មកដឹងពីកម្មវិធីលេងម៉ូតូ Royal Enfield បង្កើតឡើងដោយក្រុមហ៊ុនផ្ទាល់

  • 2020-08-28 07:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​អ្នក​ដែល​ស្រឡាញ់​ម៉ូតូ​ខ្លាំង ជា​ធម្មតា​ពួក​គេ​និយម​លេង​ម៉ូតូ ដែល​វា​ជា​វប្បធម៍​មួយ​​កំពុង​តែ​បន្ត​រីក​លូតលាស់ និង​បន្ត​ទទួល​បាន​ការ​ពេញ​និយម​កាន់​តែ​ខ្លាំង​ឡើង។ ការ​លេង​ម៉ូត​​ប្លែកៗ​លើ​ម៉ូតូ​ដែល​ខ្លួន​ស្រឡាញ់ ជា​វិធី​មួយ​ដែល​ម្ចាស់​​ម៉ូតូ​អាច​បង្ហាញ​អំពី​អត្តសញ្ញាណ និង​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ។

សម្រាប់​ការ​លេង​ម៉ូតូ​នៅ​ទូទាំង​សកល​លោក ម៉ូតូ​ Royal Enfield បាន​ក្លាយ​ជា​ជម្រើស​ពេញ​និយម​មួយ​សម្រាប់​ការ​លេង។ ការ​ឌីហ្សាញ​​បែប​សាមញ្ញ​ប៉ុន្តែ​ទាក់ទាញ​របស់​ម៉ូតូ Royald Enfield អាច​ឲ្យ​គេ​​ធ្វើ​ការ​តុប​តែង​ម៉ូតូ​នេះ​បាន​យ៉ាង​ងាយ​ស្រួល ​ដែល​ពេល​លេង​ហើយ​ធ្វើ​ឲ្យ​ម៉ូតូ​កាន់​តែ​ទាក់ទាញ​មួយ​កម្រិត​ទៀត។

ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ក្រុម​អ្នក​ចូល​ចិត្ត​ស្រឡាញ់​ម៉ូតូ ដែល​ចូល​ចិត្ត​លេង​ម៉ូត​ម៉ូតូ​របស់​ខ្លួន ក្រុមហ៊ុន Royal Enfield ក៏​បាន​បង្កើត​កម្មវិធី​មួយ​ឡើង​ឈ្មោះ​ថា Custom Program កាល​ពី​ឆ្នាំ ២០១៦ ដែល​វា​បាន​ប្រែ​ក្លាយ​មក​ជា​ Royal Enfield Custom Program មក​ទល់​សព្វ​ថ្ងៃ​នេះ។ ក្នុង​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្មវិធី Royal Enfield Custom បាន​សហការ​ជា​មួយ​ការ៉ាស​ជំនាញ​ខាង​កែ​ម៉ូតូ​​ល្បីៗ មាន​​នៅ​ប្រទេស​ឥណ្ឌា អាស៊ីអាគ្នេយ៍ អូស្ត្រាលី អឺរ៉ុប និង​អាមេរិក និង​បាន​លេង​ម៉ូតូ​បាន​ចំនួន​ជាង ៣០​គ្រឿង។

ខាង​ក្រោម​នេះ​ជា​​រូបភាព​នៃ​​បណ្ដា​​ម៉ូតូ​ដែល​បាន​ឆ្លង​កាត់​ការ​លេង​រួច ៖

Bonneville Salt Track Racer
  • ​​​ឈ្មោះ ៖ Bonneville Salt Track Racer

  • បង្ហាញមុខ ៖ នៅលើ Bonneville Salt Flats រដ្ឋ Utah សហរដ្ឋអាមេរិក ឆ្នាំ ២០១៧

  • ផលិតលើម៉ូតូ ៖ Continental GT 650

  • អ្នកផលិត ៖ Royal Enfield

  • Concept ៖ វា​ជា​លទ្ធផល​ដែល​កើត​ចេញ​ពី​សហការ​គ្នា​រវាង Royal Enfield ជា​មួយ​នឹង​ S&S Cycle, Harris Performance និង​អ្នក​ជិះ​ម៉ូតូ Cayla Rivas ដែល​មាន​គោល​បំណង​​បង្ហាញ​អំពី​សមត្ថភាព​ដ៏​អស្ចារ្យ​នៃ​ម៉ាស៊ីន 650 Twin ថ្មី​របស់ Royal Enfield។​

SG 411
  • ​​ឈ្មោះ ៖ SG 411

  • បង្ហាញមុខ ៖ នៅកម្មវិធី IMOS ទីក្រុង​ហ្សាកាតា​ ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ ២០១៨

  • ផលិតលើម៉ូតូ ៖ Himalayan

  • អ្នកផលិត ៖ Smoked Garage ប្រទេស​ឥណ្ឌូណេស៊ី

  • Concept ៖ ម៉ូតូ SG 411 ​ផលិត​ដោយ​ផ្អែក​លើ​ម៉ូតូ Himalayan ដែល​វា​មាន​បង្ហាញ​ពី​ភាព​បត់បែន សមត្ថភាព​​ ​ភាព​រឹង​មាំ​នៃ​ម៉ូតូ និង​បាន​កែប្រែ​មុខមាត់ Himalayan ឲ្យ​កាន់​តែ​ទាន់​សម័យ។

Midas Royal
  • ​​ឈ្មោះ ៖ Midas Royal

  • បង្ហាញមុខ ៖ នៅកម្មវិធី EICMA ទីក្រុង Milan ប្រទេសអ៊ីតាលី ឆ្នាំ ២០១៨

  • ផលិតលើម៉ូតូ ៖ Continental GT 650

  • អ្នកផលិត ៖ Rough Crafts កោះតៃវ៉ាន់

  • Concept ៖ ម៉ូតូ Midas Royal ទទួល​បាន​គំនិត​ចេញ​ពី​ម៉ូតូ​ប្រណាំង​បុរាណ​កាល​ទសវត្ស​​ទី ៥០ និង ៦០ ដែល​ជា​​សហការ​គ្នា​រវាង Royal Enfield និង Winston Yeh ​ម្ចាស់​ Rough Crafts នៅ​តៃវ៉ាន់។​​

Hooligan
  • ​​ឈ្មោះ ៖ Hooligan

  • បង្ហាញមុខ ៖ នៅកម្មវិធី Royal Enfield Rider Mania រដ្ឋ Goa ប្រទេស​ឥណ្ឌា ឆ្នាំ ២០១៨

  • ផលិតលើម៉ូតូ ៖ Interceptor 650

  • អ្នកផលិត ៖ Bulleteer Customs ប្រទេសឥណ្ឌា

  • Concept ៖ ម៉ូតូ Hooligan នេះ​មាន​រចនា​ដោយ​ពណ៌​ចំនួន​ពីរ​គឺ​ពណ៌​ខ្មៅ និង​ពណ៌​ស ដែល​​បញ្ជាក់​អំពី​​ផ្នែក​ពីរ​ខុស​គ្នា​នៃ​ម៉ូតូ ជា​​​ Interceptor 650 ផង និង​ជា​ Hooligan ផង។

Prime
  • ​ឈ្មោះ ៖ Prime

  • បង្ហាញមុខ ៖ នៅកម្មវិធី International Motor Show ក្រុងបាងកក ប្រទេសថៃ ឆ្នាំ ២០១៩

  • ផលិតលើម៉ូតូ ៖ Interceptor 650

  • អ្នកផលិត ៖ Zeus Motocycles ប្រទេស​ថៃ

  • Concept ៖ រាល់​ផ្នែក​នីមួយៗ​នៃ​ម៉ូតូ​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា​ដោយ​ដៃ​សុទ្ធ​សាធ ​ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ Concept បែប​ Monocoque។ គេ​បាន​រចនា​បន្ថែម​ជា​មួយ​ពណ៌​ខ្មៅ និង​ពណ៌​មាស ដែល​ជា​អត្តសញ្ញាណ​មួយ​របស់​ម៉ាក Royal Enfield។​​

Major Roach
  • ​ឈ្មោះ ៖ Major Roach

  • បង្ហាញមុខ ៖ នៅកម្មវិធី Wheels & Waves ទីក្រុង Biarittz ប្រទេស​បារាំង ឆ្នាំ ២០១៩

  • ផលិតលើម៉ូតូ ៖ Himalayan

  • អ្នកផលិត ៖ Royal Enfield

  • Concept ៖ ម៉ូតូ​នេះ​កើត​ចេញ​ពី​គោល​បំណង​របស់ Royal Enfield ក្នុង​ការ​បង្កើត​ម៉ូតូ Himalayan ដែល​បាន​រួច​ផុត​ពី​ការ​ប្រល័យ​លោក ដែល​រចនាបថ​មុខមាត់​របស់​វា​គឺ​ប្រៀប​ដូច​ជា​ឈ្មោះ​ដែល​បាន​ដាក់​យ៉ាង​អ៊ីចឹង។​​

Malle Rally Royale
  • ឈ្មោះ ៖ Malle Rally Royale

  • បង្ហាញមុខ ៖ នៅកម្មវិធី Wheels & Waves ទីក្រុង Biarittz ប្រទេស​បារាំង ឆ្នាំ ២០១៩

  • ផលិតលើម៉ូតូ ៖ Interceptor និង Continental GT

  • អ្នកផលិត ៖ Royal Enfield

  • Concept ៖ ម៉ូតូ​នេះ​កើត​ចេញ​ពី​គោល​បំណង​​​ក្រុម​អ្នក​កែច្នៃ​ម៉ូតូ​របស់ Royal Enfield មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដុង ដែល​ចង់​បាន​ម៉ូតូ​មាន​សមត្ថភាព​ពិសេស​ក្នុង​​​ផ្ដល់​ជំនួយ​ដល់​កម្មវិធី The Great Malle Rally។ ​​

Gallinella
  • ឈ្មោះ ៖ Gallinella

  • បង្ហាញមុខ ៖ នៅកម្មវិធី Wheels & Waves ទីក្រុង Biarittz ប្រទេស​បារាំង ឆ្នាំ ២០១៩

  • ផលិតលើម៉ូតូ ៖ Interceptor 650

  • អ្នកផលិត ៖ BAAK Motorcycles ប្រទេសបារាំង

  • Concept ៖ ម៉ូតូ​នេះ​មាន​រំលេច​នូវ​អត្តសញ្ញាណ​ពិសេស​របស់ BAAK ដោយ​មាន​គូថ​ម៉ូតូ​ខាង​ក្រោយ​ជា​ចំណុច​ដ៏​ទាក់ទាញ​មួយ។

Rock Rod
  • ឈ្មោះ ៖ Rock Rod

  • បង្ហាញមុខ ៖ នៅកម្មវិធី Hot Rod Show ក្រុង​បាងកក ប្រទេស​ថៃ ឆ្នាំ ២០១៩

  • ផលិតលើម៉ូតូ ៖ Interceptor 650

  • អ្នកផលិត ៖ K Speed – ប្រទេស​ថៃ

  • Concept ៖ នេះ​ជា​ម៉ូតូ​ដ៏​ប្លែក​ដាច់​គេ​ដែល​ Royal Enfield បាន​សហការ​បង្កើត​ឡើង​ជា​មួយ​ K Speed នៅ​ប្រទេស​ថៃ ដែល​ជា​លទ្ធផល​ចេញ​មក​ពី​ការ​ផ្ដល់​សិទ្ធ​សេរីភាព​ពេញ​ទី​ដល់​អ្នក​កែច្នៃ​ម៉ូតូ។

Neelkantha
  • ឈ្មោះ ៖ Neelkantha

  • បង្ហាញមុខ ៖ នៅកម្មវិធី Royal Enfield Rider Mania រដ្ឋ Goa ប្រទេស​ឥណ្ឌា ឆ្នាំ ២០១៩

  • ផលិតលើម៉ូតូ ៖ Interceptor 650

  • អ្នកផលិត ៖ TNT Motocycles – ឥណ្ឌា

  • Concept ៖ Neelkantha ជា​ម៉ូតូ​​​កែច្នៃ​ដំបូង​គេ​ក្នុង​លោក​​ផលិត​ចេញ​ពី​ម៉ូតូ Royal Enfield ដែល​មាន​បំពាក់​នូវ​​​សម្ពាយ​ដាក់​ឥវ៉ាន់​នៅ​ផ្នែក​​ទាំង​សង​ខាង​នៃ​ម៉ូតូ។

Two Smoking Barrels
  • ឈ្មោះ ៖ Two Smoking Barrels

  • បង្ហាញមុខ ៖ នៅកម្មវិធី The Reunion ទីក្រុង Monza ប្រទេស​អ៊ីតាលី ឆ្នាំ ២០១៩

  • ផលិតលើម៉ូតូ ៖ Continental GT 650

  • អ្នកផលិត ៖ Sinjora Motocycles – ចក្រភព​អង់គ្លេស

  • Concept ៖ ម៉ូតូ​ពិសេស​នេះ​ត្រូវ​បាន​ដក​ចោល​ផ្នែក​ជា​ច្រើន​ដែល​គេ​គិត​ថា​ជា​​បន្ទុក​ទម្ងន់​មិន​ចាំ​បាច់ ដើម្បី​ជួយ​ឲ្យ​ម៉ូតូ​ស្ទុះ​ទៅ​មុខ​បាន​លឿន និង​បង្កើត​បាន​ជា​រូបរាង​ដ៏​ប្លែក​មួយ​ផង​ដែរ។

Twin FT
  • ឈ្មោះ ៖ Twin FT

  • បង្ហាញមុខ ៖ នៅកម្មវិធី EICMA ទីក្រុង Milan ប្រទេស​អ៊ីតាលី ឆ្នាំ ២០១៩

  • ផលិតលើម៉ូតូ ៖ គ្រោង​ឆ្អឹង​របស់​ Royal Enfield 650

  • អ្នកផលិត ៖ Royal Enfield

  • Concept ៖ នេះ​ជា​ស្នាដៃ​ដំបូង​​របស់​ក្រុម​ការងារ Harris Performance សម្រាប់​ការ​លេង​ម៉ូតូ​​​ដែល​មាន​គ្រោង​ឆ្អឹង​បែប​ Flat Track ​ដែល​ស្នាដៃ​នេះ​ទទួល​បាន​ការ​ឆ្លើយ​តប​យ៉ាង​វិជ្ជមាន​តែ​ម្ដង៕