វង្ស ថាណាន់ មាន​ប្រវត្តិ​កម្សត់​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ព្រាត់​ម្ដាយ-ឪពុក​មក​រស់​នៅ​មណ្ឌល​តាំង​អាយុ៣ឆ្នាំ

  • 2020-09-02 03:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក វង្ស ថាណាន់ បច្ចុប្បន្ន​បាន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​ក្នុង​ផលិតកម្ម Galaxy Navatra ដែល​កំពុង​ពេញ​និយម ប៉ុន្តែ​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​លើ​អាជីព​នេះ លោក​មាន​ប្រវត្តិ​កម្សត់ និង​តស៊ូ​ខ្លាំង​ដោយ​ត្រូវ​បង្ខំ​ចិត្ត​មក​រស់​នៅ​ក្នុង​មណ្ឌល​តាំង​ពី​ខ្លួន​ទើប​មាន​អាយុ ៣ឆ្នាំ ក្រោយ​ឪពុក​ម្ដាយ​បាន​បែក​បាក់​គ្នា។

តាម​ប្រវត្តិ​ត្រួស​ៗ វង្ស ថាណាន់ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម និង​មាន​បង​ចំនួន ៣នាក់ ស្រី​២ ប្រុស​១ លោក​ជា​កូន​ពៅ នៅ​ក្នុង​គ្រួសារ​ដែល​មាន​ម្ដាយ​ឪពុក​ធ្វើ​ជា​ទាហាន​ព្រំដែន​ទាំង​ពីរ​នាក់។មាន​ភ័ព្វ​បាន​កើត​ជា​កូន​ពៅ​ក៏​ពិត​មែន ប៉ុន្តែ ថាណាន់ មិន​បាន​ទទួល​ភាព​កក់ក្ដៅ​ពី​គ្រួសារ​ឡើយ ដោយ​សារ​តែ ម្ដាយ​ឪពុក​របស់​លោក បាន​លែង​លះ​គ្នា​តាំង​ពី​លោក​នៅ​តូច​ៗ ពោល​គឺ​តាំង​ពី​លោក​មាន​អាយុ​ប្រមាណ ៣​ឆ្នាំ​ម្ល៉េះ។

“ខ្ញុំ​ចាំ​មិន​សូវ​ច្បាស់​ទេ តែ​បើ​តាម​បង​ស្រី​ខ្ញុំ​ប្រាប់ គឺ​គាត់​ដូច​ជា​បាន​យក​ខ្ញុំ​មក​ដាក់​នៅ​មណ្ឌល​តាំង​ពី​អាយុ ៣​ឆ្នាំ ក្រោយ​ម៉ែ និង​ពុក​បាន​បែក​គ្នា!”។ ថាណាន់ បាន​រស់​នៅ​ក្នុង​មណ្ឌល​មួយ​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ រហូត​ដល់​ធំ​ពេញ​រូប​ពេញ​រាង ទើប​សម្រេច​ចិត្ត​សុំ​មណ្ឌល​ចាក​ចេញ ហើយ​មក​ផ្សង​ព្រេង​រក​អនាគត​នៅ​លើ​ដី​ក្រុង ទាំង​មិន​ដឹង​កោះត្រើយ។

ថាណាន់ ទៅ​លេង​មណ្ឌល​ដែល​ធ្លាប់​រស់នៅ

មក​ដល់​ដី​ក្រុង​ដំបូង ដោយ​សារ​មិន​មាន​សមត្ថភាព​អ្វី​ពិសេស ឬ​ចំណេះ​ជំនាញ​អ្វី​ពិត​ប្រាកដ ការងារ​ដំបូង​ដែល ថាណាន់ ទទួល​បាន​នោះ គឺ​ធ្វើ​ជា​កម្មករ​សំណង់។ ការងារ​នេះ គឺ​ពិត​ជា​លំបាក ដែល​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង ក្រោម​កំដៅ​ថ្ងៃ ហើយ​បាន​កម្រៃ​តិច​ថែម​ទៀត។ ដូច្នេះ​ហើយ តារា​ចម្រៀង​មាន​ប្រវត្តិ​កម្សត់​រូប​នេះ ក៏​បាន​ប្ដូរ​មក​ធ្វើ​ជា​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​ម្ដង។

ថាណាន់ ត្រូវ​ថ្នាក់​លើ​ចាត់​ឲ្យ​ទៅ​យាម​ប្រចាំ​ការ​នៅ​តាម​រោងចក្រ សណ្ឋាគារ និង​មន្ទីរ​ពេទ្យ​ជា​ដើម។ ត្បិត​ថា មិន​ពិបាក​ខ្លាំង តែ​ក៏​មិន​ស្រួល​ដែរ ដោយ​សារ​តែ​ត្រូវ​យាម​ច្រើន​ម៉ោង មិន​សូវ​មាន​ពេល​សម្រាក ហើយ​កម្រៃ​ក៏​តិច ដូច្នេះ​ហើយ​ក៏​សម្រេច​ឈប់​ទៀត ប្ដូរ​ទៅ​ធ្វើ​ជា​កម្មករ​រោងចក្រ​វិញ។ ធ្វើ​បាន​មួយ​រយៈ ក៏​បាន​ប្ដូរ​ម្ដង​ទៀត ទៅ​ធ្វើ​ជា​អ្នក​រត់តុ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ម្ដុំ​ភ្នំពេញ​ថ្មី។

ការងារ​ចុង​ក្រោយ​មួយ​នេះ បាន​ចាប់​ផ្ដើម​ហុច​ឱកាស​ថ្មី​ឲ្យ​លោក ដោយ​ពេល​កំពុង​ធ្វើ​ជា​អ្នក​រត់​តុ ដោយ​មាន​និស្ស័យ​ចូល​ចិត្ត​ខាង​ចម្រៀង លោក​ក៏​ចេះ​តែ​ស៊ើប​ៗ​រក​ការងារ​ផ្នែក​ចម្រៀង ហើយ​ក្រោយ​មក​ក៏​ដឹង​ថា មាន​គេ​រើស​តារា​ចម្រៀង​ប្រចាំ​ផ្សារ​រាត្រី លោក​ក៏​សម្រេច​ចិត្ត​ទៅ​ដាក់​ពាក្យ។

“ខ្ញុំ​ក៏​បាន​ទៅ​ដាក់​ពាក្យ ហើយ​ពេល​នោះ គឺ​មនុស្ស​ច្រើន​ណាស់​បង​អើយ ចេះ​តែ​ដាក់​ៗ​ទៅ តែ​គ្មាន​សង្ឃឹម​ទេ...តែ​សំណាង​ល្អ ខ្ញុំ​ក៏​បាន​ជាប់​ជា​តារា​ចម្រៀង​ប្រចាំ​ផ្សារ​រាត្រី​ហ្នុង​ទៅ!”។ ថាណាន់ បាន​ធ្វើ​ជា​តារា​ចម្រៀង​ប្រចាំ​ផ្សារ​រាត្រី​ប្រមាណ​១​ឆ្នាំ ហើយ​ក្រោយ​មក​ក៏​បាន​ធ្វើ​ទៅ​ធ្វើ​ជា​តារា​ចម្រៀង​ប្រចាំ​ភោជនីយដ្ឋាន​មួយ ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​គួរ​សម​ដែល​លោក​អះអាង​ថា ជីវភាព​របស់​លោក​បាន​ប្រសើរ​ជាង​មុន​បន្តិច។

ត្បិត​យ៉ាង​នេះ​ក្ដី នេះ​មិន​មែន​ជា​ក្ដី​ស្រមៃ​ចុង​ក្រោយ​របស់​លោក​ថា វង្ស ថាណាន់ ប្រាប់​ថា លោក​តែង​មាន​គោលបំណង​ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​អាជីព។ ដូច្នេះ​ហើយ លោក​ក៏​តែង​តែ​បាន​ដាក់​ពាក្យ​ចូល​ប្រឡង​ក្នុង​កម្មវិធី​ចម្រៀង​ជា​ច្រើន ក្នុង​នោះ​បើ​ទោះ​ជា​លោក​មិន​បាន​ជាប់​ជយលាភី​អ្វី ប៉ុន្តែ​អ្វី​ដែល​រាប់​ថា​ជោគជ័យ​របស់​លោក នោះ គឺ​មាន​ទស្សនិកជន​កាន់​តែ​ច្រើន​បាន​ស្គាល់​លោក។

ក្រោយ​ចាប់​មាន​គេ​ស្គាល់ វង្ស ថាណាន់ តែង​តែ​ផលិត​បទ​ចម្រៀង​ខ្លួន​ឯង និង​ច្រៀង Cover របស់​រៀម​ច្បង​ខ្លះ​បង្ហោះ​លើ​បណ្ដាញ​សង្គម ដើម្បី​ថែ​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​លោក។ ដូច​សុភាសិត​ខ្មែរ​មួយ​ពោល​ថា "ព្យាយាម​គង់បាន​សម្រេច" ទី​បំផុត ថាណាន់ បាន​សម្រេច​ក្ដី​ស្រមៃ​របស់​លោក ក្រោយ​ត្រូវ Galaxy Navatra បាន​ជ្រើសរើស​យក​ធ្វើ​ជា​តារា​ចម្រៀង​អាជីព​ប្រចាំ​ផលិតកម្ម​របស់​ខ្លួន ក្នុង​តាម​ចចាមអារ៉ាម តារា​ប្រុស​រូប​នេះ បាន​ចុះ​កុងត្រា​ដល់​ទៅ ១០​ឆ្នាំ​ឯណោះ៕

ថាណាន់​ជាមួយ​បង​ស្រី

អត្ថបទ៖ ទារិកា