យឹម តាស្រង់ ចេញ​មក​សង្កត់​ទម្ងន់​រឿង​ចចាមអារ៉ាម ពាក់​ព័ន្ធ​នឹង​សិរីមន្ត

  • 2020-08-25 04:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ផលិតកម្ម Galaxy Navatra ត្រៀម​រៀប​ពិធី​ធំ​ទទួល​បេក្ខភាព​លោក ព្រាប សុវត្ថិ នៅ​ល្ងាច​នេះ ក៏​លេច​មន្ទិល​មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​លោក ខេមរៈ សិរីមន្ត ក្នុង​សាច់​រឿង​ស្រដៀង​គ្នា ឥឡូវ​នេះ​លោក យឹម តាស្រង់ បាន​ចេញ​មក​បញ្ជាក់​បន្ថែម​លើ​ករណី​នេះ។

មន្ទិល​អំពី ខេមរៈ សិរីមន្ត ភ្ជាប់​ជាមួយ Galaxy បន្ទាប់​ពី​ម្សិលមិញ​នេះ​បាន​លេច​រូបភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​ការ​ជួប​ជុំ​របស់​តារា​ចម្រៀង និង​ថ្នាក់​ដឹកនាំ​ផលិតកម្ម Galaxy។ រូប​ភាព​នេះ នាំ​ឲ្យ​មាន​ការ​ចោទ​សួរ ថា​តើ សិរីមន្ត នឹង​ទៅ​តាម ព្រាប សុវត្ថិ ចូល​ផលិតកម្ម​នេះ ឬ​យ៉ាង​ណា?

មាន​ចំណុច​ខ្លះ​ត្រូវ​បាន​លើក​យក​មក​វិភាគ​ចំពោះ​មន្ទិល​នេះ ក្នុង​នោះ​គឺ​ថា ទាំង សិរីមន្ត និង ព្រាប សុវត្ថិ សុទ្ធ​ជា​អ្នក​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ផលិតកម្ម ពិសេស​គឺ​ឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា។ ទំនាក់ទំនង​នេះ កើត​ឡើង​តាម​រយៈ​ការ​រកស៊ី​អចលនទ្រព្យ​ជាមួយ​គ្នា​កន្លង​មក​រវាង​ភាគី​ទាំង​៣។ ដោយ​ឡែក សិរីមន្ត នៅ​មាន​ទំនាក់ទំនង​មួយ​ទៀត តាម​រយៈ​ការ​ចូល​រួម​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​កសិផល​ធម្មជាតិ​ដាំ​ដុះ​ដោយ​កសិករ​ក្នុង​ស្រុក តាម​រយៈ​គម្រោង​ផ្សារ "កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា" ដែល​បាន​ដំណើរ​កាល​ពី​ដើម​ឆ្នាំ​នេះ។

ជា​រួម​តាម​រយៈ​និន្នាការ​នៃ​ទំនាក់​ទំនង​នេះ គេ​ជឿ​ថា​តិច ឬ​ច្រើន​នឹង​មាន​ឥទ្ធិពល​ទៅ​លើ​ការងារ​របស់​ភាគី​ទាំង​សងខាង មិន​ថា​តែ​អចលនទ្រព្យ និង​ការងារ​សិល្បៈ។ ចំណុច​នេះ ខេម និង​សូម្បី​លោក ព្រាប សុវត្ថិ ក៏​បាន​ចាត់​ជា ជា​ឧទាហរណ៍​ជាក់​ស្ដែង​ចំនួន​២ ដែល​ពេល​នេះ​បាន​ក្លាយ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម Galaxy Navatra ទៅ​ហើយ ហើយ​ក្នុង​នោះ ឥទ្ធិពល​នៃ​ទំនាក់ទំនង គឺ​ជឿ​ថា​ជា ហេតុផល​មួយ​ដែល​មិន​អាច​ទាត់​ចោល​បាន។

ដូច្នេះ​ហើយ ខេមរៈ សិរីមន្ត ដែល​ស្ថិត​ក្នុង​ដំណើរ​រឿង​ស្រដៀង​គ្នា បាន​នាំ​ឲ្យ​មាន​ការ​សង្ស័យ​ថា អាច​នឹង​ក្លាយ​ជា​អ្នក​ទី​៣ ដែល​ផ្លាស់​ចូល​មក​ផលិតកម្ម​កូន​ពៅ​នៅ​ពេល​ណា​មួយ​មិន​ខាន ក្រោយ​ពី​លេច​រូបភាព​ជុំ​គ្នា​ជាមួយ​ថ្នាក់​ដឹកនាំ Galaxy ​ជា​ថ្មី​ម្សិលមិញ​នេះ។

ចំពោះ​ករណី​នេះ លោក ខេមរៈ សិរីមន្ដ បាន​ឆ្លើយ​តប​ជាមួយ ​Sabay រួច​ហើយ​ថា មិន​មែន​ជា​ការ​ពិត​ទេ។ លោក​ថា រូប​ថត​ដែល​បាន​បង្ហាញ​នោះ គឺ​ការ​ទទួល​ទាន​អាហារ​សាមគ្គី​រវាង​រូប​លោក ជាមួយ​នឹង​ក្រុម​ការងារ​ផ្នែក​អចលនទ្រព្យ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ឡេង ណាវាត្រា ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​ការងារ​សិល្បៈ​ឡើយ។ លោក​បញ្ជាក់​ថា ក្រៅ​ពី​ចម្រៀង​ លោក​មាន​សិទ្ធិ​រក​ស៊ីផ្នែក​អចលនទ្រព្យ​ជាមួយ​អ្នក​ណា​ក៏​បាន។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​លោក​ជា​តារា​ចម្រៀង​ពេញ​សិទ្ធិ​របស់ ហង្សមាស ដោយ​ឡែក​រឿង​អនាគត គឺ​ជា​រឿង​ដែល​មិន​អាច​ទាយ​ទុក​បាន​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​ឡើយ។

ងាក​មក​លោក យឹម តាស្រង់ នាយក​គ្រប់​គ្រង​ផលិតកម្ម Galaxy Navatra ក៏​ដូច​គ្នា​លោក​ថា ការ​ជួប​ជាមួយ ខេមរៈ សិរីមន្ត គឺ​ជា​រឿង​ការងារ​រកស៊ី​ក្នុង​អចលនទ្រព្យ​យ៉ាង​ពិត​ប្រាកដ។ ចំពោះ​ការ​លើក​ឡើង​ថា នោះ​ជា​ការ​ចាប់​ផ្ដើម​នៃ​ការ​នាំ​យក តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម មក​ចូល​រួម​ទៀត​នោះ លោក​ក៏​បាន​ច្រាន​ចោល​ជា​ថ្មី​ទៀត ដោយ​លោក​លើក​ឡើង​ថា ជា​រឿង​ដែល​មិន​ទាន់​បាន​គិត​ទាល់​តែ​សោះ។“អត់​ទេ​ៗ​បង និយាយ​ទៅ ខ្ញុំ​មិន​ទាន់​ទាំង​បាន​គិត​ដល់​រឿង​នោះ​ផង!(សើច)”។

នាយក​គ្រប់​គ្រង​ដដែល បាន​សង្កត់​ធ្ងន់​ថា រឿង​បញ្ចូល​តារា​បន្ថែម​ទៀត​ឬ​អត់ និង​ថា​អ្នក​ណា​ខ្លះ​នឹង​ត្រូវ​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី គឺ​មិន​ទាន់​មាន មិន​ទាន់​គិត​ដល់​ឡើយ។ លោក​ថា អ្វី​ដែល​បាន និង​កំពុង​គិត គឺ​លើ​តារា​ចម្រៀង​ដែល​មាន​ស្រាប់ ជា​ពិសេស គឺ​គិត​ទៅ​លើ​កម្មវិធី​ជប់លៀង​ទទួល​លោក ព្រាប សុវត្ថិ នា​ល្ងាច​នេះ​សិន។ "រឿង​ផ្សេង​​កុំ​គិត គិត​តែ​រឿង​សប្បាយ​ៗ​ល្ងាច​នេះ​ទៅ​បង!”។

Galaxy Navatra នឹង​ធ្វើ​ពិធី​ជប់​លៀង​ធំ ទទួល​លោក ព្រាប សុវត្ថិ ចូល​មក​ក្នុង​គ្រួសារ Galaxy នៅ​ល្ងាច​នេះ នៅ​សណ្ឋាគារ Garden City។ ពិធី​នេះ ត្រូវ​បាន​បញ្ជាក់​ថា នឹង​មាន​វត្តមាន​សិល្បករ​ខ្មែរ​ល្បី​ៗ​ជា​ច្រើន​រូប នឹង​បង្ហាញ​វត្តមាន ធ្វើ​ជា​សក្ខីភាព និង​រីករាយ​ជាមួយ​គ្នា​នៅ​លើ​ភូមិសាស្ត្រ​របស់ឧកញ៉ា លី យ៉ុងបាត់៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី