តាម​ដំណឹង កំពូល​តារា​ចម្រៀង​​ប្រចាំ​ប្រទេស សិរីមន្ត និង សុគន្ធ​កញ្ញា ទំនង​តម្រូវ​ឲ្យ​ចាប់​ដៃ​គ្នា​ហើយ!

  • 2020-09-01 03:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា បាន​រួម​ទ្រនំ​ជាមួយ​គ្នា​ប្រមាណ​ជាង ១​ឆ្នាំ​ហើយ ក៏​ពិត​មែន ប៉ុន្តែ ខេមរៈ សិរីមន្ត និង ឱក សុគន្ធ​កញ្ញា មិន​ទាន់​ជួប​ឱកាស​ចាប់​ដៃ​គ្នា​នៅ​ឡើយ ហើយ​នោះ​ជា​អ្វី​ដែល​អ្នក​គាំទ្រ​កំពូល​តារា​ទាំង​ពីរ​ចង់​ឃើញ។ ប៉ុន្តែ​ឥឡូវ​នេះ មាន​ដំណឹង​លេច​ចេញ​មក​ហើយ។

តារា​ចម្រៀង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​លោក ខេមរៈ សិរីមន្ត នៅ​តែ​បន្ត​កាន់​តំណែង​ជា​កំពូល​តារា ចម្រៀង​ប្រុស​ប្រចាំ​ប្រទេស​ជា​ច្រើន​ឆ្នាំ ដែល​សឹង​រាល់​បទ​ចម្រៀង​របស់​លោក គឺ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ពី សំណាក់​ទស្សនិកជន​គ្រប់​ទិស​ទី។ រី​ឯ​កំពូល​តារា​ចម្រៀង​ស្រី​ប្រចាំ​ប្រទេស​កម្ពុជា ឱក សុគន្ធកញ្ញា ​វិញ​ក៏​ដូច​គ្នា ដែល​អ្នក​នាង គឺ​ជា​តារា​ចម្រៀង​ម្នាក់​ដែល​មាន​សមត្ថភាព​ខ្ពស់ ព្រម​ទាំង​មាន​សំឡេង​ពីរោះ​ខ្លាំង​តែ​ម្ដង។

កន្លង​មក​ធ្លាប់​មាន​ការ​ផ្គូផ្គង ថា​អ្នក​ទាំងពីរ​ពិត​ជា​សាក​សម​ឥត​ខ្ចោះ​ដែល​ឈរ​លំដាប់​មុខ​គេ​ក្នុង​ប្រទេស និង​នៅ​តែ​ទទួល បាន​ការ​គាំទ្រ​មិន​ថមថយ។ ដូច្នេះ​ហើយ ក្រុម​អ្នក​គាំទ្រ ចង់​ឃើញ​តារា​ក្រោម​ដំបូល​តែ​មួយ​នេះ ចាប់​ដៃគូ​គ្នា ហើយ​ចង់​ឃើញ​ហង្សមាស បង្កើត​ឱកាស​នោះ ដែល​គេ​ជឿ​ថា ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​បំផុត។

ប្រភព​កៀក​នឹង​ហង្សមាស​ម្នាក់ បង្ហើប​ថា បំណង​នោះ​របស់​អ្នក​គាំទ្រ ទំនង​អាច​ក្លាយ​ជា​ការ​ពិត ត្បិត​លឺ​ថា ផលិតកម្ម​ធំ​មួយ​នេះ កំពុង​រៀប​ចំ​ហើយ ហើយ​ថា​ប្រសិន​បើ​អ្វី​ដែល​លេច​លឺ​មក​នេះ ជា​ការ​ពិត​មែន​នោះ ពួក​គេ​ទំនង​នឹង​មាន​អ្វី​ថ្មី​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ខាង​មុខ​នេះ។ យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ឃើញ​ខាង​ហង្សមាស ឲ្យ​តម្រុយ​អ្វី​មួយ​នៅ​ឡើយ គិត​ត្រឹម​ពេល​នេះ។

ក្រៅ​ពី​នេះ ក្រុម​ការងារ Sabay ក៏​នៅ​មិន​ទាន់​អាច​ស្វែង​រក​ការ​បញ្ជាក់​ពី​ខាង​ផលិតកម្ម និង​សូម្បី​សាមី​ខ្លួន​កំពូល​តារា​ចម្រៀង​ប្រុស​ស្រី​ទាំង​ពីរ ក៏​ទេ​ដែរ។

មាន​ការ​លើក​ឡើង​ថា ប្រសិនបើ​ពិត​ដូច​ជា​ការ​លេច​ឮ​មែន ពិត​ជា​ទិដ្ឋភាព​ថ្មី​មួយ និង​ពិសេស​បំផុត​សម្រាប់​ក្រុម​អ្នក​គាំទ្រ។ យ៉ាងណា សាច់​រឿង​យ៉ាង​ណា​ទៀត មាន​តែ​រង់ចាំ​មើល​ទាំង​អស់​គ្នា ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ ប្រសិន​បើ​ដល់​វេលា​នោះ​ហើយ មិន​មាន​អ្វី​ដូច​តម្រុយ​ដែល​លេច​ឡើង អ្នក​គាំទ្រ​ទំនង​ខក​ចិត្ត​ហើយ!

អត្ថបទ៖ ទារិកា