ចេះតែមានហើយ! FBI ព្រមានពីការបោកប្រាស់ ធ្វើជាស្រឡាញ់តាមអ៊ីនធឺណិត

  • 2020-09-01 06:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះមិនមែនជារឿងថ្មីនោះទេដែលករណីជនខិលខូចប្រើល្បិចបោកប្រាស់ស្នេហាតាមប្រព័ន្ធអុីនធឺណិត នៅពេលដែលពួកគេមានទំនាក់ទំនងស្នេហាដោយមិនបានជួបគ្នាផ្ទាល់ ហើយពួកគេធ្វើជាស្រឡាញ់ និងបញ្ចុះបញ្ចូលលួងលោមជនរងគ្រោះដើម្បីបោកប្រាស់យកលុយ។

រឿងនេះមិនមែនកើតមានតែនៅបណ្តាប្រទេសផ្សេងៗនោះទេ សូម្បីតែនៅក្នុងប្រទេសកម្ពុជាយើង ក៏មានករណីបែបនេះកើតឡើងជាច្រើនកន្លងមកផងដែរ។ ថ្មីៗនេះ FBI កំពុងព្រមានដល់បុគ្គលទាំងឡាយណាដែលប្រើកម្មវិធីណាត់ជួបតាមអុីនធឺណិត (Online Dating Apps) និងតាមរយៈទម្រង់ផ្សេងៗទៀត ដើម្បីឱ្យមានការប្រុងប្រយ័ត្ននឹងអ្នកបោកប្រាស់។

យោងតាម FBI’s Internet Crime Complaint Center (IC3) បានឱ្យដឹងថា ខ្លួនបានទទួលពាក្យបណ្តឹងទាក់ទងទៅនឹងការបោកប្រាស់ស្នេហា ឬសេចក្តីទុកចិត្ត ជិត ២០,០០០បណ្តឹង កាលពីឆ្នាំ២០១៩ ដោយមានការខាតបង់ប្រាក់ជិតកន្លះពាន់លានដុល្លារ។ ការបោកប្រាស់ទាំងនេះមិនមែនគ្រាន់តែជាការខាតបង់ផ្នែកហិរញ្ញវត្ថុសម្រាប់ជនរងគ្រោះ ដែលកម្រនឹងទទួលបានមកវិញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ក្លាយទៅជាបញ្ហាមួយទាក់ទងទៅនឹងសតិអារម្មណ៍ភ័យខ្លាចរបស់ពួកគេក្នុងការស្វែងរកដៃគូស្នេហាបន្តទៀត។

ដូចនេះ សូមឱ្យបងប្អូនទាំងអស់ពិចារណានូវចំណុច សំខាន់ៗខាងក្រោមនេះដើម្បីចៀសវាងពីការបោកប្រាស់តាមរយៈការទំនាក់ទំនង ស្នេហាតាមប្រព័ន្ធអុីនធឺណិត៖

• ត្រូវដឹងថាតើរូបថត ឬប្រវត្តិរូបរបស់ពួកគេមានឃើញនៅតាមកម្មវិធី ឬប្រព័ន្ធបណ្តាញសង្គមផ្សេងៗទៀតអត់។

• ប្រយ័ត្នចំពោះបុគ្គលដែលព្យាយាមឱ្យអ្នកចាកចេញពីកម្មវិធីណាត់ជួប ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គម ដោយធ្វើជាសុំលេខទូរសព្ទរបស់អ្នកដើម្បីទំនាក់ទំនងវិញ។

• ប្រយ័ត្នចំពោះបុគ្គលដែលសន្យាថានឹងជួបផ្ទាល់ តែបែរជារកលេសថាមិនអាចជួបវិញ។

• សូមកុំផ្តល់ព័ត៌មានសំខាន់ៗដូចជា លេខសម្ងាត់ធនាគារ និងអាសយដ្ឋាន ជាដើម។

• ចៀសវាងការផ្ញើប្រាក់ទៅមនុស្សដែលអ្នកមិនបានជួបដោយផ្ទាល់។

• សូមកុំបង្កើតគណនីធនាគារឱ្យអ្នកដែលបានស្គាល់គ្នាតាមអុីនធឺណិត។ ក្នុងករណីដែលជនបោកប្រាស់មិនអាចឱ្យផ្ញើប្រាក់ឱ្យពួកគេបាននោះ ពួកគេអាចនឹងព្យាយាមបញ្ឆោតអ្នកឱ្យទទួលប្រាក់ដែលបានពីជនរងគ្រោះផ្សេងទៀត៕

ប្រភព​៖ Anti Cyber Crime Department

អត្ថបទពេញនិយម
អត្ថបទថ្មី