ឡាន SUV វៀតណាមតម្លៃ ២០ម៉ឺនដុល្លារ ចេញលក់ជាផ្លូវការ មានតែ៥០០គ្រឿងប៉ុណ្ណោះ

  • 2020-09-08 02:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Vinfast President ដែល​ជា SUV ផលិត​មាន​កំណត់​របស់​ក្រុមហ៊ុន​រថយន្ត​វៀតណាម បាន​បង្ហាញ​វត្តមាន​តាម​ហាង​លក់​នៅ​ប្រទេស​វៀតណាម​នា​ថ្ងៃ​ទី​៧ ខែ​កញ្ញា​កន្លង​ទៅ ដោយ​វា​ជា​ផលិតផល​សម្រេច​នៃ​រថយន្ត​ Concept Lux V8។

រថយន្ត​នេះ​មាន​​បំពាក់​នូវ​ម៉ាស៊ីន ៦,២លីត្រ ៨ស៊ីឡាំង ដែល​ផលិត​កម្លាំង​ ៤២០​សេះ អាច​ស្ទុះ​ពី ០-១០០​គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៦,៨វិនាទី និង​ប្រើ​ប្រាស់​ប្រអប់​លេខ​អូតូ​៨​វគ្គ ជា​មួយ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ។ ចំពោះ​បច្ចេកវិទ្យា​សុវត្ថិភាព​ គេ​បាន​បំពាក់​នូវ​មុខងារ​មួយ​ចំនួន​ដូច​ជា​​ប្រព័ន្ធ​ជាន់​ហ្វ្រាំង​បន្ទាន់, ប្រព័ន្ធ​​ហ្វ្រាំង​អេឡិចត្រូនិក, ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត, ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចំណោត, ប្រព័ន្ធ​ទប់​ទល់​ការ​ក្រឡាប់ និង​ប្រព័ន្ធ​កាមេរ៉ា ៣៦០​ដឺក្រេ មើល​ឃើញ​ជុំវិញ​ខ្លួន​​​ឯង​ជា​ដើម។

នៅ​ផ្នែក​ខាង​ក្នុង​របស់ Vinfast President គឺ​មាន​ប្រណីតភាព​ខ្ពស់ ដែល​ក្រុមហ៊ុន​ចង់​ឲ្យ​រថយន្ត​នេះ​ស្ថិត​ក្នុង​លំដាប់ SUV ប្រណីតៗ​ដូច​ជា Lexus LX 570, Mercedes GLS ឬ BMW X7 ជា​ដើម។ នៅ​ខាង​ក្នុង​មាន​បំពាក់​អេក្រង់ Touchscreen ទំហំ ១០,៤អ៊ីញ នៅ​ចំ​កណ្ដាល, មាន​បំពាក់​នូវ​កៅអី​ម៉ាស្សា​សម្រាប់​អ្នក​ដំណើរ​ខាង​មុខ និង​ខាង​ក្រោយ ហើយ​​កៅអី​ក៏​មាន​មុខងារ​កម្ដៅ និង​​បញ្ចេញ​ខ្យល់​ត្រជាក់​ផង​ដែរ។ បន្ថែម​ពី​នេះ​វា​មាន​ដំបូល​កញ្ចក់, មាន​ម៉ាស៊ីន​ត្រជាក់​ពីរ​តំបន់​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ និង​មុខងារ​បង្ហាញ​ផ្លូវ​ជា​ដើម។

Vinfast បាន​ដាក់​លក់​រថយន្ត President ក្នុង​តម្លៃ ៤,៦​ពាន់​លាន​ដុង ដែល​ស្មើ​ប្រមាណ​ ១៩៨ ២៦៥​ដុល្លារ ប៉ុន្តែ​សម្រាប់​អតិថិជន​ ១០០​នាក់​ដំបូង លក់​ជូន​ក្នុង​តម្លៃ ៣,៨​ពាន់​លាន​ដុង​ ១៦៣ ៨០៤​ដុល្លារ​ប៉ុណ្ណោះ។ គួរ​ដឹង​ថា​ Vinfast នឹង​ផលិត​រថយន្ត​នេះ​លក់​ត្រឹម ៥០០​គ្រឿង​ប៉ុណ្ណោះ ដែល​មាន​ជម្រើស​ពណ៌​ខាង​ក្រៅ​ចំនួន ១៨​ពណ៌ និង​ពណ៌​ក្នុង​ចំនួន ៥​ពណ៌​ផង​ដែរ៕​​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី