រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ លើការអភិវឌ្ឍ និងសាងសង់បណ្តាញលូ នៅទូទាំងទីក្រុង

  • 2020-08-27 10:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និង សម្របសម្រួលគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពគម្រោងលើកកម្ពស់ ការផ្គត់ផ្គង់ទឹក ស្អាត និងអនាម័យក្រោមហិរញប្បទានឥណទានសម្បទានរបស់ធនាគារពិភពលោក ដោយមានការចូល រួមពីសា្ថប័ន និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីប្រកាសសុពលភាពសមាសភាពគណៈកម្មការ និងពិភាក្សាលើរបៀបវារៈ មួយ ចំនួនដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ និងធនាគារពិភពលោក ទាក់ទងនឹងស្តង់ដារគុណភាពបញ្ចេញទឹកកខ្វក់ពីស្ថានីយប្រព្រឹត្តិកម្ម យន្តការកំណត់តម្លៃសេវាទឹកកខ្វក់ ការដាក់បញ្ចូលតម្លៃសេវាទឹកកខ្វក់ទៅក្នុងវិក្កយបត្រទឹកស្អាត និងការ ពង្រឹងការផ្តល់សេវាគ្រប់គ្រងសំណល់ភក់ពីបង្គន់។

ឯកឧត្ដមអនុរដ្ឋលេខាធិការបានមានប្រសាសន៍ថា៖ ដើម្បីធានាដល់ប្រយោជន៍សុខភាពសាធារណៈ និងអនាម័យនៅក្នុងទីក្រុង និងដើម្បីបំពេញបន្ថែមលើការវិនិយោគដោយធនាគារអភិវឌ្ឍន៍អាស៊ីរាជរដ្ឋា ភិបាលកម្ពុជាបានស្នើសុំការគាំទ្រពីធនាគារពិភពលោកលើការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត ទឹកស្អាត និង សុខភាពអនាម័យសាធារណៈ និងលើកកម្ពស់ជីវភាពរស់របស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្ថែមថា៖ ការអភិវឌ្ឍប្រកបដោយចីរភាពទាមទារកិច្ចសហការរវាងរដ្ឋ និងឯកជន។ ហេតុនេះក្រសួងបាននិងបន្តស្វែងរកដៃគូអភិវឌ្ឍន៍នានាក្នុងការសាងសង់បណ្តាញលូ ស្ថានីយបូម និងស្ថានីយប្រព្រឹត្តិកម្មឱ្យបានគ្រប់ខេត្ត-រាជធានី។

លើសពីនេះទៀត ឯកឧត្ដមអនុរដ្ឋលេខាធិការបានបន្តថា៖ ដើម្បីអនុវត្តគម្រោងលើកកម្ពស់ទឹកស្អាត និងអនាម័យឱ្យមានប្រសិទ្ធភាព យើងត្រូវមានច្បាប់ និងបទដ្ឋានគតិយុត្តិជាមាគ៌ា ការចូលរួមពី បងប្អូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ការបំផុសស្មារតីលើភាពម្ចាស់ការ ការពង្រឹង សមត្ថភាពប្រតិបត្តិករ ការបណ្ដុះបណ្ដាលនិងអប់រំប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយឱ្យបានទូលំ ទូលាយផងដែរ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម បានបញ្ជាក់ថា៖ ទីក្រុងស្អាត ប្រទេសមាន សណ្ដាប់ធ្នាប់អនាម័យល្អអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកទស្សនា និងដាក់ទុនបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋ ឈានទៅ លើកកម្ពស់ជីវភាពរស់ឱ្យកាន់តែសម្បូរ សប្បាយថែមទៀត។

ជាទីបញ្ចប់ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះធនាគារពិភពលោក ដែលជាដៃគូសហការយូរអង្វែងរបស់ក្រសួងសាធារណការ និងដឹក ជញ្ជូន លើការផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាត និងក្រុមការងារដែលបាន ខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយចិត្ត ព្រមទាំងលើកទឹកចិត្តឱ្យក្រុមការងារបន្តវប្បធម៌ សហការនេះឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីបម្រើឧត្ដមប្រយោជន៍ជាតិ៕

ប្រភព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន