មើល​យុវវ័យ​ស្អាត​ៗ ទាំង​ប្រុស​ទាំង​ស្រី ឡើង​វេទិកា​ប្រកួត​សមត្ថភាព​គ្នា​ព្រឹកមិញ

  • 2020-09-21 07:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​យុវវ័យ​វ័យ​ក្មេង និង​ស្រស់​ស្អាត ទាំង​ប្រុស​ទាំង​ស្រី ប្រមាណ​ជិត​១០០​នាក់​ស្ថិត​ក្នុង​បញ្ជី​សម្រាំង បាន​ឡើង​ប្រកួត​សមត្ថភាព​សិល្បៈ​រួម​គ្នា​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​ថ្មី​មួយ​ដែល​ទើប​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​ព្រឹក​មិញ​នេះ។

យុវវ័យ​ទាំង​នោះ មក​ពី​ទីកន្លែង​ផ្សេង​គ្នា ប៉ុន្តែ​អ្វី​ដែល​ដូច​គ្នា គឺ​ពួក​គេ​ចង់​បាន​ជយលាភី​ផ្អែក​លើ​សមត្ថភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ដូច​គ្នា។ ដូច្នេះ​ហើយ ទើប​ពួក​គេ​បាន​មក​ជួប​ជុំ​គ្នា​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សមត្ថភាព​ថ្មី​មួយ​ហៅ​ថា "123 Action” ។

លោក សុវណ្ណ បញ្ញារិទ្ធ នាយក​ផលិតកម្ម​វិធី​ប្រកួត​ប្រជែង​សមត្ថភាព​របស់​យុវវ័យ​ខាង​លើ ថ្លែង​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​លើក​ទី​១​ដែល​លោក​បាន​បង្កើត​កម្មវិធី​នេះ​ឡើង។ គោល​បំណង​របស់​លោក គឺ​ចង់​ផ្ដល់​ជា​វេទិកា​ថ្មី​មួយ​ទៀត​សម្រាប់​យុវវ័យ​បាន​បញ្ចេញ​សមត្ថភាព​ពិសេស​ៗ​ដែល​ពួក​គេ​មាន ជំរុញ​ភាព​ក្លាហាន​របស់​ពួក​គេ ខណៈ​បច្ចុប្បន្ន​លោក​បាន​មើល​ឃើញ​ថា យុវវ័យ​កម្ពុជា​មាន​សមត្ថភាព​សិល្បៈ​ល្អ​ៗ​ច្រើន មិន​ថា ច្រៀង រាំ ឬ​សមត្ថភាព​សិល្បៈ​ផ្សេង​ៗ​ទៀត។

ដូច្នេះ​ហើយ លោក​ចង់​ជួយ​រុញ​ពួក​គេ​ឲ្យ​មាន​លទ្ធភាព​កាន់​តែ​ច្រើន ឆ្ពោះ​ទៅ​កាន់​ក្ដី​ស្រមៃ​របស់​ពួក​គេ​ថែម​ទៀត ទើប​សម្រេច​បង្កើត​កម្មវិធី​នេះ​ឡើង ហើយ​ជាក់​ស្ដែង​លោក​បាន​មើល​ឃើញ​ថា យុវវ័យ​ជា​ច្រើន​បាន​ចាប់​អារម្មណ៍​ចំពោះ​វេទិកា​ថ្មី​របស់​លោក​នេះ។

តាម​ការ​បញ្ជាក់​របស់​នាយក​គ្រប់​គ្រង​កម្មវិធី​វ័យ​ក្មេង មាន​បេក្ខភាព​ប្រមាណ​ជិត ១០០នាក់ បាន​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​គិត​តែ​ត្រឹម​ថ្ងៃ​នេះ។ ពួក​គេ​ទាំង​នោះ ត្រូវ​បាន​បែក​ចែក​ជា​ក្រុម​ៗ ពោល​គឺ​មាន ១០នាក់​ក្នុង​១​ក្រុម ដើម្បី​ឡើង​មក​បញ្ចេញ​សមត្ថភាព​សិល្បៈ​របស់​ពួកគេ ប្រឡង​ប្រជែង​លើ​វិញ្ញាសា​ចំនួន ១០ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​កាន់​ជយលាភី។ សមត្ថភាព​សិល្បៈ​ដែល​អាច​យក​មក​ប្រកួត​ប្រជែង​បាន មាន​ដូច​ជា ច្រៀង រាំ សម្ដែង ពិធី​ករ ពិធី​ការិនី និង​ដើរ​ម៉ូដ​ជា​ដើម។

តាម​គម្រោង កម្មវិធី "123 Action” គ្រោង​នឹង​ដំណើរ​ការ​រយៈ​ពេល​ប្រមាណ ៣​ខែ រាប់​ចាប់​ពី​ពេល​នេះ​ត​ទៅ។ បេក្ខភាព​នីមួយ នឹង​ត្រូវ​ជ្រើសរើស​ដោយ​ក្រុម​គណៈកម្មការ​ចម្រុះ​សមាសភាព​មាន​ទាំង តារា​ចម្រៀង តារា​សម្ដែង​ ជា​ដើម​មាន​គ្នា​ប្រមាណ​ជាង ១០នាក់។ គណៈកម្មការ​នឹង​ដាក់​ពិន្ទុ​ទៅ​លើ​ការ​ប្រឡង​សមត្ថភាព​សិល្បៈ​របស់​បេក្ខភាព​នីមួយ​នៅ​លើ​វិញ្ញាសា​ទាំង ៩។

វិញ្ញាសា​មួយ​ចុងក្រោយ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ នៅ​ពេល​នោះ ប្រព័ន្ធ​ជ្រើសរើស​ជយលាភី​នឹង​ត្រូវ​ប្រគល់​ជូន​ទៅ​គណៈកម្មការ​សាធារណៈ​ជា​ជំនួស​​វិញ ពោល​គឺ​បេក្ខភាព​នីមួយ​ៗ​នឹង​ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដោយ​សាធារណជន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​កម្មវិធី។

លោក សុវណ្ណ បញ្ញារិទ្ធ បញ្ជាក់​ថា នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ មាន​បេក្ខភាព​តែ​៥​រូប​ប៉ុណ្ណោះ នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា ប៉ុន្តែ​មាន​តែ​៣​រូប​ប៉ុណ្ណោះ​ក្នុង​ចំណោម​នេះ នឹង​ត្រូវ​ជ្រើស​ជា​ជយលាភី​លេខ​១ ២ និង​លេខ៣។ "អ្នក​ទទួល​បាន​ជយលាភី​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ពី​កម្មវិធី និង​ប្រាក់​ឧបត្ថម្ភ​របស់​ម្ចាស់​កម្មវិធី​នានា​ជា​ច្រើន​ទៀត ហើយ​ពួក​យើង នឹង​ដឹកដៃ​គាត់​បន្ត​ការងារ​សិល្បៈ​ដែល​គាត់​ស្រឡាញ់​ថែម​ទៀត"៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម