តើរាល់ថ្ងៃអ្នករស់នៅជាមួយបច្ចុប្បន្ន រឺរស់នៅជាមួយអតីតកាល?

  • 2020-09-01 07:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សខ្លះបន្តរស់នៅជាមួយអតីតកាល ដោយខ្វល់ខ្វាយ ឈឺចាប់ និងសោកស្តាយចំពោះរឿងរ៉ាវដែលកន្លងផុតទៅហើយនោះ ហើយអ្នកខ្លះទៀតក៏មានអំនួត មោទនភាព ចំពោះអ្វីដែលគេបានទទួលកន្លងមកដែរ។ គេមិនព្រមចាកចេញពីទីនោះឡើយ ដូចនេះ គេក៏មិនអាចទៅបានឆ្ងាយពីរឿងរ៉ាវដែលផុតរលត់បាត់ទៅហើយនោះដែរ។ គេមិនមែនកំពុងរស់នៅជាមួយជីវិតពិតប្រាកដឡើយ។

មនុស្សខ្លះទៀត បែររស់នៅជាមួយអនាគតកាលទៅវិញ។ ពួកគេរង់ចាំនិងសង្ឃឹមតែលើពេលវេលាដែលនឹងមកដល់។ គេមិនខ្វល់ពីអ្វីទាំងអស់ សំខាន់គឺពេលវេលាដែលនឹងមកដល់ ហើយដល់ពេលហ្នឹង គេនឹងធ្វើវា។ គេរស់នៅជាមួយក្តីសង្ឃឹមខ្ពស់បំផុត ប៉ុន្តែជាក្តីសង្ឃឹមដែលមិនមានលក្ខណៈប្រាកដនិយម ពីព្រោះយើងក៏មិនដឹងថា តើមានរឿងអ្វីកើតឡើងនៅពេលខាងមុខ។ ម្យ៉ាងវិញទៀត តើយើងអាចនឹងសម្រេចក្តីសង្ឃឹមតែលើអនាគតម្តេចបានទៅ ប្រសិនបើយើងមិនឱ្យតម្លៃអ្វីដែលយើងកំពុងមានបច្ចុប្បន្នផងនោះ?

មនុស្សខ្លះទៀតរស់នៅជាមួយបច្ចុប្បន្នកាល។ គេជាមនុស្សប្រាកដនិយម យល់យ៉ាងច្បាស់អំពីការណ៍ពិត។ មនុស្សប្រភេទនេះបានរៀនសូត្រអំពីអតីតកាលនិងទទួលស្គាល់អតីតកាល។ អ្វីដែលសំខាន់ គេចេះឱ្យតម្លៃដល់ពេលវេលាបច្ចុប្បន្ន។ គេប្រឹងប្រែងធ្វើកិច្ចការនិងធ្វើសកម្មភាពឥឡូវនេះ ដោយមិនសង្ឃឹមតែលើពេលវេលានាកាលអនាគត ហើយក៏មិនព្រមដេកយំសោកសៅជាមួយអតីតកាលដែរ។

អតីតកាលជាមេរៀន អនាគតកាលជាក្តីសង្ឃឹម ប៉ុន្តែគ្រប់យ៉ាងស្ថិតនៅជាអមតៈជាមួយបច្ចុប្បន្នកាល ដូចនេះ គេត្រូវតែចេះរស់នៅជាមួយបច្ចុប្បន្នកាល។ អ្នកម៉ែ ថេរេសា ក៏បាននិយាយថា “ម្សិលមិញកន្លងផុតទៅហើយ ថ្ងៃស្អែកក៏មិនទាន់មកដល់ដែរ យើងមានតែថ្ងៃនេះប៉ុណ្ណោះ” ។ សូម្បីព្រះពុទ្ធទ្រង់ក៏មានពុទ្ធដីកាថា “កុំយំជាមួយអតីតកាល វាកន្លងផុតទៅហើយ។ កុំបារម្ភនឹងអនាគត វាមិនទាន់មកដល់ទេ។ ចូររស់នៅជាមួយបច្ចុប្បន្ន ហើយធ្វើវាឱ្យល្អបំផុត”។

ប្រភព៖ អ្នកនិពន្ធ លោក ឈុំ សីហា