EZECOM បានការទទួលស្គាល់គុណភាពស្តង់ដារ ISO 9001 ដំបូងគេពីរដងផ្ទួនគ្នា

  • 2020-09-03 10:05:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា បានប្រកាសនាថ្ងៃទី៣ ខែកញ្ញាអំពីការទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព QMS កម្រិតស្តង់ដារអន្តរជាតិ ISO 9001:2015 ពីទីភ្នាក់ងារអន្តរជាតិ​ BM Trada ដែលជាទីភ្នាក់ងារឈានមុខគេមួយលើកិច្ចការវាយតម្លៃ និងចេញវិញ្ញាបនប័ត្រផ្លូវការ។ ក្រុមហ៊ុន EZECOM គឺជាក្រុមហ៊ុនអ៊ិនធឺណិតដំបូងគេ ដែលបានការទទួលស្គាល់ជាផ្លូវការសម្រាប់ស្តង់ដារ ISO មួយនេះ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនបានការទទួលស្គាល់គុណភាពកម្រិតស្តង់ដារអន្តរជាតិប្រភេទ ISO 9001។ ជាក់ស្តែង កាលពីខែមិថុនា ឆ្នាំ២០១១ ក្រុមហ៊ុន EZECOM ក៏ជាក្រុមហ៊ុនអ៊ិនធឺណិតដំបូងគេ ដែលបានការទទួលស្គាល់គុណភាពកម្រិតស្តង់ដារ ISO 9001:2008 ដែលចំណុចនេះធ្វើអោយក្រុមហ៊ុន EZECOM ក្លាយជាក្រុមហ៊ុនអ៊ិនធឺណិតតែមួយគត់នៅកម្ពុជា ដែលបានការទទួលស្គាល់គុណភាពកម្រិតស្តង់ដារ ISO 9001 ដំបូងគេពីរដងផ្ទួនគ្នា។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា ៖ “យើងពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលទទួលបានវិញ្ញាបនប័ត្រស្តង់ដារ ISO 9001 លើប្រព័ន្ធគ្រប់គ្រងគុណភាពម្តងទៀត។ ស្ថាប័ន ISO បានវាយតម្លៃនិងទទួលស្គាល់គុណភាពដល់ទៅជាង ១លានក្រុមហ៊ុន នៅ១៧០ប្រទេសជាងទូទាំងពិភពលោក។ ស្ថាប័នអន្តរជាតិមួយនេះមានជំនាញ និងបទពិសោធន៍លើសលុបទាក់ទងនឹងការគ្រប់គ្រងគុណភាពសេវាកម្ម ដូច្នេះ នេះជាប្រភពនៃព័ត៌មាន និងចំណេះដឹងដ៏ល្អបំផុត ដែលយើងអាចរៀនសូត្រនិងយកមកអនុវត្ត ដើម្បីធ្វើឲ្យការងាររបស់យើងកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ជាងមុន។ យើងមិនចាំបាច់ខំស្វែងរកអ្វី ដែលគេបានរកឃើញហើយនោះទេ យើងគ្រាន់តែត្រូវរៀនសូត្រពីគេ នូវអ្វីដែលជាបច្ចេកទេសក្នុងការធ្វើការងារឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពដើម្បីធ្វើឲ្យក្រុមហ៊ុនរបស់យើងមានផលិតភាពកាន់តែខ្ពស់ជាងមុន។”

លោកស្រី Yuni Lee Heathcote

នៅក្នុងការទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់គុណភាពនេះ ក្រុមហ៊ុន EZECOM ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាង​តឹងរ៉ឹង​ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាព ស្របតាមបទដ្ឋានកំណត់ថ្មីចុងក្រោយបំផុតរបស់ ISO 9001:2015។ ប្រព័ន្ធគ្រប់គ្រងគុណភាពនេះ ត្រូវបានអនុវត្តន៍នៅក្នុងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់របស់ក្រុមហ៊ុន រួមទាំងផ្នែកសេវាអតិថិជនផងដែរ។ នេះគឺជាការសបង្ហាញកាន់តែច្បាស់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះគុណភាពសេវាកម្ម និងការបម្រើអតិថិជនអោយស្របតាមកិត្តិស័ព្ទរបស់ខ្លួនជាក្រុមហ៊ុនអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន បានមានប្រសាសន៍បន្ថែមទៀតថា “ប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ ISO បានដើរតួជាមូលដ្ឋានគ្រឹះសម្រាប់ការបំពេញកិច្ចការផ្សេងៗ នៅក្នុងក្រុមហ៊ុន EZECOM ។ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយនេះ យើងនឹងលើកកម្ពស់គុណភាពនៃគ្រប់សកម្មភាពដែលយើងធ្វើ រាប់តាំងពីកិច្ចការគ្រប់គ្រង ធនធានមនុស្ស និងថែរក្សាបុគ្គលិក រហូតទៅដល់ការបង្កើតផលិតផល ការផ្តល់សេវាកម្មប្រកបដោយគុណភាពជូនអតិថិជន ការរៀបចំបណ្តាញ កិច្ចការវិស្វកម្ម និងសូម្បីសកម្មភាពលក់របស់យើង។ វាពិតជាមានសារសំខាន់ណាស់ ដែលយើងត្រូវធានាគុណភាពសេវាកម្ម នៅគ្រប់ដំណាក់កាលនៃការប្រាស្រ័យទាក់ទងជាមួយអតិថិជន។ បើយើងធ្វើកិច្ចការនេះបានល្អ នោះអតិថិជននឹងទទួលបានសេវាកម្ម និងបទពិសោធន៍ប្រកបដោយគុណភាពខ្ពស់ជាក់ជាមិនខាន។”

លោក កាំង តាំង នាយកប្រតិបត្តិបទពិសោធន៍និយោជិក បានបញ្ជាក់បន្ថែមថា “តាមធម្មតា ស្តង់ដារគុណភាព ISO ត្រូវបានវាយតម្លៃ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីធានាថាលក្ខខណ្ឌតម្រូវនានាឆ្លុះបញ្ចាំងពីការអនុវត្តល្អបំផុត ក៏ដូចជាស្របតាមតម្រូវការអតិថិជន និងទីផ្សារដែលបន្តវិវដ្តទៅមុខជានិច្ចជាកាល។ សម្រាប់ស្តង់ដារគុណភាពប្រភេទ ISO 9001 វាត្រូវបានគេធ្វើបច្ចុប្បន្នភាពនៅក្នុងឆ្នាំ១៩៨៧ ឆ្នាំ១៩៩៤ ឆ្នាំ២០០០ ឆ្នាំ២០០៨ និងចុងក្រោយគឺ ឆ្នាំ២០១៥។ ដូច្នេះ យើងពិតជាមោទនភាពខ្លាំងណាស់ ដែលក្រុមហ៊ុន EZECOM បានអនុវត្តតាមបទដ្ឋានអន្តរជាតិ និងមានការទទួលស្គាល់ជាច្រើនឆ្នាំកន្លងមកនេះ។”

អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដែលក្រុមហ៊ុន EZECOM បាននិងកំពុងផ្តល់សេវាអ៊ិនធឺណិតប្រកបដោយគុណភាពខ្ពស់ ដល់អតិថិជននៅកម្ពុជា។ សម្រាប់ទសវត្សរ៍ខាងមុខ ក្រុមហ៊ុន EZECOM មានទស្សនវិស័យអភិវឌ្ឍខ្លួនឈានឡើង អោយក្លាយទៅជាតួអង្គសំខាន់មួយក្នុងការជំរុញកំណើននៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ យោងតាមក្រុមហ៊ុន EZECOM ការទទួលស្គាល់គុណភាពកម្រិតស្តង់ដារ ISO ថ្ងៃនេះ គឺគ្រាន់តែជាជោគជ័យមួយក្នុងចំណោមជោគជ័យជាច្រើនបន្តបន្ទាប់ទៀត ក្នុងដំណើរឆ្ពោះទៅមុខរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។

ក្រុមហ៊ុន EZECOM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដើម្បីបំពេញតម្រូវការសេវាអ៊ិនធឺណិតរបស់ក្រុមហ៊ុនធុរកិច្ច និងអ្នកប្រើប្រាស់ជាលក្ខណៈគ្រួសារនៅកម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនបានក្លាយខ្លួនទៅជាអ្នកផ្គត់ផ្គង់ឈានមុខគេលើសេវាកម្មគមនាគមន៍មួយចំនួនរួមមាន សេវាអ៊ិនធឺណិតតាមបណ្តាញខ្សែកាប្លិ៍អុបទិក បណ្តាញ VPLS/MPLS ដំណោះស្រាយផលិតភាពការងារលើបណ្តាញ Cloud និងសេវាមជ្ឈមណ្ឌលទិន្នន័យលំដាប់ពិភពលោក ជាដើម។ ក្រុមហ៊ុន EZECOM គឺជាដៃគូវិនិយោគលើបណ្តាញខ្សែកាប្លិ៍ក្រោមបាតសមុទ្រដំបូងគេរបស់ប្រទេសកម្ពុជា គឺបណ្តាញខ្សែកាប្លិ៍ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) ប្រវែង ១៣០០គីឡូម៉ែត្រ ដែលអនុញ្ញាតអោយក្រុមហ៊ុនពង្រីកការតភ្ជាប់ទៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក៕