ប៉ះ​គ្នា​លើក​ទី៣​បាន​ត្រឹម​ស្មើ​ពិន្ទុ ​ប៉ុន្តែ​ឈាម​ដាប​ពេញ​មុខ​ ឈិត​ សេរីវណ្ណថង​ ឃឹម​ បូរ៉ា​

  • 2020-09-21 02:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជើង​ខ្លាំង​កំពុង​ឡើង​កូដ​ ឃឹម​ បូរ៉ា​ និង​ ឈិត​ សេរីវណ្ណថង​ ប៉ះ​គ្នា​ជា​លើក​ទី៣​ យប់​មិញ​នេះ​នៅ​ឯកភ្នំ​ បាន​ត្រឹម​ស្មើ​ពិន្ទុ​ប៉ុណ្ណោះ​ប៉ុន្តែ​ការ​ប្រកួត​ស្វិតស្វាញ​រហូត​មាន​ម្នាក់​បែក​ឈាម​ពេញ​មុខ​តែ​ម្ដង។​

រូបភាពរបស់ផេកសង្វៀនឯកភ្នំ

ការ​ប៉ះ​គ្នា​រវាង​អ្នក​ទាំង​ពីរ​នាក់​ខាង​លើ​នេះ​គឺ​ស្វិតស្វាញ​ និង​ទទួល​បាន​ការ​សរសើរ​ច្រើន​តាម​បណ្ដាញ​សង្គម​ថា​ វ៉ៃ​គ្នាសម​ជា​គូ​ឯក​ប្រកួត​មិន​លាក់​ក្បាច់​ក៏​ដូច​ជា​ប្រកួត​អស់​ពី​សមត្ថភាព​តែ​ម្ដង។​ មិន​ថា​ វណ្ណថង​ ឬ​ បូរ៉ា​ នោះ​ទេ​ពោល​ម្នាក់ៗ​ព្យាយាម​ចេញ​អាវុធ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ និង​ចេញ​ស្នៀត​តាំង​ពី​ទឹក​ទី១​ទៅ​មិន​ចាំ​ស្ទាបស្ទង់​អ្វីច្រើន​ឡើយ។​

រូបភាពរបស់ផេកសង្វៀនឯកភ្នំ

៥ទឹក​ទៅ​នេះ​មិន​ថា​ ឃឹម​ បូរ៉ា​ ឬ​ ឈិត​ សេរីវណ្ណថង​ សន្ទុះ​នៃ​ការ​វ៉ៃ​ប្រហាក់ប្រហែល​គ្នា​ មាន​ទៅ​មាន​មក​ និង​ចំ​គោល​ដៅ​ដូច​គ្នា​ ដោយ​គ្រាន់​តែ​ថា​ម្នាក់​ចូល​ដេញ​ ម្នាក់​ថយ។​ ចំណែក​ការ​លេង​កែង​វិញ​ចាប់​ផ្ដើម​ពី​ទឹក​ទី៤​ឡើង​ទៅ​ ខណៈ​ពាក់​កណ្ដាល​ទឹក​៥​ វណ្ណថង​ ត្រូវ​កែង​បត់​របស់​ បូរ៉ា​ ពេញ​ទំហឹង​ធ្វើ​ឲ្យ​ថ្នាល​បែកឈាម​ពេញ​មុខ​តែ​ម្ដង​រហូត​អាជ្ញាកណ្ដាល​ជូត​ឈាម​២ដង​ផង​ដែរ។​

រូបភាពរបស់ផេកសង្វៀនឯកភ្នំ

រំលឹក​ដែរ​ថា​ ការ​ប្រកួត​សងសឹក​រវាង​ ឈិត​ សេរីវណ្ណថង​ និង​ ឃឹម​ បូរ៉ា​ យប់​មិញ​នេះ​នៅ​សង្វៀន​ឯកភ្នំ​ ឯ​ខេត្ត​បាត់ដំបង​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ។​ ការ​ប៉ះ​គ្នា​២ដង​មុន​គឺ​ឈ្នះ​ម្នាក់​១ដង​ ប៉ុន្តែ​លើក​ទី៣​នេះ​ បូរ៉ា​ បាន​ទុក​ស្នាម​បែក​ឲ្យ​ វណ្ណថង​ ផង​ដែរ៕​

វីដេអូប្រកួតចាប់ពីនាទី ២៩ ឡើងទៅ៖

អត្ថបទ៖ នួន ស៊ីណា​