ប្លែកពីគេ ខេមរៈ សិរីមន្ដ រក្សាជំហរមួយក្នុងអាជីពសិល្បៈ ដើម្បីសុវត្ថិភាពមនុស្សទូទៅ

  • 2020-08-31 08:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លំដាប់​កំពូល​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស មាស លោក ខេមរៈ សិរីមន្ដ នៅ​ប្រកាន់​ជំហរ​មិន​ចេញ​ច្រៀង​តាម​កម្មវិធី​ផ្សេង​ៗ​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត ដោយ​លោក​លើក​ហេតុផល​ថា​រាជរដ្ឋាភិបាល​មិន​ទាន់​ឲ្យ​មាន​ការ​ជួបជុំ​ជា​ទ្រង់ទ្រាយ​ធំ ហើយ​លោក​ក៏​បារម្ភ​ណាស់​ដែរពី​ការ​ឆ្លង​រាតត្បាត នៃជំងឺ​កូវីដ-១៩។

ការបញ្ជាក់ជំហររបស់តារាចម្រៀងរូបនេះ ហាក់ប្លែកពីតារាដទៃដែលស្រវាចាប់យកឱកាសចេញសម្ដែង ឬច្រៀងឲ្យតែមាន បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់​ ព្រោះពួកគេបានបាត់ចំណូលជាច្រើនខែមកហើយ។

តារា​ចម្រៀង​ប្រុស​ដែល​មាន​កេរ្តិ៍ឈ្មោះ​មិន​ចាញ់​កំពូល​តារា​ចម្រៀង​លោក ព្រាប សុវត្ថិ ប៉ុន្មាននោះ ត្រូវ​បាន​គេ​ជឿ​ថា មាន​តម្លៃ​ខ្លួន​មិន​ណយ​ដែរ​សម្រាប់​ការ​ចេញ​ច្រៀង​តាម​ខេត្ត ឬ​ក្រៅ​ស្ទូឌីយោ​ម្ដងៗ។ ប៉ុន្ដែ​លោក​បាន​បញ្ជាក់​ប្រាប់​Sabay ថា ចាប់​តាំង​ពី​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​ផ្អាក​ការ​ជួបជុំ ឬ​ប្រគំតន្ត្រី​ជា​ទ្រង់ទ្រាយ​ធំ​មក រូប​លោក​មិន​ដែល​ចេញ​ច្រៀង​នៅ​ក្រៅ​ស្ទូឌីយោ​សូម្បី​តែ​ម្ដង ហើយ​លោក​នឹង​រក្សា​ជំហរ​នេះ​រហូត​ដល់​ស្ថានភាព​ជំងឺ​កូវីដ-១៩ ល្អ​ប្រសើរ​វិញ។

ទោះ​ជា​យ៉ាង​ណា នៅ​អំឡុង​ពេល​ដែល​កម្ពុជា និង​សកលលោក​ជួប​វិបត្តិ​ជំងឺ​កូវីដ-១៩ នេះ គេ​សង្កេត​ឃើញ​តារា​ចម្រៀង ខេមរៈ សិរីមន្ដ ក៏​នៅ​មិន​ស្ងៀម​ដែរ ពោល​គឺ​លោក​នៅ​តែ​បន្ត​ច្រៀង​នៅ​ក្នុង​ស្ទូឌីយោ​ហង្ស​មាស ហើយ​លោក​ក៏​ឆ្លៀត​ពេល​រក​ស៊ី​ផ្នែក​អចលនទ្រព្យ​យ៉ាង​សកម្មដែរ​ជាមួយ​អ្នក​មាន​មុខមានមាត់នៅ​ក្នុង​សង្គម​។ បទ​ចម្រៀង​ដែល​លោក​ទើប​ចេញ​នោះ គឺ​មាន​ដូច​ជា​៖ បទ"វាល​ត្រែង វាល​ស្មៅ" និង​បទ"ពេល​អូន​មាន​លុយ អូន​ផ្ទុយ​គ្រប់​យ៉ាង"ជាដើម។

តារា​ចម្រៀង​មានធ្មេញ​ច្រពើស​រូប​នេះ បាន​អំពាវនាវ​ដល់​ជនរួមជាតិ​បន្ត​រក្សា​គម្លាត​សង្គម ហើយ​រក្សា​អនាម័យ​រៀងៗ​ខ្លួន​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩។ ចំពោះ​លោក​ខេមរៈ សិរីមន្ដ មិន​គាំទ្រ​ចំពោះ​ការ​ប្រគំតន្ត្រី ឬ​ការ​ជួបជុំ​សប្បាយ​ជា​ទ្រង់ទ្រាយ​ធំ​ឡើយ បើ​មិន​ទាន់​មាន​ការ​ប្រកាស​អនុញ្ញាតឲ្យ​ជួបជុំ​ឡើង​វិញ​ពី​រាជរដ្ឋាភិបាល​ទេ​នោះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម