BMW M3 និង M4 ឆ្នាំ២០២១ ចេញផ្លូវការ តែនាំរឿងចម្រូងចម្រាសមួយ

  • 2020-09-23 02:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BMW បានប្រកាសចេញរថយន្តត្រកូល M របស់ខ្លួនចំនួន ២ ម៉ូដែល គឺ M3 និង M4 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលមានការឌីហ្សាញរូបរាងថ្មី គួរឲ្យកត់សម្គាល់ និងពាំនាំរឿងចម្រូងចម្រាស ដោយសារតែការឌីហ្សាញប៉ាណាមុខរបស់ពួកវាផងដែរ។

រថយន្ត M3 និង M4 ម៉ូដែលស្តង់ដារ មានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤៧៣សេះ ខណៈម៉ូដែល M3 Competition និង M4 Competition មានកម្លាំង ៥០៣សេះ។

ពួកវាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,១វិនាទី ហើយមានល្បឿនអតិបរមា ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលបំពាក់កញ្ចប់ Option “M Driver’s Package”។ ចំណែកឯម៉ូដែល Competition វិញ ប្រើពេលត្រឹម ៣,៨វិនាទីប៉ុណ្ណោះ ប៉ុន្តែល្បឿនអតិបរមាគឺនៅដដែល។

ជាព័ត៌មានដ៏ល្អមួយសម្រាប់អ្នកងប់ងល់នឹងរថយន្ត គឺ BMW បានប្រកាសថា M3 និង M4 ម៉ូដែលស្តង់ដារ នឹងផ្តល់ជម្រើសប្រអប់លេខដៃ ៦វគ្គ ព្រមទាំងប៉ុងមួយវិលកង់ក្រោយ RWD។ ចំណែកឯម៉ូដែល Competition វិញ មានតែប្រអប់លេខអូតូ និងប៉ុងពីរ M xDrive ជាមួយនឹងប្រព័ន្ធ Active M Rear Differential ប៉ុណ្ណោះ។

ក្រឡេកមកមើលកាប៊ីនខាងក្នុងរបស់វាវិញ គឺមានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត ១០,២៥អ៊ីញ ដែលគាំទ្រមុខងារ Android Auto និង Apple CarPlay ផងដែរ។

ពួកវានឹងចេញលក់នៅសហរដ្ឋអាមេរិក នៅក្នុងខែមិនា ឆ្នាំ២០២១ ខាងមុខ ជាមួយតម្លៃចាប់ពី ៦៩ ៩០០ដុល្លារ សម្រាប់ម៉ូដែល M3 ស្តង់ដារ និង ៧១ ៨០០ដុល្លារ សម្រាប់ម៉ូដែល M4 ស្តង់ដារ។ ចំពោះម៉ូដែល Competition វិញ គឺ ៧២ ៨០០ដុល្លារ និង ៧៤ ៧០០ដុល្លារ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង