រឿង​ពិសេស៥​យ៉ាង​ពី Alphonso ​ក្មេង​Barcaមិនយក ​​ស៊ូ​ទ្រាំក្លាយ​ជា Super Star

  • 2020-08-26 00:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alphonso Davies ​ក្លាយ​ជា​កីឡាករ​គេ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​របស់​ក្រុម Bayern Munich ​បន្ទាប់​ពី​រូបគេ​បង្ហាញ​សមត្ថភាព​លេចធ្លោ​ខ្លាំង ​នា​រដូវ​កាល​នេះ​។

​កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ ក្លាយ​ជា​កីឡាករ​កាណាដា​ដំបូង​គេ​លេង​ឱ្យ Bayern Munich ​និង​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​។ ​គ្រប់​គ្នា​ប្រហែល​ជា​បាន​ឃើញ​សមត្ថភាព​លើ​ទីលាន​របស់​រូបគេ​ហើយ ប៉ុន្តែ​បើ​បាន​ដឹង​ប្រវត្តិ​របស់ Alphonso ​ទៀត ​គឺ​រឹត​តែ​គោរព​និង​ស្រលាញ់​ខ្សែ​ការពារ​ស្លាប​រូប​នេះ​មួយ​កម្រិត​ទៀត​ហើយ។ ខាង​ក្រោម​នេះ​ជា​រឿង​មួយ​ចំនួន​គ្រប់​គ្នា​គួរ​ដឹង​ពី​រូបគេ៖

​១ Alphonso Davies ​កើត​នៅ​ជំរំ​ជន​ភៀស​ខ្លួន​

Alphonso Davies ​បាន​កើត​នៅ​ជំរំ​ជន​ភៀស​ខ្លួន ​អំឡុង​សង្គ្រាម​ស៊ីវិល​នៅ​លីបេរីយ៉ា។ រូបគេ​បាន​បន្ដ​ដំណើរ​ទៅ​កាន់​កាណាដា​ដើម្បី​ស្វែង​រក​កន្លែង​រស់​នៅ​នៅ​អាយុ​៥​ឆ្នាំ។ ​ចំណាយ​ពេល​១៣​ឆ្នាំ​ឯ​ណោះ ទើប​រូបគេ​ទទួល​បាន​សញ្ជាតិ​កាណាដា ​និង​មាន​សិទ្ធិ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​នេះ​តែ​ម្ដង។

២ ​ទម្រាំ​សុំ​ម្ដាយ​បាន​ទៅ​លេង​បាល់ ពិត​ជា​ពិបាក

Alphonso ​ជា​ក្មេង​ម្នាក់ ​ដែល​ស្លូតបូត​ខ្លាំង​មែនទែន។ ​នៅ​ពេល​រូបគេ​សុំ​ម្ដាយ​ដើម្បី​ទៅ​លេង​បាល់ គឺ​ម្ដាយ​របស់​គេ ​មិន​យល់​ព្រម​ឡើយ ព្រោះ​ខ្លាច Alphonso ​ដើរ​ផ្លូវ​ខុស ពេល​មិន​បាន​នៅ​ជុំ​គ្រួសារ។ ​តែ​ដោយសារ​ទឹក​ចិត្ត​ស្រលាញ់​បាល់ទាត់​ខ្លាំង រូបគេ​បាន​សន្យា​ជាមួយ​ម្ដាយ​ថា ​នឹង​មិន​ធ្វើ​ខុស​ទេ ​ហើយ​នឹង​ធ្វើ​ឱ្យ​គ្រួសារ​មាន​មោទកភាព​ថែម​ទៀត​ផង។

៣ Barcelona ​មាន​ឱកាស​យក​គេ​មុន Bayern ​ទៀត

​ក្រុម FC Barcelona ​មាន​ឱកាស​ចុះ​កុងត្រា​យក​រូបគេ​មុន​ក្រុម Bayern Munich ​ទៅ​ទៀត ​ប៉ុន្តែ​ប្រធាន​ក្លឹប​លោក ​Josep Maria Bartomeu ​មិន​ព្រម​ទិញ​វិញ។ ​ដោយ​គ្រា​នោះ ​លោក Bartomeu ​បាន​និយាយ​ថា​៖ គាត់​ជា​ជនជាតិ​កាណាដា ​ទេ ​អរគុណ​ហើយ។

៤ Thomas Muller ​ហៅ​គេ​ថា ​ជើង​ឯក​រត់​តាម​ផ្លូវ

​ Alphonso ​បាន​ក្លាយ​ជា​កីឡាករ​រត់​លឿន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Bundesliga ​។ ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០២០​កន្លង​ទៅ ​រូបគេ​មាន​កំណត់ត្រា​ល្បឿន​ ៣៦,៥១​គីឡូម៉ែត្រ​ឯ​ណោះ​ក្នុង​១​ម៉ោង។ Thomas Muller ​បាន​ហៅ​គេ​ថា ​ជា​ជើង​ឯក​រត់​ល្បឿន​តាម​ដង​ផ្លូវ។

​៥ Messi ​ជា Idol ​របស់ Alphonso

ប្រិយមិត្ត​ប្រហែល​ជា​មិន​បាន​ដឹង​ទេ ​កាល​ពី​ក្មេង​ Alphonso ​នេះ ​បាន​យក​រូប Messi ​​បិទ​ពេញ​បន្ទប់​របស់​គេ។ ​ខ្សែ​ការពារ​ស្លាប​រូប​នេះ ​បាន​បញ្ជាក់​ថា​រាល់​ពេល​ហ្វឹកហាត់​ខ្លួន​តែងតែ​ព្យាយាម​បំផុត ដើម្បី​លេង​ឱ្យ​ដូច Messi ​។

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី