អបអរ ​Messi ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ទី​២ ​មាន​ប្រាក់​១​ពាន់​លាន​ដុល្លារ​

  • 2020-09-14 23:55:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​បាល់ទាត់​ទី​២ ​បន្ទាប់​ពី Cristiano Ronaldo ​ដែល​អាច​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​នៅ​ចប់​រដូវ​កាល​នេះ​។

​បន្ទាប់​ពី​សម្រេច​ចិត្ត​បន្ដ​លេង​ឱ្យ​ក្រុម FC Barcelona ទៀត​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ Messi ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​អាច​រក​ប្រាក់​ជាង​១០០​លាន​ដុល្លារ​ទៀត​មិន​ខាន។ ​ដោយ​កាល​ពី​ឆ្នាំ​មុន​នេះ ​បើ​ទោះ​ជា​មាន​មេរោគ Covid-19 ​វាយ​លុក​ក្ដី ប៉ុន្ដែ​រូបគេ​ជា​កីឡាករ​ម្នាក់​ដែល​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​បំផុត។ ​បើ​តាម​ស្ថិតិ​របស់ Forbes ​គឹ​បង្ហាញ​ថា Messi ​រក​បាន​ដល់​ទៅ ១២៦​លាន​ដុល្លារ​ឯ​ណោះ​កាល​ពី​រដូវ​កាល​មុន ខណៈ​ដែល Ronaldo ​វិញ​រក​បាន​តែ​១១៧​លាន​ដុល្លារ​ប៉ុណ្ណោះ។

ប្រាក់​ទាំង​អស់​ដែល Messi ​រក​បាន​កាល​ពី​រដូវ​កាល​មុន​នោះ ​ចែក​ចេញ​ជា​២​ផ្នែក គឺ​ប្រាក់​ពលកម្ម​នៅ​ក្រុម FC Barcelona ​មាន​ចំនួន​៩២​លាន​ដុល្លារ ​និង​បាន​ពី​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ទៀត​មាន​ចំនួន​៣៤​លាន​ដុល្លារ។ ​បើ​តាម​ចំនួន​នៃ​ការ​រក​បាន​នេះ Forbes ​បាន​ចាត់​ទុក Messi ​ជា​កីឡាករ​ទី​២​ហើយ បន្ទាប់​ពី Ronaldo ​ដែល​អាច​រក​ប្រាក់​បាន​ដល់​១​ពាន់​លាន​ដុល្លារ ​នៅ​ត្រឹម​ឆ្នាំ​ក្រោយ​នេះ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ