញ​លិខិត​ថ្ងៃ​ទី២៤ ហើយ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី២៥​ឡើយ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ