USAID និងយូនីសេហ្វ គាំទ្រ​ដល់ការ​បើកសាលារៀនឡើងវិញ ដោយ​ផ្គត់ផ្គង់សម្ភារៈចាំបាច់សំខាន់ៗ

  • 2020-09-11 05:07:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ​ ឯកឧត្តមអភិបាលរង​រាជធានីភ្នំពេញ​ នាយិកា​យូនីសេហ្វ និងតំណាង USAID បានចូលរួមក្នុងពិធីចែក​សម្ភារៈអនាម័យ​សំខាន់ៗ​មានដូចជា សាប៊ូ ជែលលាងដៃ និង​ឧបករណ៍វាស់សីតុណ្ហភាព ជូនដល់សាលារៀនចំនួន ៤១៧ នៅក្នុងខេត្ត​ចំនួន៥ និងក្នុងរាជធានីភ្នំពេញ។

ពិធីនេះជាព្រឹត្តិការណ៍បង្ហាញពីជំនួយដ៏មានសារសំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការបើកសាលារៀនទ្បើងវិញប្រកបដោយសុវត្ថិភាពតាមរយៈការគាំទ្ររបស់ USAID ដល់យូនីសេហ្វ។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងសប្ដាហ៍នេះ​ស្របពេលដែល​សាលា​រៀននៅកម្ពុជាបាន​ចាប់ផ្ដើមអនុញ្ញាតឱ្យសិស្សានុសិស្សចូលរៀនទ្បើងវិញ។ សម្ភារអនាម័យចាំបាច់សំខាន់ៗទាំងនេះនឹងបានទៅដល់​កុមារជិត៣សែននាក់ ដែលផ្ដល់លទ្ធភាពឱ្យពួកគេ​បន្ត​ការអប់រំ​សាជាថ្មីប្រកបដោយ​សុវត្ថិភាព។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ លោក Benjamin Wohlauer អនុប្រធាន​​បេសកកម្ម​របស់​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងលោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានវត្ត​មានចូលរួម​ក្នុងពិធីនេះ។ ពួកគាត់ក៏បាន​ចូលរួមសង្កេតការលើការទទួល​សម្ភារផ្គត់ផ្គង់ថ្មីៗរបស់សាលារៀន​មធ្យមសិក្សា បន្ថែមលើសម្ភារដែល​បាន​ផ្ដល់ជូន​កន្លងមក។

ដៃគូទាំងអស់​សុទ្ធ​តែយល់ស្រប​ដូចៗគ្នា​ថា ការ​បើក​សាលារៀន​សាជាថ្មីត្រូវតែធ្វើទ្បើងប្រកបសុវត្ថិភាព និងគោរព​ទៅតាម​សេចក្ដីណែនាំ​ស្ដីពីការ​បើកសាលារៀន​សាជាថ្មី​ដោយបង្ការ​ជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ផ្អែក​តាមការអនុវត្តល្អៗជាសកល។ ​វិធានការ​សមស្រប​គ្រប់បែបយ៉ាង​ គួរត្រូវបានអនុវត្ត ដើម្បី​ការពារ​សិស្សានុសិស្ស​ បុគ្គលិកសិក្សា គ្រូបង្រៀន និងគ្រួសាររបស់ពួកគេ។ វិធានការបង្ការសមស្របដូចជាការ​វាស់សីតុណ្ហភាព ការលាង​សម្អាត​ដៃឱ្យបានទៀងទាត់ និង​ពាក់ម៉ាស់ គឺជា​វិធានការ​ដែលចាំបាច់​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាលជំងឺកូវីដ-១៩​ នៅតាមសាលារៀន។

ឯកឧត្តមអភិបាល​រងរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្ដីសោមនស្សរីករាយដោយបានដឹងថាសាលារៀនបានទទួលសម្ភារទាំងនេះ ដើម្បីជួយដល់ការចូលរៀនវិញប្រកបដោយ​សុវត្ថិភាព។ ពេលនេះគឺជា​ពេល​ដ៏សំខាន់​ជាងពេលណាៗទាំងអស់ ដែលសហគមន៍ សាលារៀនត្រូវ​រួមគ្នាធានា​យ៉ាងណាឱ្យសាលារៀននៅតែ “មានសុវត្ថិភាពពីជំងឺកូវីដ-១៩” ដើម្បីឱ្យសិស្សានុសិស្សរបស់យើងអាច​បន្ត​ការ​សិក្សា​របស់ពួកគេ​នៅក្នុង​បរិយាកាសដែលទទួលបានការគាំទ្រ​ និងមានសុវត្ថិភាព”។

លោក Benjamin Wohlauer អនុប្រធានបេសកកម្មនៃស្ថានទូតសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា “ការបើកសាលារៀនទ្បើងវិញនេះគឺជាការវិវត្តមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងស្តារទ្បើងវិញពីជំងឺកូវីដ-១៩។ យើងមានមោទនភាពក្នុងការសហការជាមួយក្រសួងអប់រំ និងយូនីសេហ្វ ដើម្បីគាំទ្រសិស្សានុសិស្សកម្ពុជាឲ្យអាចចូលរៀនវិញបាន។”

លោកស្រី ហ្វ័រូហ្គ ហ្វូយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានមានប្រសាន៍ថា “យើងអាចទទួល​បានជោគជ័យ និងជំនះឧបសគ្គដ៏ធំសម្បើមដែលបង្កឡើងដោយជំងឺ​កូវីដ-១៩ តែនៅពេលដែលយើងធ្វើការងារជិតស្និទ្ធ​ជាមួយនឹងដៃគូរបស់យើង។

ប្រភព៖ USAID & UNICEF