ភ្ជុំបិណ្ឌមួយឆ្នាំម្តង មិនដែលរំលងទៅលេងស្រុក តើគួររៀបចំអ្វីខ្លះឲ្យស្រេចបាច់មុនពេលទៅ?

  • 2020-09-15 10:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ប្រាកដជាមានការជួបជុំបងប្អូន មិនថានៅជិតឬឆ្ងាយ តែងតែម្នីម្នាត្រលប់មកលេងស្រុកកំណើតវិញ ។ អារម្មណ៍របស់អ្នកដែលត្រូវមករៀន ឬធ្វើការនៅភ្នំពេញប្រាកដជានឹកស្រុក នឹកស្រែ នឹកពុកម៉ែជាមិនខាន ដែលកំពុងតែទន្ទឹងរង់ចាំថ្ងៃឈប់សម្រាក់ភ្ជុំបិណ្ឌឲ្យឆាប់មកដល់។

ប៉ុន្តែដើម្បីបង្ការកុំឲ្យសប្បាយក្លាយជាទុក មុនពេលដែលអ្នកធ្វើដំណើរចាកចេញពីផ្ទះនៅភ្នំពេញ និងទុកផ្ទះចោលប៉ុន្មានថ្ងៃនោះ អ្នកត្រូវប្រុងប្រយ័ត្ន និងរៀបចំទុកដាក់ឲ្យស្រួលបួល នូវប៉ុន្មានចំណុចនេះ ដូចជា៖

១.រៀបចំផ្ទះឲ្យមានរបៀបរៀបរយ

  • រៀបចំបន្ទប់គេង៖ រៀបចំកំរាលពូក បត់មុង ភួយឲ្យស្អាតបាត ឲ្យមានអារម្មណ៍ល្អហើយកុំភ្លេច ដកឌុយកង្ហារ ឬបិទកុងតាក់ម៉ាស៊ីនត្រជាក់ និងដកឌុយភ្លើងផ្សេងៗ។

  • រៀបចំផ្ទះបាយ៖ លាងចាន ឆ្នាំង ហើយជូតឲ្យស្ងួតសឹមដាក់ចូលទូចាន។ ដកឌុយទូទឹកកក ហើយយកម្ហូបដែលមានក្លិនចេញ បិទហ្គាស ព្រមទាំងបោះចោលសម្រាមទាំងអស់ ជាពិសេសកាកសំណល់ផ្ទះបាយ។ ជូតសម្អាតផ្ទះបាយ ជាកិច្ចបង្ហើយ។

  • រៀបចំកន្លែងទទួលភ្ញៀវ៖ ជូតសម្អាតតុ កៅអី ឬសាឡុង ហើយបូមដីតាមកន្លៀតតុ ទូ និងបោសជូតផ្ទះទាំងមូល។

  • ផ្តាច់ចរន្តអគ្គិសនី និងទឹក៖ បិទកុងតាក់ភ្លើង (បារ៉ែតភ្លើង) និង កុងតាក់ទឹក ជៀសវាងមានការឆ្លងចរន្តផ្សេងៗ។

  • ចាក់សោផ្ទះ៖ កុំភ្លេចបិទគន្លឹះបង្អួច និងទ្វារ ដើម្បីសុវត្ថិភាព ជៀសវាងមានការបាត់បង់ផ្សេងៗ។ បើអាចគួរផ្តាំអ្នកជិតខាងឲ្យជួយមើលផ្ទះឲ្យផង និងប្រាប់គេឲ្យដឹងអ្នកនឹងត្រូវទៅឆ្ងាយប៉ុន្មានថ្ងៃជាដើម។

២. រៀបចំអីវ៉ាន់

  • កាបូបដាក់អីវ៉ាន់៖ រៀបចំរបស់របរត្រូវប្រើប្រចាំថ្ងៃ និងសំលៀកបំពាក់ឲ្យបានគ្រប់គ្រាន់។

  • សៀវភៅ៖ ជំនួសការអផ្សុកជិះឡានទៅស្រុក អ្នកអាចអានសៀវភៅតាមឡាន ឬក៏អានបន្ទាប់ពីមានការជួបជុំនៅឯស្រុក។ ផ្លាស់ប្តូរបរិយាកាសដោយការមកអាននៅមុខធម្មជាតិម្តង។

៣. កុំភ្លេចរបស់ផ្ញើអ្នកនៅស្រុក

  • ការទិញកាដូសម្រាប់អ្នកមានគុណ៖ នេះជារឿងសំខាន់មិនអាចភ្លេចបានឡើយ ដែលក្រៅពីត្រៀមជាលុកកាក់ ខ្លះជូនលោកអ្នកមានគុណហើយ អ្នកក៏អាចជ្រើសរើសជា សំលៀកបំពាក់ ថ្នាំសង្កូវ និងភេសជ្ជប៉ូវកម្លាំង ដូចជាទឹកត្រចៀកកាំ ទឹកដោះគោប៉ូវកម្លាំងជាដើម ដែលបង្ហាញថាអ្នកកំពុងយកចិត្តទុកដាក់ នឹងសុខភាព និងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ពិសេសគឺឪពុកម្តាយអ្នក។

  • កាដូសម្រាប់បងប្អូន៖ អ្នកអាចជ្រើសរើស ដូចជា នំចំណី ផ្លែឈើ ឬភេសជ្ជផ្សេងៗ៕

(រូបតំណាង)

សុភារម្យ

អត្ថបទថ្មី