មិននៅផលិតកម្មរួម ក៏ EXO និង BLACKPINK មានឱកាសក្លាយជាតារារួម Brand តែមួយ

  • 2020-09-22 01:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ណាស់​ EXO និង​ BLACKPINK ជា​ក្រុមចម្រៀង​ដែល​ស្ថិត​នៅ​ក្រោម​ផលិតកម្ម​ខុសគ្នា ហើយ​បើ​និយាយពី​ឱកាស​រួម​ការងារ​ជាមួយ​គ្នា​ក៏​តិច​ដែរ។ ប៉ុន្តែ​មិន​មែន​ជា​បញ្ហា​ទេ ព្រោះ​ទោះ​ជា​យ៉ាងណា ពួកគេ​ទាំង​ ២​ក្រុម​នៅ​តែ​អាច​រួម​ការងារ​តាម​រយៈ​ការងារផ្សេងៗទាល់តែ​បាន គឺគ្មាន​អ្វី​ក្រៅពី​ការ​ធ្វើ​ជា​តារាតំណាង​ ឬ​ទូតសុឆន្ទៈ​ឲ្យ​ផលិតផល​ម៉ាក​ល្បីៗនោះទេ។

ទស្សនា​ដូចខាងក្រោម តើ​សមាជិក​របស់​ក្រុម​ទាំង​ ២​ អ្នកណាខ្លះ​រួម​ជា​តារាតំណាង​ Brand តែមួយ?

១. Sehun និង​ Jisoo

អ្នក​ទាំង ២​បាន​ក្លាយ​ជា​តារា​ថ្មីចុងក្រោយ​ដែល​ត្រូវ​បាន​ជ្រើសជា​តារា​របស់​នាឡិកាម៉ាកល្បី Pasha de Cartier។ សម្រស់​ស្អាត​បែប​ធម្មជាតិ សម​ឥតខ្ចោះ​របស់​អ្នក​ទាំង​ ២​ ត្រូវ​បាន​បង្ហាញ​ឡើង​តាម​រយៈ​រូបភាព​ Teaser ថ្មី​ដែល​ទើប​ចេញ​ផ្សាយ។

២. Suho និង​ Lisa

១គូ​នេះ​វិញ​ ត្រូវ​បាន​ជ្រើស​ជា​តារា​តំណាង​របស់​ BVLGARI ហើយបាន​បង្ហាញ​មុខ​រួមគ្នា​ក្នុង​កម្មវិធី​សម្ពោធ​នាឡិកាម៉ាក​ថ្មី​ BVLGARI Serpenti Seduttori កាល​ពី​ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៩​កន្លងទៅ​ទៀតផង។

៣. Chanyeol និង Rosé

អ្នក​ទាំង​ ២​នេះ​វិញ​ គឺជា​តារា​ម៉ូដែល​ដ៏​ស័ក្តិសម​របស់​ Omega ម៉ាក​នាឡិកា​ដ៏​ល្បី​មួយ​ទៀត​ ដែល​ជា​ដៃគូ​ប្រជែង​របស់​ Cartier។ ស្របពេល​ Rosé បង្ហាញ​ម៉ូដ​នាឡិកា​ ថត​ម៉ូដ​ឲ្យ​ W Korea នោះ​ Chanyeol ឯណេះ​ក៏​មាន​មុខ​ជាមួយ​នាឡិកា​នេះ​ជាប់ដៃ​ បង្ហាញ​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី​ ARENA HOMME ដែរ។

៤. Lay និង Jennie

ចុង​ក្រោយ​នេះ​ គឺ Lay និង​ Jennie ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា​តារា​តំណាង​ដ៏ល្បី​របស់​ Calvin Klein។ ទោះ​បីបង្ហាញមុខ​ថត​ម៉ូដ​ផ្សេងគ្នា ប៉ុន្តែ​អ្នក​ទាំង​ ២​នៅ​តែ​ជា​តារា​របស់​ Brand មួយ​នេះ​ និង​បាន​ថត​ស្ប៉ត​បង្ហាញ​ឈុត​ថ្មីៗឲ្យ​ជានិច្ច។ ជាមួយ​នឹង​ទឹកមុខ និង​រាងកាយ​បែប​សិចស៊ីរបស់​ Lay និង​ Jennie ហេតុនេះ​ វា​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ ថា​ហេតុអ្វី​ពួកគេ​ត្រូវ​បាន​  Calvin Klein ជ្រើសជា​តារាតំណាង៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម