សហគមន៍បាគងភូមិខ្ញុំ នឹងមានដាក់តាំងសៀវភៅជាង២ម៉ឺនក្បាល អានដោយឥតគិតថ្លៃ

  • 2020-09-09 06:03:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍បាគងភូមិខ្ញុំ ជារមណីយដ្ឋានមួយ សម្រាប់សម្រាកលំហែកាយគយគន់សម្រស់ធម្មជាតិស្រស់បំព្រោង ដែល​ទើបនឹងបង្កើតថ្មីលើទឹកដីចាស់ ដែលមានទីតាំងស្ថិតនៅ ភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចម្ងាយត្រឹមតែ៥៥០ម៉ែត្រប៉ុណ្ណោះ ពីប្រាសាទបាគង​ មកទិសខាងកើត នៅខាងស្ដាំដៃនៃផ្លូវ។

ដោយទីនេះគេបានបង្កើតកន្លែងដ៏ស្រស់ស្អាតដែលរៀបចំឡើងលើផ្ទៃដីជាង១០ហិតា លម្អទៅធម្មជាតិ ដើមឈើជាង១០០ប្រភេទ មានចំការដំនាំ ផ្លែឈើ​ ជាច្រើនមុខដូចជា ៖ ចំការធុរេន ចំការខ្នុរ ចំការដូងក្រអូប ចំការគូលេន ចំការអំពិលផ្អែមនិងចេកពងមាន់ បន្លែបង្កា​និងសួនផ្កាផ្សេងៗទៀតជាច្រើន ជាពិសេសទីនេះមានលក្ខណះពិសេសមួយគឺការជិះទូកលើគង្គាជាមួយក្រុមគ្រួសារ​ មិត្តភក្តិ​ គូស្នេហ៍​ មើលទេសភាព​ជុំវិញ​ មមើលកោះតូចៗ ស្ពាន​ឈើ ព្រៃព្រឹក្សារ និងអាចស្ទួចត្រីបានថែមទៀតផង។ ពេលរាត្រីមានការបំភ្លឺភ្លើងពណ៌ស្រស់ឆើតឆាយ​គួរអោយគយគន់។ ហើយនៅទីនេះគេមានរៀបចំជាកញ្ចុះ នៅជាប់នឹងមាត់ទឹក​ កន្លែង​អង្គុយ​តាមសួនបន្លែផ្កា ដែលលោកអ្នកអាច ជ្រើសរើសតាមចិត្តចង់​ និងកន្លែងសម្រាប់ក្មេងលេង។

បងស្រីមុំ ដែល​ជាម្ចាស់រមណីយដ្ឋាន បាននិយាយពីគោលបំណងនៃការបង្កើតរមណីយដ្ឋាននេះគោលបំណងគឺគាត់ជួយដល់ប្រជាជានក្នុងសហគមន៍អោយមានភាពរីកចម្រើនទាំងអស់គ្នា ដោយផ្ដល់នូវការងារជូនពួកគាត់ដូចជា បងស្រីនិងជួយទិញបន្លែ​ត្រីសាច់ពីបងប្អូន ជ្រើសរើសប្រជាជនក្នុងតំបន់ មកធ្វើការ ក្នុងរមណីយដ្ឋាន។ បងស្រី​មុំគាត់និយាយនេះទើបការចាប់ផ្ដើម ទីកន្លែង​មិនហើយស្រួលបួលនៅឡើយទេ តែអាចបម្រើសេវាបានជាច្រើនទៀតនៅពេលខាងមុខ គាត់នឹងរៀបចំ ដូចជា​ ការជិះរទេះគោ មើលចំការ ការស្ទួចត្រី ដាក់ទ្រូ និងសកម្មភាពរបស់អ្នកភូមិ ពីការធ្វើនំ ធ្វើរបស់របរដោយដៃ អាចលក់នៅក្នុងកន្លែងនេះផងដែរ។ ហើយជាពិសេសគាត់នឹងមានរៀបចំបណ្ណាល័យនៅលើកោះ ដែលនឹងដាក់តាំសៀវភៅចំនួនជាង២០,០០០ក្បាល សម្រាប់​សិស្សានុសិស្សបងប្អូនអាចមកអានដោយឥតគិតថ្លៃ។

ហើយមួយទៀតនឹងប្លែក ដោយនឹងជួយបងប្អូនដែលមានផ្ទះនៅជុំវិញកន្លែងគាត់អោយរៀបចំផ្ទះរបស់ពួកគាត់អោយស្អាតដើម្បីបំរើសេវាកម្មស្នាក់នៅ នៅផ្ទះ​របស់ពួកគាត់ហើយអោយភ្ញៀវមក លេងក្នុងរមណីយដ្ឋានបានផងដែរ។ បងស្រីមុំថានឹងរៀបសហគមន៍នេះអោយក្លាយជាភូមិគំរូ នៅក្នុង​ស្រុកប្រាសាទបាគង​ដែលនឹងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិអោយមកលេង កាន់តែច្រើនថែមទៀត។

សហគមន៍​បាគង​ភូមិខ្ញុំ​ ពិតជាស្រស់ស្អាត និងប្លែកភ្នែកបងប្អូនជាមិន ដោយសារ​តែទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ល្អ​ បរិយាកាស​បរិសុទ្ធ​ កន្លែង​អង្គុយ​លេងមានផាសុកភាព មានអ៊ិនធើណេត WiFi ម្ហូបអាហារ​ឆ្ងុយ ឆ្ងាញ់ អនាម័យ សេវាកម្ម​រហ័ស​ទាន់ ចិត្ត។

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប