មក​ដឹង​មូល​ហេតុ សេង កុសែន ចូល​រួម​ជាមួយ​នគរបាលជាតិ

  • 2020-09-22 08:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កិច្ចសម្ភាសន៍​ជាមួយ Sabay ប៉ុន្មាន​នាទី​មុន​នេះ សេង កុសែន បាន​ឱ្យ​ដឹង​ថារូប​គេ ​ចង់​លេង​បាល់ទាត់នៅក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា​ពីរ​ទៅ​បី​ឆ្នាំ​ទៀត ទើប​សម្រេច​ចូល​រួម​ក្លឹប​នគរបាលជាតិ​ជាថ្មី ក្រោយ​ក្លឹប​​សិង្ហ​ក្រហម​​ភ្នំពេញក្រោន បញ្ចប់​កិច្ចសន្យា​កាល​ពី​ដើម ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ដោយសារ​គេ​​មិនគោរពតាមបទបញ្ជារផ្ទៃក្នុង​ ប្រាសចាកពីក្រមសីលធម៌ និងគោលការណ៍ការងាររបស់ក្លឹប។

ហេតុ​ផល​មួយ​ទៀត ដែល​អតីត​ខ្សែ​ការពារ​បឹងកេត ជ្រើសយក​ក្លឹប​នគរបាលជាតិ ព្រោះ​គេ​យល់​ឃើញ​ថា ថ្នាក់​ដឹកនាំ​ក្លឹបមាន​ការ​យក​ចិត្ត​ទុកដាក់​ដល់​កីឡាករ និង​ជា​ក្លឹប​មាន​ការ​រៀប​ចំ​ល្អមួយ​ដែរ​។

អតីត​កីឡាករ​ក្លឹប​អាស៊ីអឺរ៉ុប កុសែន បាន​សង្កត់​ធ្ងន់បែប​នេះ​ ៖«ហេតុ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​​ចូល​លេង​លីគវិញ​ ព្រោះ​តែខ្ញុំចង់​លេង MCL​ ២-៣ឆ្នាំ​ទៀត ហើយ​ចំណុច​ពិសេស​នោះ​ (ជ្រើសក្លឹប) គឺ​ថ្នាក់​ដឹក​នាំ​គាត់​យកចិត្ត​ទុកដាក់ ​ដល់​កីឡាករ​មែនទែន​ ហេីយ​ក្លឹប​នគរបាលជាតិ​ជាក្លឹប​ ដែលមាន​ការ​រៀប​ចំ​ល្អដែរ»។

មុន​ត្រឡប់មកប្រឡូកក្នុងលីគកំពូលកម្ពុជាវិញ អតីត​ខ្សែការពារ​បឹងកេត ក៏​ធ្លាប់​ត្រូវ​បាន​ក្លឹប​ពាក់កណ្ដាល​អាជីព ISI ទាក់ទង​ដែរ ប៉ុន្តែ​យ៉ាងណា​កីឡាករ​វ័យ​២៩​ឆ្នាំ បាន​សម្រេច​ចិត្ត​ជ្រើស​ក្លឹប​នគរបាលជាតិ ដើម្បី​បន្ត​ដង្ហើម​អាជីព​របស់​ខ្លួន​។

កីឡាករ​មាន​ដើមលកំណើត​នៅ​ភ្នំពេញ បាន​ពន្យល់ថា ៖«SI ចង់បាន​ខ្មុំណាស់បង! តែ​ខ្ញុំ​សម្រេច​ចិត្ត​មក​លេង​លីគ​ម្ដង​ទៀត...ខ្ញុំ​ជួប​មនុស្ស​ជាច្រើន​ដែលគេ​និយាយថា​ ហេតុ​អី​មិន​ព្រម​ចូល​លេង​អាជីព​វិញ​ ខ្ញុំ​ថា​ខ្ញុំ​នឹង​ចូល​លេង​វិញ ព្រោះ​សមត្ថភាព​ខ្ញុំ​នៅមាន»។

ការ​ចូល​រួម​ជាថ្មី​នេះ​ដែរ កុសែន បាន​តាំង​ចិត្ត​ខិតខំ​ធ្វើ​ឱ្យ​បាន​ល្អ​ ដើម្បី​ជួយ​ក្រុម​ឱ្យ​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ​នៅ​ជុំទី២ ក៏​ដូច​ជា​ឆ្នាំ​ក្រោយៗ​ទៀត ហើយ​គេ​តែង​តែ​លួច​ហ្វឹកហាត់​​ខាងក្រៅ​បន្ថែម បន្ទាប់ពីហាត់​នៅ​ក្លឹប ដើម្បី​ពង្រឹង​សមត្ថភាព​​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ។

គួរ​បញ្ជាក់​ថា សេង កុសែន ធ្លាប់​លេង​ឱ្យ​ក្លឹប​ជាច្រើន​រួម​មាន​ក្លឹប​ជើងទឹក​ គីរីវង់សុខសែនជ័យ​ បៀលប្រាយយូណាធីត ត្រាយអាស៊ី អាស៊ីអឺរ៉ុប សុីម៉ាក់ វេស្ទើន​ សូលទី​ទ្បូ​អង្គរ បឹងកេត ភ្នំពេញ​ក្រោន​ និង​បច្ចុប្បន្ន​នគរបាលជាតិ (ខែកញ្ញា ឆ្នាំ​២០២០)។ គេ​លេង​បាន​២​ប្រកួត​ហើយ ក្នុង​រដូវ​កាល​ឆ្នាំ​២០២០​នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ