មន្ទីរពេទ្យ និងក្រុមហ៊ុនជាច្រើននៅថៃ ត្រូវបានវាយប្រហារដោយ Ransomware

  • 2020-09-11 03:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១១ កញ្ញា កន្លងទៅ មន្ទីរពេទ្យនិងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសថៃ ត្រូវ​បាន​ក្រុម​ជន​អនាមិក​វាយប្រហារ ដោយ​ពួក​គេ​បាន​កាន់​កាប់​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ហើយ​ទាម​ទារ​ប្រាក់​ជា​ថ្នូរ​នឹង​ទិន្នន័យ​ដែល​មាននៅក្នុងនោះ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters។

លោក ឧត្តមសេនីយ៍ទោ Phanthana Nutchanart បានប្រាប់ឱ្យដឹងថា “មន្ទីរពេទ្យ និង​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ជាច្រើនត្រូវបានគេវាយលុកដូចគ្នានឹងមន្ទីរពេទ្យ Saraburi ដែរ” ដែល​ធ្វើ​ឱ្យ​មន្ទីរ​ពេទ្យ​នោះ​មិន​អាចចូលប្រើប្រាស់ទិន្នន័យរបស់ខ្លួនបានទេ កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងមកនេះ ជា​ហេតុ​ធ្វើ​ឱ្យ​មានការយឺតយ៉ាវក្នុងការធ្វើការងារ។

ប៉ុន្តែមន្ទីរពេទ្យនេះពុំទាន់ត្រូវបានទាមទារឱ្យបង់ប្រាក់ដើម្បីអាចចូលប្រើទិន្នន័យទាំងនោះនៅឡើយទេ។ លោក ឧត្តមសេនីយ៍ទោ ក៏បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនខ្លះក៏បានបង់ទឹកប្រាក់ ដែល​ក្រុម​អ្នក​វាយប្រហារបានទាមទារនោះ ប៉ុន្តែចំនួនទឹកប្រាក់មិនលើសពី ១លានបាត គឺស្មើនឹង ៣២ ០០០ដុល្លារ តែប៉ុណ្ណោះ។

ក្រុមពួកអ្នកវាយប្រហារ បានប្រើប្រភេទមេរោគ Ransomware ដើម្បី​កែ​កូដ​នៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​មន្ទីរពេទ្យ និងក្រុមហ៊ុនទាំងនោះ ដោយធ្វើការចាក់សោរលើឯកសារទាំងអស់ និង​រារាំង​មិន​ឱ្យ​បើក​ដំណើរ​ការបាន លុះត្រាតែពួកគេទទួលបានប្រាក់ជាថ្នូរវិញតាមរយៈ Cryptocurrency ដូចជា Bitcoin ជាដើម។

គួររំឭកផងដែរថា កាលពីឆ្នាំ២០១៧ ក៏មានការវាយប្រហារស្រដៀងគ្នានេះដែរ ដោយមេរោគប្រភេទ Ransomware ដែល​មានឈ្មោះថា WannaCry បានធ្វើឱ្យមានការរំខានដល់ ដំណើរ​ការ​នៅ​ក្នុង​មន្ទីរ​ពេទ្យ និងអ្នកធ្វើអាជីវកម្មជាច្រើននៅជុំវិញពិភពលោក៕

ប្រភព៖ Anti Cyber Crime Department