៩ឆ្នាំហើយ ទើបឃើញ Apple សម្រេចធ្វើរឿងនេះម្ដងទៀត!

  • 2020-09-16 02:20:48
  • ចំនួនមតិ 3 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

iPad Air ស៊េរី​ថ្មី​ស្ថិត​ក្នុង​ចំណោម​ផលិតផល​ថ្មីៗ​ជា​ច្រើន​ដែល Apple បាន​ប្រកាស​ចេញ​កាល​ពី​យប់​មិញ ដែល​វា​ជា​ផលិតផល​ដំបូង​គេ​មាន​ប្រើ​ប្រាស់​នូវ​ឈីប A14 Bionic មុន​ iPhone ជំនាន់​ថ្មី​ទៅ​ទៀត។

គួរ​ដឹង​ថា​​​នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​រយៈពេល ៩​ឆ្នាំ ដែល Apple សម្រេច​ចិត្ត​ប្រើ​ប្រាស់​ឈីប​ស៊េរី​ថ្មី​លើ​ឧបករណ៍​ដទៃ​មុន iPhone ជំនាន់​ថ្មី។កាល​ពី​ជំនាន់​ iPad 2 ដែល​ចេញ​​នា​​ខែ​មីនា​ឆ្នាំ ២០១១ មាន​ប្រើ​ប្រាស់​ឈីប​ A5 ​មុន iPhone 4s រាប់​ខែ​ឯណោះ។

​ឈីប A14 Bionic ដែល​ប្រើ​ប្រាស់​លើ​ ​​​iPad Air ជា​បន្ទះ​ឈីប​ដំបូង​​គេ​​ក្នុង​ឧស្សាហកម្ម​​ដែល​ប្រើ​បច្ចេកវិទ្យា​ 5nm។ Apple និយាយ​ថា​ CPU មាន​ដំណើរ​ការ​លឿន​ជាង​មុន ៤០%, GPU មាន​ដំណើរ​ការ​ប្រសើរ​ជាង​មុន ៣០% ហើយ​ផ្នែក​ Machine Learning ក៏​ប្រសើរ​ជាង​មុន ដោយ​សារ​មាន​ Neural Engine ថ្មី។

iPad Air ថ្មី​មាន​ការ​ឌីហ្សាញ​ដូច​ជា​ iPad Pro មាន​គែម​ជ្រុង និង​មាន​អេក្រង់​ទំហំ ១០,៩​អ៊ីញ​ដែល​​លាត​ពេញ​ផ្ទៃ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 2360 x 1640, មាន​ P3 Wide Color Gamut, មាន​បច្ចេកវិទ្យា True Tone និង​​សន្ទះ​ការពារ​ចំណាំង​ប្លាត​ផង​ដែរ។ វា​ក៏​មាន​ប្រើ​ប្រាស់​នូវ​រន្ធ USB-C ហើយ​មាន​ប្រព័ន្ធ​បំពង​សំឡេង​ថ្មី​ខុស​ប្លែក​ពី​មុន​ទៀត​ផង។

នៅ​ផ្នែក​ខាង​ក្រោយ​មាន​កាមេរ៉ា​ដូច​ជា​នៅ​លើ iPad Pro ស៊េរី​មុន​ដែរ ដែល​មាន​កាមេរ៉ា​មួយ​គ្រាប់​ទំហំ ១២MP, មាន Aperture f/1.8, គាំទ្រ​ការ​ថត​វីដេអូ 4K/60fps និង​សមត្ថភាព​ទប់​លំនឹង​ពេល​ថត​វីដេអូ​ប្រសើរ​ជាង​មុន។ ចំពោះ​ការ Selfie គឺ​មាន​កាមេរ៉ា​ទំហំ ៧MP ដែល​មាន Aperture f/2.0 និង​អាច​ថត​វីដេអូ​កម្រិត 1080P/60fps។

ចំណុច​ពិសេស​មួយ​ទៀត​នោះ​គឺ​វា​មាន​បង្កប់​នូវ​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​លើ​ប៊ូតុង Power ហើយ​ iPad Air ថ្មី​នេះ​ក៏​មាន​គាំទ្រ​នូវ Wi-Fi 6 មក​ជា​មួយ, អាច​គាំទ្រ​នូវ Apple Pencil ក៏​ដូច​ជា​មាន​ Keyboard Case ដែល​​ធ្វើ​ឲ្យ​វា​អណ្ដែត​ខ្លួន​ដូច​ជា iPad Pro ស៊េរី​ថ្មី​អ៊ីចឹង​ដែរ។

iPad Air ថ្មី​ដំណើរ​ការ​ដោយ iPadOS 14 ដែល​នឹង​មាន​លក់​ចាប់​ខែ​ក្រោយ ជា​មួយ​ជម្រើស​ពណ៌​ប្រាក់, ពណ៌​ប្រផេះ, ពណ៌​ផ្កា​ឈូក, ពណ៌​បៃតង និង​ពណ៌​ខៀវ ដែល​មាន​តម្លៃ​ចាប់​ពី ៥៩៩​ដុល្លារ (ប្រភេទ Wi-Fi) ឬ​ចាប់​ពី ៧២៩​ដុល្លារ (ប្រភេទ Wi-Fi +ស៊ីម) ដែល​មាន​អង្គ​ផ្ទុក ៦៤GB។ វា​ក៏​មាន​ផ្ដល់​ជម្រើស​ទំហំ ២៥៦GB ដែរ ជា​មួយ​តម្លៃ ៧៤៩​ដុល្លារ និង ៨៧៩​ដុល្លារ៕​​​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង