PUBG កាត់ផ្ដាច់ចំណងជាមួយក្រុមហ៊ុនចិន Tencent នៅឥណ្ឌា

  • 2020-09-08 08:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

PUBG Corporation បាន​ប្រកាស​ពី​ការ​​កាត់​ផ្ដាច់​ចំណង​របស់​ខ្លួន​ជា​មួយ​ក្រុមហ៊ុន​ចែក​ចាយ​ហ្គេម​របស់​ចិន​ឈ្មោះ Tencent Games សម្រាប់​ទីផ្សារ​ប្រទេស​ឥណ្ឌា។ ការ​ប្រកាស​ពី PUBG Corporation ដែល​ជា​អ្នក​បង្កើត​ PUBG ធ្វើ​ឡើង​ក្រោយ​ពី​ហ្គេម​ទូរសព្ទ​ដ៏​ល្បី​នេះ ត្រូវ​បាន​បិទ​មិន​ឲ្យ​ប្រើ​នៅ​ឥណ្ឌា រួម​ជា​មួយ​កម្មវិធី​ចិន​ចំនួន ១១៧​ផ្សេង​ទៀត។

ក្នុង​សេចក្ដី​ថ្លែងការណ៍ PUBG Corporation បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ឈប់​​ផ្ដល់​សិទ្ធ​​ចែក​ចាយ​ហ្គេម​ PUBG Mobile នៅឥណ្ឌា ទៅ​ឲ្យ​ Tencent Games ត​ទៀត​ហើយ។ ផ្ទុយ​មក​វិញ PUBG Corporation ​ផ្ទាល់​នឹង​ទទួល​រ៉ាប់រង​ការ​ចែក​ចាយ​ហ្គេម​ PUBG Mobile នៅ​ប្រទេស​ឥណ្ឌា​ដោយ​​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង។

ជា​មួយ​ការ​ផ្លាស់​ប្ដូរ​បែប​នេះ PUBG Mobile ប្រហែល​ជា​បើក​ឲ្យ​លេង​នៅ​ប្រទេស​ឥណ្ឌា​វិញ​ឆាប់ៗ។ ទោះ​បី​ជា​ PUBG Corporation មិន​បាន​ប្រាប់​មូលហេតុ​ពី​ក្រោយ​ការ​ផ្ដាច់​ចំណង​ជា​មួយ Tencent Games ប៉ុន្តែ​គេ​អាច​មើល​ដឹង​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​លាង​​​ឈ្មោះ​ថា​ជា​ហ្គេម​របស់​ចិន​ និង​ដើម្បី​ទប់​ស្កាត់​ការ​បិទ​មិន​ឲ្យ​ប្រើ​នា​​ថ្ងៃ​ខាង​មុខ។

​​ ​គួរ​ដឹង​ថា​ ​PUBG ផលិត​ឡើង​​ដោយ​ក្រុមហ៊ុន​ PUBG Corporation ដែល​ជា​ក្រុមហ៊ុន​សាខា​មួយ​របស់​ក្រុមហ៊ុន​ Bluehole ​នៃ​​ប្រទេស​កូរ៉េ​ខាង​ត្បូង។ បុគ្គល​សំខាន់​ពីរ​រូប​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​បង្កើត​ហ្គេម​ PUBG គឺ​ Chang Han Kim សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ មាន​តួនាទី​ជា​ប្រធាន​ផ្នែក​ផលិត​នៃ​ហ្គេម និង Brendan Greene សញ្ជាតិ​អៀរឡង់​ ជា​មេ​ផ្នែក​ឌីហ្សាញ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង