Samsung សុំការអនុញ្ញាតពីអាមេរិក ដើម្បីបន្តលក់របស់មួយឲ្យ Huawei តទៀត

  • 2020-09-14 03:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ការ​រាយការណ៍​ថា​ Samsung Display ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ Samsung Electronics មាន​បំណង​​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ដើម្បី​បន្ត​លក់​បន្ទះ​អេក្រង់ OLED ដល់ Huawei ជា​បន្ត​ទៀត។

គួរ​ដឹង​ថា​ Samsung Display នឹង​ត្រូវ​បង្ខំ​ឲ្យ​បញ្ឈប់​ការ​លក់​អេក្រង់​ដល់ Huawei ក្រោម​​ការ​រឹតបន្តឹង​ថ្មី​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​អាមេរិក ដោយ​សារ​មាន​គ្រឿង​បន្លាស់​មួយ​ចំនួន​អភិវឌ្ឍន៍​ដោយ​ប្រើ​ Software និង​បច្ចេកវិទ្យា​មាន​ប្រភព​ដើម​ចេញ​ពី​សហរដ្ឋអាមេរិក។ សៀគ្វី​ Driver នៃ​អេក្រង់ OLED របស់​ Samsung Display ​គឺ​ផលិត​ឡើង​ដោយ​ប្រើ​បច្ចេកវិទ្យា​អាមេរិក។

ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​ចង់​បន្ត​ធ្វើ​អាជីវកម្ម​ជា​មួយ Huawei ក្រោយ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា នឹង​ត្រូវ​មាន​អាជ្ញារប័ណ្ណ​អនុញ្ញាត​ពី​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ហើយ​ Samsung Display បាន​ដាក់​សំណើ​ទៅ​នា​ថ្ងៃ​ទី​៩ ខែ​កញ្ញា​កន្លង​ទៅ។

គួរ​ដឹង​ថា Huawei គឺ​ជា​អតិថិជន​ធំ​ទី​បី​របស់ Samsung Display បន្ទាប់​ពី​ Apple និង Samsung Electronics។ ដូចនេះ​គឺ​ជា​រឿង​សម​ហេតុផល​ដែល Samsung Display ចង់​រក្សា​ទំនាក់ទំនង​អាជីវកម្ម​ជា​មួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន៕​​​

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី